ប្រធានាធិបតីវៀតណាម

វៀតណាម រុះរើក្បាលម៉ាស៊ីនដឹកនាំប្រទេស ១ឆ្នាំប្ដូរប្រធានាធិបតី២ ស្របពេលយុទ្ធនាការប្រឆាំងអំពើពុករលួយឡើងកម្ដៅដូចបាយពុះ


ប្រទេសវៀតណាម ដែលជាប់ភូមិផងរបងជាមួយប្រទេសកម្ពុជា បានធ្វើការរុះរើក្បាលម៉ាស៊ីនដឹកនាំប្រទេស ១ឆ្នាំប្ដូរប្រធានាធិបតី២ ស្របដែលពេលយុទ្ធនាការប្រឆាំងអំពើពុករលួយឡើងកម្ដៅកាន់តែខ្លាំងដូចបាយពុះ ដែលបង្ករឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតនៅពាសពេញតំបន់ និងពិភពលោក ក្រោយប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ ធួង Vo Van Thuong ប្រកាសលាលែងពីតំណែងប្រធានាធិបតីយ៉ាងតក់ក្រហល់។ នេះបើយោងតាមសារព័ត៌មានធំជាច្រើនចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា នេះ។
ប្រធានាធិបតីវៀតណាម
ដោយ

ប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ ធួង (Vo Van Thuong) វ័យ៥៣ឆ្នាំ ដែលជាប្រធានាធិបតីវ័យក្មេងបំផុត ចាប់តាំងពីប្រទេសវៀតណាម បានងើបផុតពីសង្រ្គាមនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៧០ ហើយប្រធានាធិបតីវៀតណាមរូបនេះ បានប្រកាសលាលែងពីតំណែងយ៉ាងតក់ក្រហល់ ក្រោយកាន់តំណែងបានរយៈពេលត្រឹមតែ១ឆ្នាំ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សូមជម្រាបថា កាលពីថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចប្រជុំរបស់បក្សកុម្មុយនីស្តវៀតណាម ដែលកំពុងកាន់អំណាច រដ្ឋាភិបាលវៀតណាម បានចេញសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតី វ៉ូ វ៉ាន់ ធួង (Vo Van Thuong) បានបំពានច្បាប់របស់បក្សកុម្មុយនីស្តវៀតណាម ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់បក្ស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២១ ខែមីនា នេះ។

ប្រធានាធិបតី វ៉ូ វ៉ាន់ ធួង (Vo Van Thuong) ត្រូវបានគេជឿថា លាលែងពីតំណែងដោយសារជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយនៅក្នុងខេត្តដែលជាស្រុកកំណើតរបស់លោក ក្រោយលោកត្រូវបានតែងតាំងកាលពីឆ្នាំមុន ដើម្បីជំនួសតំណែងប្រធានាធិបតីមួយផ្សេងទៀត គឺលោក ង្វៀន ស៊ួន ហ្វុក (Nguyen Xuan Phuc) ដែលត្រូវបានចាប់បង្ខំឱ្យចុះចេញពីតំណែងភ្លាមៗដោយសារជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

សូមជម្រាបឲ្យដឹងផងដែរថា ដោយសារការវិនិយោគផ្ទាល់ពីបរទេស (FDI) កើនឡើងខ្ពស់ជាងទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ការរក្សាស្ថិរភាពរបស់ប្រទេសវៀតណាម ជាពិសេសទាក់ទិននឹងអំពើពុករលួយ ពិតជាមានសារសំខាន់ណាស់ ចំពោះបណ្ដាក្រុមហ៊ុនពហុជាតិសាសន៍ធំៗ ដែលមានប្រតិបត្តិការនៅក្នុងប្រទេសនេះ រួមមានទាំងក្រុមហ៊ុនយក្សកូរ៉េ Samsung Electronics និងក្រុមហ៊ុនយក្សអាម៉េរិក Apple ជាដើម។

ប្រទេសវៀតណាម គឺជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំប្រចាំអាស៊ីអាគ្នេយ៍ ដោយក្នុងនោះផលិតកម្មស្មាតហ្វូនពាក់កណ្ដាលរបស់ក្រុមហ៊ុន Samsung Electronics ត្រូវបានដឹកចេញពីប្រទេសវៀតណាម។ ដោយឡែកក្រុមហ៊ុនយក្ស Apple ក៏មានក្រុមហ៊ុនផ្គត់ផ្គង់សំខាន់ៗជាច្រើននៅក្នុងប្រទេសនេះដែរ។

សូមបញ្ជាក់ថា ការបោសសម្អាតអំពើពុករលួយនៅក្នុងប្រទេសវៀតណាម មិនមែនធ្វើឡើងតែនៅក្នុងជួរបក្ស ឬ ជួររដ្ឋាភិបាលនោះទេ ពោលក៏មានការបង្ក្រាបផងដែរ នៅក្នុងវិស័យធុរកិច្ច។

ជាក់ស្តែងដូចជាករណីសេដ្ឋីនីអចលនទ្រព្យ ទ្រួង ម៉ី ឡាន (Truong My Lan) ជាដើម។ សេដ្ឋីនីវ័យ៦៨ឆ្នាំ ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ វ៉ាន់ ធិញ ផាត់ ហូលឌីង (Van Thinh Phat Holdings Group) ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ រូបនេះត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់ក្រុមហ៊ុនខ្មោចរាប់ពាន់ក្រុមហ៊ុន ដើម្បីបន្លំដកប្រាក់រហូតដល់ទៅជាង ១២,៥ ពាន់លានដុល្លារម៉េរិក ចេញពីធនាគារ Saigon Commercial Bank (SCB) ដោយមានការឃុបឃិតជាមួយសមាជិកគ្រួសារ និងបក្ខពួកជាច្រើននាក់ទៀត។

ទន្ទឹមនឹងនេះ ដើម្បីស្ដារទំនុកចិត្តរបស់អ្នកវិនិយោគទាំងក្នុង និងក្រៅស្រុកឡើងវិញ រដ្ឋអាជ្ញាវៀតណាម បានអំពាវនាវឱ្យកាត់ទោសប្រហារជីវិតសេដ្ឋីនីរូបនេះដែលជាមេក្លោងនៃអំពើឆបោកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពង់ផែទេសចរណ៍ខេត្តកំពត អាចនឹងបើកដំណើរការឆាប់ៗ ខណៈបច្ចុប្បន្នកំពុងដំណើរការជ្រើសរើសក្រុមហ៊ុនដើម្បីគ្រប់គ្រង និងធ្វើប្រតិបត្តិការ

ព័ត៌មាន
កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត តម្លៃជាង៩លានដុល្លារ ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរតាំងពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ និងបានពន្យាពេលដាក…

តើប្រទេសអាស៊ានណាខ្លះ ដែលស្ថិតក្នុងចំណោមកំពូលប្រទេស ជួញដូរ Bitcoin ទាំង១០នៅលើពិភបលោក?

ព័ត៌មាន
តើប្រទេសអាស៊ានណាខ្លះ ដែលស្ថិតក្នុងចំណោមកំពូលប្រទេសជួញដូរ Bitcoin ទាំង១០នៅលើពិភបលោក? ប្រទេសនៅក្នុងតំបន់អាស៊ានចំនួនពីរ បានស្ថិតក្នុងចំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ