ចម្ការមៀនជាង៥០ហើយបានមកចុះបញ្ជីសម្រាប់នាំចេញទៅចិន

សមាគមមៀនប៉ៃលិន៖ ចម្ការមៀនជាង៥០ហើយបានមកចុះបញ្ជីសម្រាប់នាំចេញទៅចិន ខណៈការនាំចេញរំពឹងចាប់ផ្ដើមឡើងនៅខែសីហា


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម អះអាងថា ផ្លែមៀនប៉ៃលិនស្រស់កម្ពុជា អាចនឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិននៅខែសីហាខាងមុខនេះ ក្រោយពីទទួលបានការវាយតម្លៃពីអគ្គនាយកដ្ឋានគយចិនថា ផ្លែមៀនប៉ៃលិនកម្ពុជា មានគុណភាពល្អ គ្មានសមាសភាពចង្រៃ ព្រមទាំងមានការអនុវត្តកសិកម្មល្អផងដែរ។ ទន្ទឹមនឹងនេះ ខាងសមាគមមៀនប៉ៃលិន បានបង្ហាញក្តីរំពឹងខ្ពស់ ចំពោះការនាំចេញមៀនទៅកាន់ទីផ្សារប្រទេសចិននេះ ដើម្បីជួយសង្គ្រោះទីផ្សារមៀនកុំឲ្យជួបបញ្ហាដូចឆ្នាំមុនៗទៀត។
មៀនប៉ៃលិន

សមាគម​មៀន​ប៉ៃលិន បានអះអាងដែរថា មកទល់ពេលនេះ មានម្ចាស់ចម្ការមៀន​ជាង៥០ហើយ នៃចម្ការជាង២០០​ជាសមាជិក​របស់​សមាគម បាន​មកចុះបញ្ជីនៅក្រសួង​កសិកម្ម​ដើម្បីត្រៀមនាំចេញមៀន​ទៅកាន់ទីផ្សារប្រទេសចិន។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា នៅពេលបច្ចុប្បន្ន ផ្លែមៀនប៉ៃលិនស្រស់របស់កម្ពុជា មិនទាន់មានការនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិននោះទេ ហើយតាមការវាយតម្លៃចុងក្រោយរបស់អគ្គនាយកដ្ឋានគយចិន បានវាយតម្លៃថា ពាក់ព័ន្ធនឹងគុណភាព ផ្លែមៀនប៉ៃលិនកម្ពុជា គឺមានគុណភាពល្អជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយពាក់ព័ន្ធនឹងសមាសភាពចង្រៃវិញ ផ្លែមៀនប៉ៃលិនកម្ពុជា ក៏ពុំមានសមាសភាពចង្រៃ ភូតគាមអនាម័យ ដែលប្រទេសចិនហាមឃាត់នោះដែរ។ បន្ថែមពីនេះ ចំពោះការវាយតម្លៃនៅតាមចម្ការវិញ អគ្គនាយកដ្ឋានគយចិន មើលឃើញថា ចម្ការដាំដុះមៀនប៉ៃលិនកម្ពុជា មានការដាំដុះស្អាត និងមានអនាម័យល្អ ហើយមានការកត់សម្គាល់ឃើញថា មានការអនុវត្តកសិកម្មល្អបានយ៉ាងត្រឹមត្រូវផងដែរ។ ផ្អែកតាមការវាយរបស់អគ្គនាយកដ្ឋានគយចិនរួចមក ឯកឧត្តម ងិន ឆាយ បានសង្កត់ធ្ងន់ថា មិនមានអ្វីជាបញ្ហាចោទចំពោះការនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននោះទេ ហើយកម្ពុជានឹងអាចនាំចេញផ្លែមៀនប៉ៃលិនស្រស់ចូលប្រទេសចិននៅពេលឆាប់នេះ ពោលគឺនៅពេលដែលមៀនប៉ៃលិនដល់រដូវប្រមូលផល គឺនៅក្នុងខែសីហា ឬខែកញ្ញា ខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តម ងិន ឆាយ បានបញ្ជាក់ឲ្យដឹងថា មានរោងចក្រចំនួន៨ ដែលបានវាយតម្លៃរួចរាល់ ថាអាចមានសមត្ថភាព និងស្តង់ដារគ្រប់គ្រាន់ដែលអាចនាំចេញទៅប្រទេសចិនបាន។

ជុំវិញការនាំចេញមៀនប៉ៃលិនទៅកាន់ប្រទេសចិននេះដែរ លោក សារ ចំរើន ទីប្រឹក្សារសមាគមមៀនប៉ៃលិន បានគូសបញ្ជាក់ដែរថា គម្រោងនៃការនាំចេញមៀនប៉ៃលិនទៅប្រទេសចិន គឺខាងសមាគមទទួលបានចម្ការចំនួន៥០ ក្នុងចំណោមសមាជិករបស់សមាគមចំនួនជាង២០០ចម្ការ ដែលបានមកចុះបញ្ជីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ បន្ថែមពីនេះ លោក សារ ចំរើន មានក្តីរំពឹងថាផ្លែមៀនប៉ៃលិនឆ្នាំនេះ​អាចនឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិនបានឆាប់ៗនេះ ដ្បិតថាខាងសមាគមបានសហការជាមួយនឹងក្រុមហ៊ុននាំចេញ ត្រៀមខ្លួនរួចជាស្រេច ទាំងទីផ្សារ និងការវិចខ្ចប់ជាដើម ដោយនៅចាំតែខាងរដ្ឋាភិបាល​នៃប្រទេសទាំងពីរយល់ព្រមក្នុងការនាំចេញប៉ុណ្ណោះ។ ដោយឡែក ប្រសិនបើការនាំចេញនៅតែបន្ដអូសបន្លាយ មិនអាចនាំចេញបានទៀតនោះ លោក សារ ចំរើន មើលឃើញថា វានឹងអាចត្រលប់ទៅជួបនូវបញ្ហាធ្ងន់ធ្ងរដូចឆ្នាំមុនផងដែរ ប៉ុន្តែលោកនូវតែមានសុទិដ្ឋិនិយមថា យ៉ាងណាប្រាកដជាអាចនាំចេញទៅប្រទេសចិនបាន។

ពាក់ព័ន្ធនឹងទីផ្សារមៀននេះដែរ នាថ្ងៃទី១៩ ខែកក្កដា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅខេត្តប៉ៃលិន ក្នុងការប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត ជាមួយសហគមន៍មៀនប៉ៃលិន ក្នុងខេត្តចំនួន៤ រួមមាន ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។ តាមរយៈពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុន ឆាយណា ជិនវ័រយាន អ៊ីមផតអិចផត បានចុះកិច្ចសន្យាទិញមៀនប៉ៃលិន ជាមួយសហគមមៀនប៉ៃលិន នៅក្នុងតម្លៃជាក់លាក់ចាប់ពី ៣ពាន់៣រយ ទៅ ៤ពាន់៥រយ រៀលក្នុងមួយគីឡូក្រាម គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែមិថុនាឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


រថយន្តដឹកទំនិញធំៗត្រូវបង់១២០ដុល្លារ បើចង់ប្រើប្រាស់ផ្លូវល្បឿនលឿនទៅមក ខណៈអ្នកជំនាញថា គួរតែបន្ទាបតម្លៃជាងនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីវឌ្ឍនភាព នៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ដែលមកទល់ពេលនេះសម្រេចបានជាង៩០%…

តើអ្វីខ្លះជាឱកាស និងបញ្ហាប្រឈមរបស់វិស័យកសិកម្មកម្ពុជា នារយៈពេល៥ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យសំខាន់ៗ ដទៃ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈវិស័យនេះកាន់តែបង្ហាញពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ