ប្រព័ន្ធភស្តុភារកម្ម

កម្ពុជា ដាក់ទិសដៅ១០ឆ្នាំជាមួយទុនជាង៣៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធភស្តុភារកម្ម


ទីបំផុតកម្ពុជា បានរៀបចំផែនទីបង្ហាញផ្លូវមួយសម្រាប់ការកសាងប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មដ៏ប្រទាក់ក្រឡា ដើម្បីជួយគាំទ្រដល់ការធ្វើធុរកិច្ចឱ្យកាន់តែល្អប្រសើរ បន្ទាប់ពីចំណាយពេលសិក្សា៥ឆ្នាំកន្លងមកនេះ។
ប្រព័ន្ធភស្តុភារកម្ម
ដោយ

ផែនការមេនេះ មានគោលដៅធំ៤ រួមមានពង្រីក និងធ្វើឱ្យកាន់តែប្រសើរ ឡើងនូវវិសាលភាពគ្របដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនា ប្រព័ន្ធដឹកជញ្ជូន, ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃសេវា និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ និងពង្រឹងប្រសិទ្ធភាពសេវា និងកាត់បន្ថយការចំណាយលើឡូជីស្ទិក។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការមេរយៈពេល១០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០២៣-២០៣៣ ជាមួយទុនវិនិយោគវាយតម្លៃជាង៣៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ចូន និងឡូជីស្ទីកនៅកម្ពុជា សំដៅជួយជំរុញការធ្វើពាណិជ្ជកម្ម លើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោក និងកាត់បន្ថយការចំណាយក្នុងប្រព័ន្ធដឹកជញ្ជូន។

ផែនការមេនេះផ្តល់អាទិភាពលើគម្រោងចំនួន១៧៤ រួមមានគម្រោងផ្លូវថ្នល់ ផ្លូវដែក ការដឹកជញ្ជូនតាមផ្លូវទន្លេ ផ្លូវសមុទ្រ ផ្លូវអាកាស គម្រោងប្រព័ន្ធឡូជីស្ទីក និងគម្រោងផ្សេងៗទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្មបានចាត់ទុកប្រព័ន្ធឡូជីស្ទីក គឺជាប្រព័ន្ធដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគ ពិសេសការធ្វើពាណិជ្ជកម្ម និងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរំពឹងថា តាមរយៈផែនការមេនេះនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ កម្ពុជានឹងមានការស្តារផ្លូវដែកឱ្យមានល្បឿនលឿនជាងពេលបច្ចុប្បន្ន, មានការសាងសង់ផ្លូវ៥០សេពីកំពង់ធំទៅកំពង់ឆ្នាំង, មានការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប សៀមរាប-ប៉ោយប៉ែត, សាងសង់ព្រែកជីកហ្វូណនតេជោ និងមានការសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ, ក្រុងព្រះសីហនុ និងមានការសាងសង់សួនឡូជីស្ទីកនៅបាវិត និងប៉ោយប៉ែតជាដើម។

ជាមួយគ្នានេះលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះផែនការមេនេះក្នុងការជួយអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ សម្រាប់អ្នកជំនាញរូបនេះ ផែនការនេះមិនត្រឹមតែជួយធ្វើឱ្យប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកមានភាពល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ជួយជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពការប្រកួតប្រជែងរបស់កម្ពុជា។

​សូមបញ្ជាក់ថា ផែនការមេប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជានេះ បានចូលរួមសិក្សា និងរៀបចំដោយអង្គការ JICA របស់ជប៉ុន ធនាគារពិភពលោក និងក្រុមហ៊ុនរបស់ចិនផងដែរ។ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាឆ្នាំ២០២៣- ២០៣៣» មានចក្ខុវិស័យបន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងក្នុងផ្ទៃប្រទេស និងជាមួយតំបន់ដែលនឹងបន្តរួមចំណែកជួយជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម -សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រះចៅស៊ុលតង់របស់ម៉ាឡេស៊ីថា អគារខ្ពស់ៗគ្មានន័យទេ បើមនុស្សនៅតែជាប់ក្នុងភាពក្រីក្រ

ព័ត៌មាន
ព្រះចៅ ផេរ៉ាកស៊ុលតង់ ណាសរីន សា (Perak Sultan Nazrin Shah) របស់ប្រទេសម៉ាឡេស៊ី ទ្រង់មានបន្ទូលថា អគារខ្ពស់ៗមិនផ្តល់អត្ថន័យអ្វីឡើយ ប្រសិន…

អាម៉េរិកដាក់ទណ្ឌកម្មបុគ្គលនិងស្ថាប័នរុស្ស៊ីចំនួន៥០០ នៅថ្ងៃខួប២ឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
អាម៉េរិកបានដាក់ចេញទណ្ឌកម្មលើបុគ្គល និងស្ថាប័នរបស់រុស្ស៊ីចំនួន៥០០ ដើម្បីបង្កើនសម្ពាធលើរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែនអស់រយៈពេលពីរឆ្នាំកន្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ