ពាណិជ្ជកម្មកម្ពុជា-វៀតណាម

ផ្សារជាប់ព្រំដែនកម្ពុជាវៀតណាមនឹងត្រូវសាងសង់ឆ្នាំ២០១៨! តែអ្នកជំនាញថា វៀតណាមនឹងទទួលប្រយោជន៍បានច្រើនជាង!


ផ្សារដារ ជាផ្សារគំរូព្រំដែនកម្ពុជា វៀតណាម ដែលគ្រោងនឹងសាងសង់ឡើងនៅខេត្តត្បូងឃ្មុំនោះ ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរ បើកកិច្ចប្រជុំពិភាក្សា និងប្រកាសប្ដេជ្ញាថានឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០១៨ខាងមុនេះ ក្រោយពីត្រូវបានពន្យាពេលអស់ប្រមាណជិត២ឆ្នាំរួចមក។ យ៉ាងណាក៏ដោយចុះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចយល់ឃើញថា កម្ពុជា អាចនឹងទាញយកប្រយោជន៍ពីផ្សារនេះ បានតិចជាងភាគីវៀតណាម។
រូបគំរូ នៃគម្រោងប្លង់ផ្សារដារ នៅតំបន់ជាប់ព្រំដែនកម្ពុជា វៀតណាម

ផ្សារលក់​ទំនិញនៅតំបន់​ព្រំដែនកម្ពុជា​វៀតណាម​មួយនេះ នឹងត្រូវសាងសង់​ឡើងនៅ​ក្នុង​​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ​ដោយមាន​ការវិនិយោគ​សាងសង់​ក្នុងចំនួន​ទឹកប្រាក់​ប្រមាណ ២លានដុល្លារអាមេរិក ​លើផ្ទៃដី​ប្រមាណ​ជិត២​ហិកតា ហើយក្នុងនោះ ខាងភាគី​វៀតណាម​ជាអ្នករ៉ាប់​រងផ្ដល់​នូវជំនួយ​ថវិកា និងការងារ​សាងសង់។

បើតាមប្រសាសន៍​របស់​ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខា​ធិការ​ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការយឺតយ៉ាវរបស់​ភាគីវៀតណាម​ក្នុងការ​សាងសង់​ផ្សារនេះ​នាពេលកន្លងមក គឺដោយសារ​តែខាង​គណៈកម្មការ​សាងសង់​ផ្សារចាស់​កាលពី​មុន​របស់វៀតណាម​ មិនមានភាព​ចុះសម្រុង​លើបញ្ហាចំនួន​ទឹកប្រាក់​សាងសង់ ខណៈដែល​ទឹកប្រាក់​សាងសង់​ត្រូវប្រើ​ប្រាស់ជា​លុយដុងវៀតណាម។ 

ដូច្នេះហើយ ទើបខាងរដ្ឋាភិបាល​វៀតណាម បានផ្លាស់ប្តូរ​គណៈកម្មការ និងអ្នកដេញ​ថ្លៃ​សាងសង់ថ្មី ដើម្បីសម្រួល​ពន្លឿន​ការងារ​សាងសង់។ 

ឯកឧត្តម​បន្ថែមថា គណៈកម្មការ​សាងសង់ផ្សារ​ជាប់តំបន់​ព្រំដែនកម្ពុជា​វៀតណាម​ ដែលទើបត្រូវបានជ្រើសថ្មីនេះ បានប្តេជ្ញាចិត្តថា នឹងបើកការដ្ឋាន​សាងសង់​ឲ្យបាន​លឿនបំផុត ពោលគឺ​នឹងត្រូវ​ចាប់ផ្ដើម​បើកការដ្ឋាន​សាងសង់ នៅខែ​មករា ឆ្នាំ២០១៨​ខាងមុខ និងគ្រោង​បញ្ចប់​ការសាងសង់​ជាស្ថាពរ​ក្នុងរយៈពេល​១២ខែ តាមកិច្ច​សន្យា​។ 

ឯកឧត្តម បានគូសបញ្ជាក់​ទៀតថា ការសាងសង់ផ្សារដារ នៅព្រំដែន​កម្ពុជាវៀតណាមនេះ នឹងជួយឲ្យ​ការដោះដូរ​ទំនិញ​រវាងប្រទេស​ទាំងពីរ​កាន់តែមាន​ភាពប្រសើរឡើង ពោលគឺប្រជាជនកម្ពុជាអាច​​លក់ទំនិញរបស់ខ្លួនទៅកាន់វៀតណាម និងអាចទិញ​ទំនិញដុំ ឬរាយ​ពីវៀតណាម​ តាមរយៈផ្សារនេះ ដោយមិន​ចាំបាច់​ធ្វើដំណើរ​ទៅដល់​ប្រទេសវៀតណាម​ដោយផ្ទាល់​នោះឡើយ ហើយខាងវៀតណាម​ក៏អាចចូល​មកលក់​ដូរ​ទំនិញរបស់​ខ្លួនក្នុង​ផ្សារនេះបាន​ដូចគ្នាដែរ។

រូបប្លង់គំរូខ្លោងទ្វារខាងមុខ របស់ផ្សារដារ នៅជាប់ព្រំដែនកម្ពុជា វៀតណាម

ឯកឧត្តម ម៉ៅ ថូរ៉ា បានបន្ថែមទៀតថា រាល់សម្ភារ​សំណង់ និងកម្មករ​ជំនាញសាង​សង់​ផ្សារដារនេះ នឹងត្រូវនាំចូល​មកពីប្រទេស​វៀតណាម​ទាំងអស់ ហើយខាង​អាជ្ញាធរ​កម្ពុជា​ក៏បានស្នើ​ឲ្យខាងភាគី​វៀតណាម បំពេញ​ជាឯកសារ​នៃចំនួនសម្ភារ និងកម្មករដែល​ត្រូវនាំចូល​មក ដើម្បីធ្វើ​ការត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​ផងដែរ។

ដោយឡែក រាល់ទំនិញ​លក់ចេញ​ទិញចូល​ទាំងអស់​នៅក្នុងផ្សារ​ព្រំដែនកម្ពុជា​វៀតណាមនេះ គឺមិន​ត្រូវបាន​រួចរបាំង​​ពន្ធគយ​នោះទេ ហើយប្រសិន​បើគំរូ​ផ្សារនេះ អនុវត្ត​ទៅទទួល​បានជោគជ័យ​ នោះកម្ពុជា​ និងវៀតណាម ក៏គ្រោងនឹង​ពង្រីកផ្សារ​ព្រំដែននេះ​បន្ថែមទៀត នៅខេត្តជាប់​ព្រំដែន​ផ្សេងទៀត​ផងដែរ។ 

យ៉ាងណា​ក៏ដោយចុះ បើតាម​អ្នកជំនាញ​សេដ្ឋកិច្ច លោក ង៉ែត ជូ ទីប្រឹក្សា​​សេដ្ឋកិច្ច​​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បានលើក​ឡើងថា មើលជារួមទៅ ការបង្កើតផ្សារ​តាមតំបន់ជាប់ព្រំដែននេះ គឺជាការបង្កើត​ឲ្យមានកន្លែង​មួយ​សម្រាប់អ្នកលក់ និងអ្នកទិញ​បានមាន​ឱកាស​ងាយស្រួលក្នុង​ការជួបគ្នា ប៉ុន្ដែ បើពិនិត្យ​ទៅមើល​ផលប្រយោជន៍​ដែលទទួលបាន​ កម្ពុជាហាក់​មានតិចជាង ភាគីវៀត​ណាម​ទៅវិញទេ ព្រោះថាកម្ពុជា នៅខ្វះខាត​ខាង​សមត្ថភាព ក៏ដូចជា​បច្ចេកទេស​ក្នុងការផលិត។ ដូច្នេះ កម្ពុជាអាច​លក់ចេញ​បានត្រឹម​តែផលិតផល​ជា​វត្ថុធាតុ​ដើម​តែប៉ុណ្ណោះ។ 

ដោយឡែក សម្ភារប្រើប្រាស់ និងចំណីអាហារ ដែលជា​ផលិតផល​កែច្នៃរួចនោះ ភាគច្រើន កម្ពុជា​ធ្វើការនាំចូល​ពីប្រទេស​វៀតណាមមកវិញ ពោលគឺ​ប្រទេសកម្ពុជា​នៅតែមាន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយវៀតណាម​ដដែល។

លោក ង៉ែត ជូ បានបន្ថែមទៀតថា បច្ចុប្បន្ន​ទីផ្សារកម្ពុជា គឺដូចជា​សមរភូមិមួយ​សម្រាប់ប្រទេសនាំចូលធំៗដូចជា វៀតណាម និងចិន ជាដើម សម្រាប់​ធ្វើការ​ប្រកួតប្រជែងគ្នា​ ទាំងលើ​ឥទ្ធិពល​នយោបាយ និងសេដ្ឋកិច្ច​ពាណិជ្ជកម្ម ខណៈដែល​សមត្ថភាពផលិតរបស់កម្ពុជា​​​នៅមាន​កម្រិតនៅ​ឡើយ។ 

លោកង៉ែត ជូ ទីប្រឹក្សា​​សេដ្ឋកិច្ច​​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC)

អ្នកជំនាញ​ផ្នែកសេដ្ឋកិច្ច​រូបនេះ បានគូសបញ្ជាក់​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​គួរតែមាន​យន្ដការ​ជាក់លាក់​​បន្ថែមទៀត ដើម្បីធានា​បាននូវ​ទីផ្សារ​សម្រាប់​ផលិតផល​ក្នុងស្រុក ក៏ដូចជា​ជួយជំរុញ​ដល់​សមត្ថភាព និងបច្ចេកទេស​ផលិត​សម្រាប់​ផលិតករ​ជាដើម។ 

តួយ៉ាង រាជរដ្ឋាភិបាល គួរតែគិត​គូរ​លើការពង្រឹង​ស្ដង់ដារគុណភាព​នៃផលិត​ផលនាំចូល​ពីខាងក្រៅ ពិសេស​គឺសុវត្ថិភាព​ចំណីអាហារ​តែម្ដង ព្រោះវាមិនត្រឹមតែជួយគិតគូរ​ដល់សុខភាព​ប្រជាពលរដ្ឋ និងជំរុញ​ឲ្យផលិតផល​ក្នុងស្រុក​អាចផលិត​ឆ្លើយតប​ទៅនឹងស្ដង់ដារ​ប៉ុណ្ណោះទេ តែវាក៏ជួយ​កាត់បន្ថយការ​ប្រកួតប្រជែង​ពីសំណាក់​ផលិតផល​នាំចូលពី​ក្រៅប្រទេស​ផងដែរ។ 

​មួយវិញទៀត រាជរដ្ឋាភិបាល​ក៏គួរតែ​ខិតខំ​បន្ថែមទៀត​ ក្នុងការជួយ​ផ្សព្វផ្សាយ​ពីម៉ាកសញ្ញា​ផលិតផលខ្មែរ​ឲ្យបាន​ទូលំទូលាយ ហើយវា​ក៏ត្រូវមាន​ការចូលរួម​គាំទ្រ​ពីប្រជាពលរដ្ឋ​ផងដែរ។​ លើសពីនេះទៀត ត្រូវធ្វើការ​ផ្សាភ្ជាប់​អ្នកផលិត ជាមួយនឹង​ទីផ្សារ ដូចជា​ចងក្រងអ្នកផលិត​ជាសហគម​ន៍​ ដើម្បីផ្គត់ផ្គង់ផលិតផល​មកកាន់ផ្សារ​ទំនើប ធំៗ និងលើកទឹកចិត្ត​ដល់​ផលិតផល​ក្នុងស្រុក​ដូចជា មិនយក​ពន្ធអាករ​លើតម្លៃបន្ថែម​សម្រាប់​ផលិតផល​ក្នុងស្រុក ឬយន្ដការផ្សេងៗទៀត។

សូមបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្ម​រវាងកម្ពុជា និងវៀតណាម នៅរយៈពេល ១០ខែ ឆ្នាំ២០១៧ នេះ បានកើនដល់​ទឹកប្រាក់​ប្រមាណជាង​៣០០០​លានដុល្លារ​អាមេរិក ខណៈដែល​នៅឆ្នាំ២០១៨​ខាងមុខប្រទេសទាំងពីរ គ្រោងពង្រីក​ទំហំពាណិជ្ជកម្ម​ទ្វេភាគី ឲ្យបានដល់​៥០០០លាន​ ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជំនាញ៖ តំបន់ថ្មីថ្មោង២​ក្នុង​ក្រុង​ភ្នំពេញ នឹងក្លាយជាតំបន់​ពាណិជ្ជកម្មដ៏មានសក្តានុពល

ព័ត៌មាន
រាជធានីភ្នំពេញត្រូវបានពង្រីកការអភិវឌ្ឍឥតឈប់ឈរ ដើម្បីឆ្លើយទៅនឹងកំណើនប្រជាពលរដ្ឋដែលបានបោះទីលំនៅឋាន និង ពាណិជ្ចកម្ម។ ហើយដើម្បីបញ្ចៀសប្រជាពលរ…

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​និយាយ​ថា ទណ្ឌកម្ម​ណា​មួយ​គឺ​មិន​ចំណេញ​សម្រាប់​ប្រទេស​ជាតិ​ទេ

ព័ត៌មាន
សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅកម្ពុជា​ (EuroCham Cambodia) បាន​និយាយ​ថា ទណ្ឌកម្ម​ពាណិជ្ជកម្ម​ណា​មួយ​ដែល​អាច​នឹង​កើត​ឡើង វា​មិន​ចំណេញ​សម្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ