Advertisement
ប្រព័ន្ធប្រតិបត្តិការថ្មី របស់ ក្រុមហ៊ុន Huawei ពិតជាអាច​ជំនួស​ Android បានមែនទេ?

ទីបំផុត ប្រព័ន្ធប្រតិបត្តិការថ្មី របស់ Huawei ចេញរូបរាងហើយ និងត្រៀមជំនួសប្រព័ន្ធ Android បើសិនជាចាំបាច់


គេនៅចាំបានថា ក្រោយពេលរដ្ឋាភិបាលអាមេរិកប្រកាសដាក់ក្រុមហ៊ុន Huawei ចូលបញ្ជីខ្មៅ ដោយហាមប្រាមក្រុមហ៊ុនអាមេរិកចំនួន ពិសេស Google ផ្គត់ផ្គង់ប្រព័ន្ធ Android ទៅឲ្យក្រុមហ៊ុន Huaweiនោះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ បានប្រកាសថា ខ្លួនបានត្រៀមអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនរួចហើយ។ នៅទីបំផុត ប្រព័ន្ធប្រតិបត្តិការថ្មី Harmony OS របស់ Huawei បានសម្រេចចេញជារូបរាងហើយ និងគ្រោងដាក់ឲ្យប្រើប្រាស់ឆាប់ៗនេះ។
ទីបំផុត ប្រព័ន្ធប្រតិបត្តិការថ្មី របស់Huawei ចេញរូបរាងហើយ និងត្រៀមជំនួសប្រព័ន្ធ Android បើសិនជាចាំបាច់ (https://gadgets.ndtv.com/)
ដោយ
Advertisement

បើតាម​​ Huawei បានបញ្ជាក់ថា សមត្ថភាព​ប្រព័ន្ធប្រតិបត្តិការ​ថ្មីនេះ គឺមាន​លក្ខណៈ​ខុសប្លែកគ្នាខ្លាំង ពីប្រព័ន្ធប្រតិបត្តិការ Android របស់ Google និង iOS របស់ក្រុមហ៊ុន Apple ។

កាលពីថ្ងៃសុក្រ​ទី ០៩ សីហា កន្លងទៅនេះ​នៅក្នុង​សន្និសីទ​អ្នកអភិវឌ្ឍន៍​ប្រចាំឆ្នាំ​នៅភាគខាងត្បូង​ខេត្តក្វាងទុង​ប្រទេសចិន ក្រុមហ៊ុន Huawei បាន​ប្រកាស​ពីសមត្ថភាព​របស់​ប្រព័ន្ធប្រតិបត្តិការ​ថ្មីរបស់ខ្លួន គឺ Harmony OS ដែលត្រឹម​នឹង​ដាក់ឲ្យប្រើប្រាស់​នៅក្នុង​ពេល​ដ៏ខ្លីខាងមុខនេះហើយ។

លោក Yu Chengdong ប្រធាន​នាយកប្រតិបត្តិ​ក្រុម​ពាណិជ្ជកម្ម​អ្នកប្រើប្រាស់ Huawei បានលើក​ឡើងថា ក្រុមហ៊ុន Huawei នៅតែបន្ដ​ផ្ដល់នូវអាទិភាព​ឲ្យអ្នកប្រើប្រាស់​បន្ត​ប្រើ​ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុនអាមេរិក Google ដដែល​បើទោះបីជា​ប្រព័ន្ធប្រតិបត្តិការ​ថ្មី​ត្រូវបាន​អភិវឌ្ឍន៍​រួចរាល់​ក៏ដោយ។ ប៉ុន្ដែ បើសិនជា​ក្នុងកាលៈទេសៈ​ ដែល​ប្រព័ន្ធប្រតិបត្តិការ Android ពិតជា​ត្រូវបាន​រដ្ឋាភិបាល​អាមេរិក បញ្ជា​ឲ្យ Google ត្រូវតែ​កាត់ផ្ដាច់​ការផ្គត់ផ្គង់​មកឲ្យ​ក្រុមហ៊ុន Huawei មែននោះ នោះ​ក្រុមហ៊ុន​ចិន Huawei អាចនឹង​ចាប់ផ្ដើម​ដាក់​ឲ្យ​ប្រើប្រាស់ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ខ្លួន គឺ Harmony OS បានគ្រប់ពេលវេលា។ 

លោក Yu Chengdong បាន​លើកឡើងទៀតថា ប្រព័ន្ធប្រតិបត្តិការ​ថ្មី របស់ Huawei គឺជាប្រព័ន្ធ​ប្រតិបត្តិការ​ដែលមាន​ទម្ងន់ស្រាល និងមាន​មុខងារ​ពិសេស និងអាច​ទទួលបាន​តំណែងឈានមុខគេ​នៅក្នុងការ​ប្រើប្រាស់​លើ​ឧបករណ៍​ឆ្លាតវៃ ដូចជា​ នាឡិកា ទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ប្រព័ន្ធយានយន្ដ និងឧបករណ៍​បំពង​សម្លេងជាដើម។

ក្រុមហ៊ុន Huawei បាន​បញ្ជាក់ថា នឹងចាប់ផ្ដើម​ដាក់ឲ្យប្រើប្រាស់​ប្រព័ន្ធប្រតិបត្តិការ​ថ្មីរបស់ខ្លួន ជាបឋម​នៅក្នុង​ទីផ្សារប្រទេសចិន​ជាមុនសិន បន្ទាប់មក​នឹងពង្រីក​ទៅកាន់ទីផ្សារទូទាំង​ពិភពលោក។

ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​របស់ចិន​មួយនេះ ក៏បាន​សង្កត់ធ្ងន់ដែរថា ភាពជោគជ័យ​របស់​ប្រព័ន្ធប្រតិបត្តិកថ្មី​របស់ខ្លួននេះ គឺពឹងផ្អែកទៅលើ​សមត្ថភាព​ច្នៃប្រឌិតថ្មីៗ​របស់​អ្នកអភិវឌ្ឍន៍​កម្មវិធី​ទូរស័ព្ទ​(App Developer) តម្រូវជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការនេះ។ 

គួររំឭកដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋាភិបាល​អាមេរិក បាន​ដាក់ក្រុមហ៊ុន​ Huawei របស់ចិន ចូលក្នុង បញ្ចីខ្មៅ របស់អាមេរិក និងបាន​រិតដ្បិត​ក្រុមហ៊ុនអាមេរិក​មួយចំនួន​ក្នុងការរកស៊ី​ផ្គត់ផ្គង់​ផលិតផល និងកម្មវិធី​មួយចំនួន​ទៅឲ្យ​ក្រុមហ៊ុន Huawei ផងដែរ។ ជាពិសេស គឺក្រុមហ៊ុន Google តែម្ដង ត្រូវបាន​រដ្ឋាភិបាល​អាមេរិក ធ្លាប់​គំរាម​មិនឲ្យ​ផ្គត់ផ្គង់​ប្រព័ន្ធប្រតិបត្តិការ Android ទៅឲ្យ Huaweiនោះទេ។ ទោះយ៉ាងណា ដើម្បី​ត្រៀមខ្លួន​នឹងបញ្ហានេះ Huawei ក៏បាន​ត្រៀមខ្លួនរួច​រាល់ហើយដែរ ដើម្បី​ប្រឈម​នឹងបញ្ហាដ៏ធំមួយនេះបើវា​ពិតជាកើត​ឡើងមែន ដោយ Huawei បាន​បង្កើត​ប្រព័ន្ធ​​ប្រតិបត្តិការថ្មី គឺ Harmony OS ត្រៀម​ជំនួស Androidនេះ។ 

ទោះយ៉ាងណា អ្នកជំនាញ​បច្ចេកវិទ្យា​មួយចំនួន បាន​លើកឡើងថា វា​មិនមែនជារឿង​ងាយស្រួល​ប៉ុន្មានទេ ក្នុងការបង្កើតនូវ​ប្រព័ន្ធប្រតិបត្តិការ​ថ្មី ព្រោះវា​ត្រូវការ​ការចូលរួម​មួយភាគធំ ពីអ្នកអភិវឌ្ឍន៍​កម្មវិធី (App Developer) ដែលវា​ទាមទារ​ពេលវេលា​ច្រើនដើម្បីអាច​សម្រេច​ទៅបាន​ដោយជោគជ័យ។ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម នាំចូលទំនិញពី អាមេរិក តម្លៃជាង ៨ពាន់លានដុល្លារ ៧ខែ ឆ្នាំ ២០១៩

ព័ត៌មាន
ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០១៩នេះ ប្រទេសវៀតណាម បានធ្វើការនាំចូលទំនិញមកពី អាមេរិក មានតម្លៃជាង ៨ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ១...

ក្រុមហ៊ុនអាកាសចរណ៍​ថៃ Thai Airway ខាតបង់ចំណូលជាងទ្វេដង នៅត្រីមាសទី២ ឆ្នាំនេះ

ព័ត៌មាន
របាយការណ៍នៅត្រីមាសទី២ ឆ្នាំ២០១៩នេះ បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airway បានខាតបង់ប្រាក់ចំណូលច្រើនជាង ទ្វេដង។ បញ្ហាព្យុះភ្លៀង...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ