ថៃកំពុងតែចាប់អារ៉ាប់ប៊ីសាអូឌីតឲ្យចូលក្នុងឧស្សាហកម្មរថយន្តអគ្គិសនី

ឧស្សាហកម្មរថយន្តអគ្គិសនីថៃ ឈានដល់ការចាប់ដៃជាមួយអារ៉ាប់ប៊ីសាអូឌីត


ក្រៅពីចិន និងជប៉ុន នៅពេលនេះក្រុមប្រឹក្សាវិនិយោគថៃ កំពុងទាក់ទាញវិនិយោគិនមកពីអារ៉ាប់ប៊ីសាអូឌីត ឱ្យមកចូលក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនីរបស់ខ្លួន ដើម្បីដណ្តើមតួនាទីជាមជ្ឈមណ្ឌលផលិតកម្មមួយប្រជែងនឹងឥណ្ឌូនេស៊ី។ តួរលេខនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងស្រុកថៃ នៅ៩ខែដើមឆ្នាំ២០២៣ កើនឡើងដល់ជាង៥ម៉ឺនគ្រឿង កើនឡើងជាង៧%បើធៀបនឹងឆ្នាំមុន។
ឧស្សាហកម្មរថយន្តអគ្គិសនីថៃ ឈានដល់ការចាប់ដៃជាមួយអារ៉ាប់ប៊ីសាអូឌីត
ដោយ

ថ្មីៗនេះអ្នកជំនាញការថៃ បានពិភាក្សាយ៉ាងលម្អិតជាមួយអ្នកជំនាញអារ៉ាប៊ីសាអូឌីត ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគក្នុងវិស័យផ្សេងៗ ដោយនៅក្នុងនោះ ថៃចង់អូសទាញវិនិយោគិនមកពីមជ្ឈិមបូព៌ាមួយនេះឱ្យចូលរួមជាមួយនឹងចិន ក៏ដូចជា ជប៉ុន ដើម្បីប្រែក្លាយថៃ ជាមជ្ឈ​មណ្ឌលផលិតកម្មរថយន្តអគ្គិសនីរបស់តំបន់ ដើម្បីប្រកួតប្រជែងជាមួយនឹងឥណ្ឌូនេស៊ី ដែលបានដាក់ចេញនូវផែនការនេះផងដែរ។​

លោក ណារិត ថេមធៀរ៉ាស៊ូឌី ( Narit Therdsteerasukdi) អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគថៃ ដែលជាសមាជិក និងជាលេខាធិការនៃគោលនយោបាយយានយន្តអគ្គិសនីជាតិថៃ បានប្រាប់សារព័ត៌មានមួយថា កិច្ចសហការនេះរួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឧស្សាហកម្មរថយន្តអគ្គិសនីដែលជាវិស័យមួយ ដែលអារ៉ាប៊ីសាអូឌីត កំពុងតែប្តេជ្ញាចិត្តដែរ។

កាលពីមុន មូលនិធិវិនិយោគសាធារណៈ អារ៉ាប៊ីសាអូឌីត បានប្រកាសពីការវិនិយោគនៅក្នុងក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីសំខាន់ៗចំនួនពីរ ដូចជាក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ ដើម្បីអភិវឌ្ឍ និងផលិតម៉ាកយីហោរថយន្តអគ្គិសនីក្នុងស្រុកមួយដែលមានឈ្មោះថា Ceer ហើយ មូលនិធិវិនិយោគនេះ ក៏បានចាប់ដៃគូជាមួយ BMW ដើម្បីបញ្ចូលការច្នៃប្រឌិត និងបច្ចេកវិទ្យាទាក់ទងនឹងរថយន្តអគ្គិសនីអភិវឌ្ឈន៍បន្ថែមលើគម្រោងការផលិតនេះ ក្នុងគោលដៅផលិត និងចែកចាយរថយន្តអគ្គិសនីដល់អតិថិជននៅឆ្នាំ២០២៥។

លើសពីនេះ មូលនិធិវិនិយោគនេះ បានទទួលភាគហ៊ុនជាង៦០% នៅក្នុងក្រុមហ៊ុន Lucid Motors ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ដើម្បីបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងទីក្រុង King Abdullah Economic City។

តាមសារព័តមានថៃ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារវាងប្រទេសទាំងពីរ ប្រទេសថៃបានអញ្ជើញអារ៉ាប៊ីសាអូឌីត ឱ្យពង្រីកការវិនិយោគរថយន្តអគ្គិសនីរបស់ខ្លួន ដោយស្នើឱ្យប្រទេសថៃធ្វើជាមូលដ្ឋានផលិតកម្ម ដើម្បីនាំចេញរថយន្តអគ្គិសនីទៅកាន់តំបន់អាស៊ាន។ ជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីតបានលើកទឹកចិត្តសហគ្រិនថៃ ឱ្យស្វែងរកឱកាសនៅក្នុងទីផ្សារអារ៉ាប៊ីសាអូឌីត ជាពិសេសនៅក្នុងវិស័យរថយន្ត និងរថយន្តអគ្គិសនី។

លោក ណារិត បានកត់សម្គាល់ឃើញថា វិធានការផ្សព្វផ្សាយរថយន្តអគ្គិសនីរបស់ប្រទេសថៃ បានទទួលការឆ្លើយតបជាវិជ្ជមានពីអ្នកប្រើប្រាស់និងក្រុមហ៊ុនផលិតទូទាំងពិភពលោក។ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ ២០២៣ វិធានការគាំទ្រ EV 3.0 របស់ប្រទេសថៃ បានទាក់ទាញម៉ាកយីហោចំនួន១៣ ពីក្រុមហ៊ុនចំនួន១៥ ដែលគ្របដណ្តប់លើរថយន្តអគ្គិសនី រថយន្តភីកអាប់អគ្គិសនី និងម៉ូតូអគ្គិសនី។ ហើយតាមការរំពឹងទុក នៅឆ្នាំ២០២៤ ក្រុមហ៊ុនយ៉ាងហោចណាស់ចំនួន៦ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតកម្មរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ ដើម្បីជំនួសការនាំចូល។

ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ប្រទេសថៃ បានចុះបញ្ជីរថយន្តអគ្គិសនីថ្មីជាង៥ម៉ឺនគ្រឿង កើនឡើងជាង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការវិនិយោគសរុបនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី នៅក្នុងប្រទេសថៃ ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៧ មានតម្លៃសរុបជាង៦១ពាន់លានបាត ឫប្រមាណជាង១ពាន់៧រយលានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើលោកពូទីន អាចនឹងបន្តកាន់តំណែងប្រធានាធិបតីរហូតដល់ឆ្នាំ២០៣០មែនទេ?

ព័ត៌មាន
លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតី ក្នុងខែមីនា ខាងមុខ ដែលអាចឱ្យលោកកាន់អំណាចកំពូលមួយនេះបានរហូតដល់…

តើបញ្ហាចលាចលនយោបាយ កំពុងគំរាមកំហែងធ្ងន់ធ្ងរអ្វីខ្លះ ដល់សេដ្ឋកិច្ចប្រទេសបង់ក្លាដែស?

ព័ត៌មាន
ភាពចលាចលនយោបាយ ដែលកំពុងតែរាលដាលនៅប្រទេសបង់ក្លាដែស កំពុងតែគំរាមកំហែងដល់សេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសនេះ ខណៈដែលក្រុមប្រឆាំងបានបង្កើនកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ