គំនិតកសិកម្ម

បណ្ឌិត យ៉ង សាំងកុមារ៖ កសិដ្ឋានជាសាលា សត្វបន្លែបង្ការជាគ្រូ ទោះគ្មានជំនាញ ឲ្យតែមានចំណង់


«កសិដ្ឋាន ជាសាលា សត្វបន្លែបង្ការជាគ្រូ ទោះគ្មានជំនាញ ឲ្យតែមានចំណង់» ជាប្រសាសន៍ដ៏មានអត្ថន័យរបស់បណ្ឌិតផ្នែកកសិកម្ម គឺលោក យ៉ង សាំងកុមារ។ ការលើកឡើងរបស់លោកនេះ ដើម្បីជាការផ្តល់កម្លាំងចិត្តបន្ថែម សម្រាប់អ្នកដែលមានបំណងចង់ក្លាយខ្លួនជាសហគ្រិនមួយរូប ក្នុងវិស័យកសិកម្ម ប៉ុន្តែចេះតែគិតថា ខ្លួនមិនមានជំនាញកសិកម្ម តើគួររកស៊ីលើវិស័យនេះ ឬអត់?
លោក​បណ្ឌិត យ៉ង សាំងកុមារ ស្ថាបនិក​អង្គការ​កសិកម្ម​សរីរាង្គ សេដាក

តាមរយៈការ​បញ្ជាក់​ពីអ្នកជំនាញ​រូបនេះ មិនថា​វិស័យកសិកម្ម ឬវិស័យ​ដទៃទៀត​នោះទេ ត្រូវតែ​មានចំណេះ ជំនាញយ៉ាង​ហោចណាស់​ក៏៣​ចំណុច​ដែរ។ យ៉ាងណាមិញ ចំពោះ​ការក្លាយ​ជាសហគ្រិន​លើវិស័យ​កសិកម្មវិញ បណ្ឌិត យ៉ង សាំងកុមារ ផ្តល់យោបល់ថា គួរតែមាន​៣ចំនុច​ដែរ រួមមាន ចំណេះដឹង​ផ្នែក​កសិកម្មខ្លះៗ ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ និងចំណេះដឹង​ផ្នែកទីផ្សារ​និងគ្រប់គ្រងធនធានមនុស្ស។

បណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា « សម្រាប់យុវជន ដែលគាត់​ចាប់ផ្តើមធ្វើ​ការងារ​ហ្នឹងគាត់​ត្រូវការពេលវេលា ដើម្បី​ហ្វឹកហាត់ ដែលជាចំណុចចាប់​ផ្តើម​ដ៏សំខាន់ ចឹងហើយ​បានខ្ញុំរៀប​ចំឲ្យមាន​កម្មវិធី​ពន្លក​បៃតងហ្នឹង សម្រាប់យុវជន​ដែលចង់ចាប់ផ្តើម​មុខរបរ​កសិកម្ម​បាន​ជោគជ័យហ្នឹង ឲ្យគាត់​មករៀន មកហាត់ ទីមួយ​ដើម្បីហាត់​ពត់លត់ដំខ្លួន ព្រោះការងារ​កសិកម្ម​ត្រូវការ​កម្លាំងកាយខ្លះ​ ហើយធ្វើការ​ក្រោមកំដៅថ្ងៃ ក្រោមភ្លៀង។ ទីពីរឲ្យ​គាត់ចេះ​ផលិតផ្សាភ្ជាប់​នឹងទីផ្សារ និងឲ្យចេះវិភាគ​ចំណូល​ចំណាយ ក៏ដូចជា​ថ្លៃដើម​ផលិត​អីជាដើម»។

មួយវិញទៀត កតា្ដដែលសហគ្រិន​កសិកម្ម​ត្រូវមាន​ដែរនោះ គឺការដឹកនាំ ព្រោះថា ការដែល​ចេះដឹកនាំនេះ ជាកត្តា​ជំរុញ​ឲ្យការងារ​មួយ​ទទួល​បានជោគជ័យ ពិតប្រាកដ។

ប៉ុន្តែអ្វីដែល​ជាចំណុច​សំខាន់​ជាង​គេ​បង្អស់​ក្នុង ដែលសហគ្រិន​កសិកម្ម​ត្រូវមាន​ជាចាំបាច់​បំផុត​នោះគឺ ចំណង់​ចំណូលចិត្ត។ បណ្ឌិត យ៉ង សាំងកុមារ បន្ថែមថា « ទោះបីយើងអត់​មានជំនាញ​ក៏ដោយ យើងអត់បាន​[រៀនចប់]​ផ្នែកកសិកម្ម យើងអត់ទាន​មានបទពិសោធន៍​លើការងារ​កសិកម្ម ប៉ុន្តែត្រូវចាប់ផ្តើម​ជាដំបូង​ពីចំណង់ បើពិតជា​យើងចង់ យើងស្រលាញ់​ការងារហ្នឹង»។

លោកថា « យើងគួរចាប់​ទៅរស់នៅ ឬហាត់រៀនជាមួយ​អ្នកមាន​បទពិសោធន៍ បើយើងចង់​ក្លាយជា​អ្នកចិញ្ចឹម​មាន់ជោគជ័យ​ទៅនៅជា​មួយ​អ្នក​ចិញ្ចឹមមាន់ បើចង់ក្លាយ​ជាអ្នកដាំ​បន្លែ​ជោគជ័យ យើងទៅនៅ​ជាមួយ​អ្នកដាំបន្លែ បើយើងចង់​ក្លាយជា​អ្នកដាំ​ទុរេន​ជោគជ័យ​ ទៅនៅជា​មួយអ្នក​ដាំទុរេន គេប្រើធ្វើអី​ធ្វើហ្នឹងទៅ ត្រូវចេះដាក់ខ្លួន ធ្វើការងារ​ចាប់ពីការងារ​តូចរហូត​ដល់ការងារធំ នោះយើង​បានទាំងចំណេះ បទពិសោធន៍​​និងចំណូលទៀត ដូចដែល​ខ្ញុំតែងតែ​ចាត់ទុកថា កសិដ្ឋាន ជាសាលា សត្វបន្លែ​បង្ការ​ជា​គ្រូរបស់យើង»។

បើតាម​លោកបណ្ឌិត យ៉ង សាំងកុមារ អះអាងថា នៅក្នុង​ដំណាក់កាល​ជំងឺកូវីដ-១៩នេះ ជាឱកាស​កាន់តែធំទៀត សម្រាប់អ្នក​ដែលចង់​ប្រឡូក​ក្នុង​វិស័យកសិកម្ម​ ព្រោះថា វាពិតជា​មានសារ​សំខាន់​ណាស់ សម្រាប់ការ​ផលិតនៅក្នុងស្រុក ដើម្បីជម្រុះ​ការនាំចូល ដែលឈាន​ទៅការនាំចេញ​នូវផលិតផល​សំខាន់ និងការភ្ញាក់​រលឹក​របស់សង្គមជាតិ​ទាំងមូលផងដែរ។

បែបនេះក្តី លោកចង់ឲ្យ កសិករ​គួរតេចាប់​ប្រែក្លាយខ្លួន​និងច្នៃប្រឌិត​ការងារ​កសិកម្ម​បន្ថែមទៀត ដូចជា​ការធ្វើឲ្យ​ក្លាយជា កសិ-សិប្បកម្ម កសិ-ពាណិជ្ជកម្ម ឬកសិ-ទេសចរណ៍ជាដើម ដើម្បីអាច​បង្កើនចំណូល​បន្ថែម​ពីការងារ​កសិកម្មនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមវិនិយោគចេញទៅក្រៅប្រទេសជាង២២២ លានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំ២០២០

ព័ត៌មាន
ទំហំនៃការវិនិយោគនៅក្រៅប្រទេសរបស់សហគ្រាសវៀតណាម បានកើនឡើងដល់ជាង ២២២ លានដុល្លារអាមេរិកនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០នេះ ពោលគឺមានការ…

តើវិស័យកសិកម្មកម្ពុជា អាចនឹងស្រូបទាញកម្លាំងពលកម្មបានកម្រិតណានៅអំឡុងពេលកូវីដ-១៩នេះ?

ព័ត៌មាន
នៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចបានជាប់គាំង ខណៈដែលរោងចក្រសហគ្រាសក្នុងស្រុកជាច្រើន ពិសេសក្នុងវិស័យកាត់ដេរ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ