សេដ្ឋកិច្ចចិន

ធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចចិន នៅឆ្នាំក្រោយ ត្រឹមរង្វង់៤,៤%


ធនាគារពិភពលោក បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចចិន និងបណ្ដាប្រទេសនៅតំបន់អាស៊ីបូព៌ាមួយចំនួននៅឆ្នាំក្រោយ ស្របពេលដែលប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីមួយនេះកំពុងប្រឹងប្រែងងើបចេញពីវិបត្តិអចលនទ្រព្យ ដែលកំពុងគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន និងជះឥទ្ធិពលអវិជ្ជមានដល់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់។ ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចចិននៅឆ្នាំក្រោយនឹងមានកំណើនក្នុងរង្វង់៤,៤%ប៉ុណ្ណោះ។
សេដ្ឋកិច្ចចិន
ដោយ

ធនាគារពិភពលោក បានចេញរបាយការណ៍មួយនៅថ្ងៃទី២ ខែតុលា​ ដោយបានបន្ទាបការព្យាករកំណើនផលិតផលក្នុងស្រុកសរុបរបស់ចិន នៅឆ្នាំក្រោយថា នឹងមានក្នុងរង្វង់៤,៤%ដោយបានកាត់បន្ថយពីអត្រា៤,៨% ដែលធនាគារនេះបានព្យាករទុកកាលពីខែមេសា។

ជាមួយគ្នានេះធនាគារនេះក៏បានបន្ទាបការព្យាករសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលរួមបញ្ចូលទាំងប្រទេសចិន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាមពី៤,៨% មកនៅត្រឹម៤,៥% នៅឆ្នាំ២០២៤ ផងដែរ។

ធនាគារពិភពលោកបានព្រមានថា ការធ្លាក់ចុះកំណើនដ៏គួរឱ្យភ្ញាក់ផ្អើលពីដៃគូពាណិជ្ជកម្មដ៏ធំបំផុតក្នុងតំបន់គឺចិន និងសហរដ្ឋអាមេរិកនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ី តាមរយៈការធ្លាក់ចុះរំហូរពាណិជ្ជកម្មទ្វេភាគី និងហិរញ្ញវត្ថុ។

លោក អាឌីតយ៉ា ម៉ាធូ (Aaditya Mattoo) ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានប្រាប់សារព័ត៌មាននីកេអេស៊ាថា ប្រទេសចិន បានក្លាយជាទីផ្សារដ៏សំខាន់សម្រាប់តំបន់ ដូច្នេះហើយអ្វីដែលបានកើតឡើងនៅក្នុងប្រទេសចិន ពិតជាសំខាន់សម្រាប់សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ផ្សេងទៀតដូចជាទំនាក់ទំនងពាណិជ្ជកម្ម និងសេវាកម្ម និងអ្នកទេសចរចិនជាដើម។

តាមរយៈការព្យាករកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៤% នៅឆ្នាំ២០២៤ បានបង្ហាញឲ្យឃើញថា កំណើនរបស់ប្រទេសចិននឹងមិនទាន់មានភាពរឹងមាំដូចមុនពេលមានការឆ្លងរាតត្បាតនៃជំងឺកូវីដនោះទេ។ ស្ថិតិផ្លូវការបង្ហាញថា សេដ្ឋកិច្ចចិនបានកើនឡើងប្រមាណពី៦%ទៅ៧% ជារៀងរាល់ឆ្នាំកាលពីចុងទសវត្សរ៍ឆ្នាំ២០១០ មុនពេលធ្លាក់ចុះមកនៅត្រឹម២,២%ក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតនេះ។

កំណើននេះបានស្ទុះងើបមកវិញឡើងដល់៨,៤%នៅឆ្នាំ២០២១ ប៉ុន្តែបានធ្លាក់ចុះម្តងទៀតមកនៅត្រឹម៣%នៅឆ្នាំ២០២២ ដោយសារគោលនយោបាយសូន្យកូវីដដ៏តឹងរឹងរបស់រដ្ឋាភិបាលចិន ដែលបានបំផ្លាញសកម្មភាពអាជីវកម្ម។

របាយការណ៍របស់ធនាគារពិភពលោកបានកត់សម្គាល់ថា ការថយចុះ១%នៃកំណើនរបស់ប្រទេសចិនត្រូវបានផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយការពង្រីកពាណិជ្ជកម្មក្នុងតំបន់ក្នុងអត្រា០,៣ភាគរយ។

របាយការណ៍នេះបានកត់សម្គាល់ទៀតថា កំណើនសេដ្ឋកិច្ចកាលពីអតីតកាលរបស់ចិន ដែលភាគច្រើនដោយសារតែការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យនោះបានធ្វើឱ្យក្រុមហ៊ុន និងរដ្ឋាភិបាលក្នុងតំបន់រងបន្ទុកបំណុលយ៉ាងខ្លាំង ខណៈដែលភាពឆ្អែតឆ្អន់របស់ហេដ្ឋារចនាសម្ព័ន្ធ ទិន្នផលថយចុះ និងការផ្គត់ផ្គង់លំនៅឋានលើសតម្រូវការបានកាត់បន្ថយតម្លៃអចលនទ្រព្យ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្រ្តីរំពឹងផែនការ“បង្កើនប្រាំ” នឹងដោះរបាំងរាំងស្ទះដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ

ព័ត៌មាន
គំនិតបង្កើនប្រាំ គឺជាផែនការសំខាន់ៗរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានដាក់ចេញ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកលេងកម្សាន្តនៅកម្ពុជា គ្រាដែ…

ឥណ្ឌូណេស៊ី ដាក់ឱ្យដំណើរការរថភ្លើងល្បឿនលឿនជាប្រវត្តិសាស្រ្ត

ព័ត៌មាន
ក្រោយរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ នៅថ្ងៃចន្ទទី២ ខែតុលា ឥណ្ឌូណេស៊ី បានដាក់ឱ្យដំណើរការរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលជាគម្រោងពាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ