របាំងពាណិជ្ជកម្ម

ហេតុអ្វីក៏ឥណ្ឌូនេស៊ី និងជប៉ុន ព្រមព្រៀងគ្នាដកចេញរបាំងពាណិជ្ជកម្មមួយចំនួនបន្ថែមទៀត?


រដ្ឋមន្ត្រីការបរទេសរបស់ឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូថា ប្រទេសឥណ្ឌូនេស៊ី និងជប៉ុន បានព្រមព្រៀងគ្នាអំពីការដកចេញរបាំងពាណិជ្ជកម្មមួយចំនួនបន្ថែមទៀត បន្ទាប់ពីប្រទេសទាំងពីរបានបញ្ចប់ការចរចាគ្នាលើពិធីសារមួយចំនួន ដើម្បីកែលម្អកិច្ចព្រមព្រៀងសេដ្ឋកិច្ចទ្វេភាគីរបស់ពួកគេឱ្យកាន់តែប្រសើរថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
របាំងពាណិជ្ជកម្ម
ដោយ

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសជប៉ុននឹងអនុញ្ញាតឱ្យផលិតផលរបស់ឥណ្ឌូនេស៊ីកាន់តែច្រើនចូលទៅកាន់ទីផ្សារជប៉ុនរួមទាំងការលើកលែងពន្ធគយចំពោះមុខទំនិញជលផលកែច្នៃ ហើយប្រទេសទាំងពីរ ក៏នឹងធ្វើឱ្យទំនាក់ទំនងក្នុងវិស័យធនាគារកាន់តែប្រសើរឡើងផងដែរ។

លោកស្រី រ៉េនតូ បានបន្ថែមថា ភាគីទាំងពីរកំពុងស្វែងរកការកែប្រែកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឥណ្ឌូនេស៊ី-ជប៉ុន ហៅកាត់ថា IJEPA ដើម្បីអនុវត្តនៅត្រីមាសទី១ ឆ្នាំ២០២៤ ទោះជាវានៅតែត្រូវចុះហត្ថលេខាជាផ្លូវការ និងផ្តល់សច្ចាប័នពីសភារបស់ប្រទេសនីមួយៗ បន្ទាប់ពីការត្រួតពិនិត្យផ្លូវច្បាប់រួចហើយយ៉ាងណាក៏ដោយ។

ការចេញសេចក្តីថ្លែងការណ៍របស់លោកស្រី រ៉េតណូ នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានជួបពិភាក្សាទ្វេភាគីជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅខាងក្រៅកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូនៃការរំលឹកខួប៥០ឆ្នាំនៃទំនាក់ទំនងរវាងជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

កាលពីមុនក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ទីក្រុងហ្សាកាតា បានស្នើឱ្យទីក្រុងតូក្យូលុបចោលពន្ធគយលើការនាំចេញត្រីធូណាកំប៉ុងរបស់ខ្លួននៅក្នុងការចរចាមួយចំនួនក្នុងបំណងពង្រឹងកិច្ចព្រមព្រៀង IJEPA ដែលបានចុះហត្ថលេខាជាលើកដំបូងក្នុងឆ្នាំ២០០៧។

លោកស្រី រ៉េតណូ បាននិយាយថា នៅក្នុងជំនួបជាមួយនឹងលោក គីស៊ីដា កាលពីពេលថ្មីៗ លោក វីដូដូ ដែលជាប្រធានាធិបតីដ៏មានប្រជាប្រិយភាពនៅឥណ្ឌូនេស៊ី ក៏បានលើកឡើងពីភាពសំខាន់ នៃកិច្ចព្រមព្រៀងទីក្រុងហ្សាកាតា និងទីក្រុងតូក្យូ ស្តីពីសារធាតុរ៉ែសំខាន់ៗផងដែរ ខណៈដែលឥណ្ឌូនេស៊ីព្យាយាមដើរតួអង្គដ៏សំខាន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ថ្មអាគុយរថយន្តអគ្គិសនី (EV) សកល។

លោកស្រីបាននិយាយថា ប្រទេសជប៉ុនក៏បានផ្តល់ឱ្យឆ្មាំសមុទ្រឥណ្ឌូនេស៊ីនូវនាវាល្បាតមួយគ្រឿងដែលមានតម្លៃ៩ពាន់លានយ៉េន ប្រហែល៦៣លានដុល្លារ ដើម្បីជួយឥណ្ឌូនេស៊ីបង្កើនសមត្ថភាពដែនសមុទ្ររបស់ខ្លួនផងដែរ។ នៅថ្ងៃសៅរ៍នោះដែរ ប្រទេសជប៉ុន និងម៉ាឡេស៊ី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយសន្តិសុខរួមទាំងការផ្ដល់ជំនួយឥតសំណងចំនួន៤០០លានយេន ប្រហែលជិត២លានដុល្លារ ដើម្បីជំរុញបង្កើនសន្តិសុខដែនសមុទ្ររបស់ម៉ាឡេស៊ីផងដែរ នៅចំពេលប្រទេសអាស៊ានមួយចំនួនកំពុងព្យាយាមរកមធ្យោបាយទប់ទល់នឹងភាពគឃ្លើនរបស់ចិនកាន់តែខ្លាំងឡើង៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់លោក បៃដិន ជឿជាក់យ៉ាងមុតមាំថា សហរដ្ឋអាម៉េរិកនឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច

ព័ត៌មាន
ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតី ចូ បៃដិន បានបង្ហាញការជឿជាក់កាន់តែខ្លាំងឡើងថា សហរដ្ឋអាម៉េរិកនឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច ហើយនេ…

សន្ទុះគាំទ្រនាយករដ្ឋមន្ត្រីជប៉ុន ធ្លាក់ចុះមកនៅត្រឹម២៦% ក្រោយផ្ទុះរឿងអាស្រូវជុំវិញការរៃអង្គាសមូលនិធិ

ព័ត៌មាន
ការស្ទង់មតិចុងក្រោយរបស់ទូរទស្សន៍ Nikkei-TV Tokyo បានបង្ហាញថា ការវាយតម្លៃជាផ្លូវការសម្រាប់ការគាំទ្រគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ