វិស័យកសិកម្ម

ក្រុមហ៊ុននាំចេញអង្ករវៀតណាម កំពុងព្រួយបារម្ភចំពោះការចំណាយថ្លៃដើមផលិតកើនឡើង ខណៈតម្លៃអង្ករជាសកលកំពុងធ្លាក់ចុះ


ក្រុមហ៊ុននាំចេញអង្កររបស់វៀតណាម មួយចំនួន អាចប្រឈមនឹងការខាតបង់នៅឆ្នាំនេះដោយសារតម្លៃផលិតកម្មកើនឡើងខ្ពស់ រីឯតម្លៃអង្ករជាសកលកំពុងធ្លាក់ចុះ។ ប្រការនេះបានធ្វើឱ្យក្រុមហ៊ុនទាំងនេះមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះដំណើការអាជីវកម្មស្រូវអង្កររបស់ពួកគេ ស្របពេលក្រសួងកសិកម្មវៀតណាមរំពឹងថា ការនាំចេញអង្ករនៅឆ្នាំនេះនឹងធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។
វិស័យកសិកម្ម
ដោយ

សមាគមស្បៀងអាហារវៀតណាម បានអះអាងថា បច្ចុប្បន្នស្រូវនៅវៀតណាម មានតម្លៃប្រមាណ១,៥០០រៀល ក្នុង១គីឡូក្រាម កើនឡើងជិត៦% ក្រោយបញ្ហាអាកាសធាតុធ្វើឱ្យទិន្នផលស្រូវនៅប្រទេសក្បែរខាងកម្ពុជា មួយនេះ មានការធ្លាក់ចុះ ដែលបង្ខំឱ្យអ្នកផលិតដំឡើងថ្លៃស្រូវ។

លោកស្រី ហ៊ុយ ធី ប៊ិច ហឺន (Huynh Thi Bich Huyen) នាយកប្រតិបត្តិក្រុមហ៊ុននាំចេញអង្ករមួយបាននិយាយថា ក្រុមហ៊ុនរបស់លោកស្រីឥឡូវនេះអាចទិញស្រូវបានត្រឹមតែ១តោនប៉ុណ្ណោះក្នុងមួយថ្ងៃ គឺធ្លាក់ចុះ៣០% បើធៀបនឹងដើមឆ្នាំនេះ ដោយសារតែការផ្គត់ផ្គង់ធ្លាក់ចុះ។ ជាមួយគ្នានេះ អ្នកទិញបរទេសកំពុងចរចាសុំឱ្យបញ្ចុះតម្លៃអង្ករ ដូច្នេះក្រុមហ៊ុនរបស់អ្នកស្រីមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញណាមួយនោះទេ ដោយសារតែខ្លាចប្រឈមនឹងការខាតបង់ច្រើន។

ចំណែកលោក ឌិញ ង៉ុក តាំ (Dinh Ngoc Tam) អគ្គនាយករងក្រុមហ៊ុននាំចេញអង្ករមួយដែរនោះបាននិយាយថា ក្រុមហ៊ុនជាច្រើនរួមទាំងក្រុមហ៊ុនរបស់លោកដែរ កំពុងចំណាយប្រាក់រហូតដល់ប្រមាណជាង២ពាន់រៀល (០.៥២ដុល្លារ) ដើម្បីទិញអង្ករមួយគីឡូក្រាម ខណៈដែលអតិថិជនបរទេសបានឱ្យតម្លៃខ្ពស់ជាងនេះតែបន្តិចប៉ុណ្ណោះ ហើយថា ការឡើងថ្លៃដឹកជញ្ជូនដោយសារជម្លោះអន្តរជាតិ និងការប្រែប្រួលតម្លៃរូបិយប័ណ្ណបានជំរុញឱ្យការចំណាយកើនឡើងពី១០% ទៅ១៥% ចាប់តាំងពីដើមឆ្នាំនេះមក​។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម រំពឹងថា ការនាំចេញអង្កររបស់វៀតណាមនឹងធ្លាក់ចុះ៩% នៅឆ្នាំនេះ មកនៅត្រឹម៧,៤លានតោន ខណៈមកដល់ពេលនេះ ប្រទេសនេះបាននាំចេញអង្ករសម្រេចបានជាង៣ពាន់លានដុល្លារ គឺកើនឡើងជិត៦%បើធៀបនឹងឆ្នាំមុន៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានហេតុផលអ្វីខ្លះជំរុញឱ្យអង្គការ OPEC បន្ទាបការព្យាករពីតម្រូវការប្រេងសកលលោកនៅឆ្នាំ២០២៤?

ព័ត៌មាន
អង្គការបណ្ដាប្រទេសនាំចេញប្រេង ហៅកាត់ថា អូប៉ិក (OPEC) នៅដើមសប្តាហ៍នេះ បានបន្ទាបការព្យាករពីកំណើនតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈ នៅលើពិភពលោក…

ការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាម៉េរិក អាចជំរុញឱ្យធនាគារកណ្ដាលថៃ បញ្ចុះអត្រាការប្រាក់នៅឆ្នាំក្រោយ

ព័ត៌មាន
សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំផុតរបស់ពិភពលោកត្រូវបានព្យាករថា នឹងធ្លាក់ចុះចាប់ពីចុងឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៥ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ