ដំណាំទំពាំងបារាំងកំពុងមានទីផ្សារល្អ

កសិករថា ដំណាំទំពាំងបារាំង កំពុងមានទីផ្សារល្អ និងមានតម្លៃថ្លៃ ប៉ុន្ដែមិនសូវសម្បូរអ្នកដាំ


ដំណាំទំពាំងបារាំង គឺជាដំណាំបន្លែមួយប្រភេទ ដែលមានអាយុកាលវែង និងឆាប់ទទួលបានផល ខណៈដែលបច្ចុប្បន្ន តម្លៃក៏មានខ្ពស់ផងដែរ ប៉ុន្តែដំណាំបន្លែមួយប្រភេទហាក់មិនសូវមានអ្នកដាំដុះច្រើននោះទេ។ កសិករដាំទំពាំងបារាំងម្នាក់នៅខេត្តប៉ៃលិន ដែលបានដាំដំណាំនេះតាំងពីឆ្នាំ២០១៦មក បានជំរុញនិងលើទឹកចិត្តឱ្យប្រជាកសិករផ្សេងទៀតងាកមកដាំដុះដំណាំទំពាំងបារាំងនេះឱ្យបានច្រើន ពីព្រោះថាដំណាំនេះបច្ចុប្បន្នកំពុងមានទីផ្សារល្អ ងាយស្រួលលក់ ដ្បិតការដាំដុះដំណាំនេះក៏មិនត្រូវការចំណាយដើមទុនច្រើនដែរ។
ដំណាំទំពាំងបារាំងកំពុងមានទីផ្សារល្អ និងលក់បានក្នុងតម្លៃថ្លៃ!
ដោយ

អ្នកស្រី លឹម សុភាព កសិករដាំដំណាំទំពាំងបារាំងនៅខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ខេមបូណូមីសថា អ្នកស្រីបានសម្រេចចិត្តចាប់ផ្តើមដាំដំណាំទំពាំងបារាំងនេះ ដោយសារតែដំណាំបន្លែមួយប្រភេទនេះ ជាដំណាំដែលអាចផ្តល់ផលបានជារៀងរាល់ថ្ងៃ និងអាចលក់បានតម្លៃល្អ។ តាមការបញ្ជាក់របស់កសិកររូបនេះ កាលពីដំបូងឡើយដំណាំបន្លែទំពាំងបារាំងនេះ រាងពិបាកលក់បន្តិចដោយសារតែមិនសូវទាន់មានគេស្គាល់ច្រើន ក៏ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ បន្លែទំពាំងបារាំង ហាក់មានទីផ្សារល្អទូលំទំលាយ ងាយស្រួលលក់ និងអាចលក់បានក្នុងតម្លៃថ្លៃផងដែរ ពោលគឺទំពាំងបារាំងមួយគីឡូក្រាមមានតម្លៃចាប់ពី ១១ ០០០ទៅ ១៥ ០០០រៀល អាស្រ័យទៅតាមទំហំ និងរដូវកាល។ បើតាមអ្នកស្រី លឹម សុភាព ការដំាដំណាំទំពាំងបារាំងនេះ ហាក់នៅមិនទាន់មានដាំដុះទូលំទូលាយនៅឡើយនោះទេ ដោយអ្នកស្រីលើកទឹកចិត្តឱ្យប្រជាកសិករងាកមកដាំដំណាំនេះឱ្យបានច្រើន និងឱ្យបានត្រូវទៅតាមស្តង់ដារដែលទីផ្សារចង់បាន។

បើតាមអ្នកស្រី លឹម សុភាព ទំពាំងបារាំងជាដំណាំបន្លែមួយប្រភេទ ដែលមានអាយុកាលវែង និងអាចចាប់ផ្តើមប្រមូលផលក្រោយពីដាំដុះក្នុងរយៈពេល ៤-៦ខែ និងអាចប្រមូលផលបានជារៀងរាល់ថ្ងៃ ហើយអាចបន្តប្រមូលផលបានដល់អាយុ១៥-២០ឆ្នាំ ប៉ុន្តែតាមបទពិសោធន៍ផ្ទាល់របស់អ្នកស្រី រយៈពេលដែលទទួលផលបានខ្ពស់គឺក្នុងរយៈពេល៣ឆ្នាំដំបូង ហើយដំណាំនេះត្រូវទុកចន្លោះតែងដើមចាប់ពី ៣-៤ខែម្តងផងដែរ។ ដីដែលល្អសម្រាប់ការដាំដុះ ត្រូវតែជាដីដែលមិនជាំទឹក វាមិនត្រូវការសារធាតុចិញ្ចឹមច្រើនដូចដំណាំផ្សេងៗទៀតទេ ប៉ុន្តែវាទាមទារការថែទាំយកចិត្តទុកដាក់ខ្ពស់ ប្រើប្រាស់កម្លាំងពលកម្មច្រើនសម្រាប់សម្អាតស្មៅ និងស្រោចស្រពជាប្រចាំផងដែរ ពោលគឺដំណាំនេះត្រូវការអាកាសធាតុត្រជាក់ទើបផ្តល់ទិន្នផលបានខ្ពស់។
អ្នកស្រី លឹម សុភាព បានដាំដុះដំណាំទំពាងបារាំងជាលើកដំបូងនៅលើផ្ទៃដីប្រមាណ ២ ៤០០ម៉ែតក្រឡា ដោយបានចំណាយដើមទុនប្រហែលជាង ១ពាន់ដុល្លារ សម្រាប់ការចំណាយលើការរៀបប្រព័ន្ធស្រោចស្រព សម្ភារៈដាំដុះ កម្លាំងពលកម្ម និងជីជាដើម។ ចំពោះចំណូលបានមកវិញ មានប្រមាណជាង ៦លានរៀលក្នុងការប្រមូលផលលើកដំបូង ពោលគឺក្នុងមួយថ្ងៃ អ្នកស្រីអាចរកចំណូលបានចន្លោះពី១៥ម៉ឺនរៀល ទៅ២០ម៉ឺនរៀលពីការលក់ទំពាំងបារាំងនេះ។ សូមជម្រាបថា បន្លែទំពាំងបារាំង ភាគច្រើនមានដាំដុះនៅខេត្តមួយចំនួនដូចជា ប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តតាកែវជាដើម៕




អត្ថបទបន្ទាប់


ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មនៅកម្ពុជាហាក់នៅមានកម្រិត បើធៀបនឹងប្រទេសជិតខាង

ព័ត៌មាន
ស្ថិតក្នុងបរិបទពិភពលោកកាន់តែរីកចម្រើន ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មនៅកម្ពុជាកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក៏ប៉ុន្តែ …

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា ទោះគ្មានការនាំចូល ក៏កម្ពុជាមានប្រេងសម្រាប់ប្រើមួយខែដែរ

ព័ត៌មាន
តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិមានការប្រែប្រួលឡើងចុះយ៉ាងឆាប់រហ័សនៅប៉ុន្មានឆ្នាំកន្លងមកនេះ ពោលគឺតាំងពីប្រទេសរុស្ស៊ីបានវាយចូលឈ្លានពានទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ