តារាចម្រៀង Taylor Swift

ហេតុអ្វីសិង្ហបុរីចុះកិច្ចព្រមព្រៀងជាមួយតារាចម្រៀងអាមេរិក ថេល័រ ស្វីហ្វ មិនឱ្យទៅសម្តែងនៅប្រទេសអាស៊ានផ្សេង?


តារាចម្រៀងដ៏ល្បីល្បាញរបស់អាម៉េរិក គឺនាង ថេល័រ ស្វីហ្វ (Taylor Swift) បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសសិង្ហបុរី ដោយយល់ព្រមនឹងមិនទៅសម្តែងតន្ត្រីនៅប្រទេសអាស៊ានផ្សេងទៀតឡើយ។ ទង្វើនេះបានធ្វើឱ្យប្រទេសអាស៊ានមួយចំនួនដូចជាថៃ និងហ្វីលីពីនជាដើម បានសម្ដែងការមិនពេញចិត្តដោយពួកគេនិយាយថា នេះមិនមែនជាអ្នកជិតខាងល្អនោះទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តារាចម្រៀង Taylor Swift
ដោយ

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បាននិយាយកាលពីថ្ងៃអង្គារថា សិង្ហបុរី បានសម្រេចកិច្ចព្រមព្រៀងបិទទ្វារមួយជាមួយនឹងតារាចម្រៀងដ៏មានប្រជាប្រិយភាព គឺនាង ថេល័រ ស្វីហ្វ ដើម្បីធានាថា នាងត្រូវសម្តែងតន្ត្រីនៅតែសិង្ហបុរី គឺមិនត្រូវសម្ដែងនៅប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតឡើយនៅក្នុងកម្មវិធីដំណើរទេសចរណ៍ អេរ៉ាស (Eras) របស់នាង។​

លោក លី បានប្រាប់អ្នកសារព័ត៌មាននៅកិច្ចប្រជុំកំពូលក្នុងតំបន់មួយនៅឯទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីថា ភ្នាក់ងាររបស់សិង្ហបុរី បានជួបចរចាជាមួយនាង ថេល័រ ស្វីហ្វ ដើម្បីឱ្យទៅលេងសិង្ហបុរី និងសម្តែងតន្ត្រីនៅទីនោះព្រមទាំងធ្វើឱ្យប្រទេសនេះក្លាយជាទីឈប់សំចតតែមួយគត់របស់នាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។​

សូមរំលឹកថា នាង ស្វីហ្វ នឹងរៀបចំប្រគំតន្ត្រីចំនួន៦លើក នៅចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមីនា នៅសិង្ហបុរី ហើយការប្រគំតន្ត្រីនេះត្រូវបានគេរំពឹងថា នឹងជួយឱ្យសិង្ហបុរីរកចំណូលបានចន្លោះពី២៦០លាន ទៅ៣៧២លានដុល្លារ ដោយក្នុងនោះ គឺ៧០%បានមកពីភ្ញៀវទេសចរបរទេស។ ប្រទេសជិតខាងអាស៊ានមួយចំនួនបានត្អូញត្អែរថា កិច្ចព្រមព្រៀងរបស់សិង្ហបុរីជាមួយតារាចម្រៀងរូបនេះ បានធ្វើឱ្យពួកគេបាត់បង់ការរីកចម្រើនផ្នែកទេសចរណ៍ដោយសារការប្រគំតន្ត្រីរបស់នាងបានអូសទាញភ្ញៀវទេសចរទៅទីនោះស្ទើរតែស្ងាត់អស់។

បើតាមកាសែតបាងកកប៉ុស្តិ៍ ការប្រគំតន្ត្រីរបស់តារាចម្រៀងរូបនេះទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ដោយពេលនោះ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានចោទប្រកាន់សិង្ហបុរីថា បានផ្តល់ឱ្យក្រុមការងារបស់នាង ស្វីហ្វ នូវប្រាក់ចន្លោះពី២លាន ទៅ៣លានដុល្លារអាម៉េរិកនៅក្នុងមួយកម្មវិធីជាថ្នូរនឹងការមិនឱ្យទៅសម្តែងនៅតាមទីក្រុងណាមួយនៅក្នុងតំបន់អាស៊ានទៀតឡើយ។​

ជាមួយគ្នានេះសមាជិកសភាតំណាងរាស្ត្រហ្វីលីពីនម្នាក់ គឺលោក ចូអ៊ី សាល់សេដា (Joey Salceda) បាននិយាយថា នេះមិនមែនជាអ្វី ដែលអ្នកជិតខាងល្អគួរធ្វើនោះទេព្រោះថា កិច្ចព្រមព្រៀងនេះបានដើរផ្ទុយទៅនឹងគោលការណ៍អាស៊ាន។ ទោះយ៉ាងណាលោក លី នាយករដ្ឋមន្ត្រីសិង្ហបុរីកាលពីថ្ងៃអង្គារបានច្រានចោលការវិនិច្ឆ័យបែបនេះដោយលោកនិយាយថា នេះគឺជាការរៀបចំដ៏ជោគជ័យមួយ ហើយលោកមើលមិនឃើញថាវាជារឿងខុសឆ្គងនោះទេ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីត្រៀមកញ្ចប់ថវិកា១,៣ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគជាមួយអាស៊ាន

ព័ត៌មាន
នាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ថ្នាក់ដឹកនាំអូស្រ្តាលី បានចាត់ទុកអាស៊ាន គឺជាដៃគួពាណិជ្ជកម្ម និងសន្តិសុខដ៏សំខា…

ការនាំចេញអគ្គិសនី គឺជាចន្ទល់ដ៏ធំមួយសម្រាប់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ឡាវ

ព័ត៌មាន
ប្រទេសឡាវ បានជំរុញបង្កើនពាណិជ្ជកម្មប្រចាំឆ្នាំរបស់ខ្លួនគួរឱ្យកត់សម្គាល់ ដែលបានឈានដល់តម្លៃសរុបជាង១៥ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៣ ខ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ