ទំនាក់ទំបងឥណ្ឌូនេស៊ី-ចិន

មេដឹកនាំឥណ្ឌូនេស៊ីជួប លោក ស៊ី ជីនពីង ពិភាក្សាការបញ្ចៀសភាពប្រេះឆានៅកិច្ចប្រជុំកំពូលG20ចុងឆ្នាំនេះ


ប្រធានាធិបតីឥណ្ឌូនេស៊ី លោកចូកូ វីដូដូ នៅថ្ងៃអង្គារទី២៦កក្កដា បានចាប់ផ្តើមដំណើរទស្សនកិច្ចជាលើកដំបូងក្នុងនាមជាប្រធានប្ដូរវេន G20 នៅឆ្នាំ២០២២នេះ មកកាន់តំបន់អាស៊ីបូព៌ា។ ក្នុងនោះលោកវីដូដូ នឹងទស្សនកិច្ចមុនគេនៅទីក្រុងប៉េកាំងប្រទេសចិន ជាទីដែលលោកនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសធំៗនៃ G20 មុនពេលកិច្ចប្រជុំកំពូលចូលមកដល់នៅក្នុងខែវិច្ឆិកាខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ប្រធានាធិបតីឥណ្ឌូនេស៊ី (ឆ្វេង) ​និងប្រធានាធិបតីចិន (ស្តាំ)
ដោយ

ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​នឹង​ក្លាយជា​មេដឹកនាំ​ប្រទេស​ទី​មួយ ដែល​លោក​ស៊ី ជី​ន​ពីង​ទទួល​ជួប​ក្នុង​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ទីក្រុង​ប៉េ​កាំ​ង ដោយ​មិន​រាប់​បញ្ចូល​កាលពី​ពេល​ស្វាគមន៍​មេដឹកនាំ​នានា អំឡុង​កីឡា​អូ​ឡាំ​ពិ​ក​នោះ​ឡើយ​។ លើស​ពី​នេះ​លោក​ស៊ី ជី​ន​ពីង ក៏​មិន​ដែល​ចេញ​ទៅ​ទស្សនកិច្ច​ក្រៅប្រទេស​ជា​ផ្លូវការ​ម្តងណា​ឡើយ ចាប់តាំងពី​ការ​រាលដាល​កូ​វី​ដ​១៩​កាលពី​ឆ្នាំ​២០២០ លើកលែងតែ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ទីក្រុង​ហុងកុង​កាលពី​ខែ​មុន​នេះ​។

បើ​តាម​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូ​នេ​ស៊ី ទស្សនកិច្ច​លើក​នេះ នឹង​ផ្តោត​សំខាន់​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ជា​ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​។ មន្ត្រីជាន់ខ្ពស់​ក្រុង​ហ្សា​កា​តា​រូប​នេះ​បន្ត​ថា លោក​វី​ដូ​ដូ នឹង​ជជែក​ជាមួយ​សម​ភាគី​ចិន​អំពី​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ ក៏​ដូច​ជា​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​ផង​ដែរ​។

គួរ​ជម្រាប​ថា នៅ​មួយ​ឆ្នាំ​ចុង​ក្រោយ​ពិសេស​អំឡុង​ពេល​ធ្វើ​ជា​ប្រធាន​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​២០ ឥណ្ឌូ​នេ​ស៊ី​ហាក់​បាន​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ និង​ការ​ផ្សព្វផ្សាយ​ស្មារតី​នៃ​សាមគ្គីភាព និង​សន្តិភាព ចំ​ពេល​ដែល​ស្ថានការណ៍​ពិភពលោក​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង និង​ការ​ថយ​ចុះ​តម្លៃ​នៃ​ពហុភាគី​និយម​។

ដោយឡែក លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​បង្ហាញ​ក្តី​សង្ឃឹមថា តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី Joko Widodo ភាគី​ទាំង​ពីរ​នឹង​ធ្វើការ​ស៊ីជម្រៅ​បន្ថែម​ទៀត នូវ​ទំនុក​ចិត្តជា​យុទ្ធសាស្ត្រ​រវាង​គ្នា និង​កិច្ច​សហប្រតិបត្តិការ ហើយ​បង្កើត ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​។

គួរ​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​នឹង​បន្តដំណើរ​ទៅ​កាន់​ទីក្រុង​តូ​ក្យូ ដើម្បី​ជួប​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​ថ្ងៃ​ពុធ រួច​ចុង​ក្រោយ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​សេ​អ៊ូ​ល ជា​កន្លែង​ដែល​លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង Yoon Suk-yeol នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ​។

ទោះបីជា​ការ​វាយប្រហារ​យោធា​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កំពុង​បន្ត និង​បាន​ធ្វើ​ឱ្យ​ប្រេះស្រាំ​ដល់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​២០​ក៏​ដោយ ក៏​លោក​វី​ដូ​ដូ នៅ​តែ​អញ្ជើញ​ប្រធានាធិបតី​រុ​ស្ស៊ី​លោកពូ​ទី​ន មក​កាន់​កិច្ចប្រជុំ​កំពូល​ប្រចាំ​នៅ​ចុងឆ្នាំ​នេះ​ដដែល​។ ទោះ​យ៉ាងណា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ លោក វី​ដូ​ដូ នឹង​ប្រឈម​មុខ​នឹង​កិច្ចការ​ដ៏​លំបាក​ក្នុង​ការ​បង្កើត​បរិយាកាស​វិជ្ជមាន ស្រប​ពេល​ដែល​ប្រទេស​មួយ​ចំនួន​ប្រឆាំង​នឹង​វត្តមាន​របស់​រុ​ស្ស៊ី​នៅ​ក្នុង​ជំនួប​កំពូល​នេះ​។

គួរ​រំឭក​ថា​ដែរ​ថា ក្រៅ​តែ​ពី​ជួប​ជាមួយនឹង​សម​ភាគី​ឥណ្ឌូ​នេ​ស៊ី ប្រមុខ​ដឹកនាំ​ចិន​ក៏​គ្រោង​នឹង​ជួប​ជាមួយនឹង​ប្រធានាធិបតី​អា​មេ​រិ​កតាម​អន​ឡាញ​ម្តងទៀត​ផង​ដែរ​នៅ​ចុង​ស​ប្តា​ហ៍​នេះ និង​បើ​ទោះបី​លោក​ចូ បៃ​ឌិន កំពុង​វិជ្ជមាន​កូ​វី​ដ​១៩​ក៏​ដោយ​៕




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឲ្យតម្លៃប្រេងឆៅពិភពលោកនឹងធ្លាក់ចុះបន្ថែមទៀតនៅសប្ដាហ៍នេះ?

ព័ត៌មាន
តម្លៃប្រេងឆៅពិភពលោក ត្រូវបានគេរំពឹងថា នឹងបន្ដធ្លាក់ចុះបន្ថែមទៀតនៅសប្ដាហ៍នេះ ដែលអាចនឹងមានតម្លៃមកនៅត្រឹមចន្លោះពី ៩៨ ទៅ១០០ដុល្លារក្នុងមួយធុ…

រុស្ស៊ីកាត់បន្ថយការបង្ហូរឧស្ម័នឱ្យអឺរ៉ុបជាថ្មី កំពុងធ្វើឲ្យរលាយអស់ក្តីសង្ឃឹមស្តារស្ថានការណ៍សេដ្ឋកិច្ចឡើងវិញ

ព័ត៌មាន
ពិភពលោកទាំងមូល ពិសេសប្រទេសនៅតំបន់អឺរ៉ុបសុទ្ធតែបានសាទរ និងសង្ឃឹមថាស្ថានការណ៍ស្បៀងអាហារនិងសេដ្ឋកិច្ចអាចប្រសើរឡើងបន្តិច ក្រោយពីអ៊ុយក្រែនអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ