ផ្សារទំនើប​ក្នុងរាជធានីភ្នំពេញ

គ្មានឈ្មោះផ្សារទំនើប Parkson ទេ! នឹងមានតែ Phnom Penh Mega Mall ប៉ុណ្ណោះ ដែលត្រៀមបើក នៅត្រីមាសទី ៣ ឆ្នាំ ២០២០


អគារដែលមានរចនាបថមើលទៅស្រដៀងនឹងសម្បុកឃ្មុំដែលស្ថិតនៅខាងកើតគល់ស្ពានអាកាសតិចណូ ដែលមហាជនស្គាល់ថា ជាអគារផ្សារទំនើប Parkson Mall នោះ នឹងត្រូវបើកដំណើរការនៅត្រីមាសទី ៣ ឆ្នាំ២០២០ខាងមុខនេះហើយ ប៉ុន្ដែ នឹងមិនមានឈ្មោះថា ផ្សារទំនើប Parkson Mall នោះទេ តែត្រូវប្ដូរមកប្រើឈ្មោះ Phnom Penh Mega Mall ជំនួសវិញ។ នេះបើតាមការបញ្ជាក់អះអាង ពីអ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនអភិវឌ្ឍន៍អគារផ្សារទំនើបនេះ។
អគារផ្សារទំនើប​ Phnom Penh Mega Mall ដែលពីមុនគេស្គាល់ថា អគារផ្សារទំនើប Parkson គ្រោងបើកដំណើរការសាកល្បង​ នៅត្រីមាសទី ៣ ឆ្នាំ ២០២០ (រូបភាព៖ ហេង ភារម្យ)
ដោយ

ក្រោយពីមាន​ការប្ដូរឈ្មោះ​ ដែលធ្លាប់តែគេ​ស្គាល់ជាផ្សារ ទំនើប Parkson មកជា ផ្សារទំនើប Phnom Penh Mega Mall វិញ ក៏មាន​ការលើកឡើងតៗគ្នាថា ផ្សារនេះ ត្រូវបាន​ប្ដូរម្ចាស់ថ្មី។

ទាក់ទង​នឹងការលើកឡើងនេះដែរ លោក Olvy Othsman នាយកគ្រប់គ្រង​​ផ្សារទំនើប​ Phnom Penh Mega Mall បានអះអាង គម្រោងនេះ ប្ដូរតែឈ្មោះប៉ុណ្ណោះ មិនមានការប្ដូរម្ចាស់ ដូចការលើកឡើង​នោះទេ។

លោក Olvy Othsman បាននិយាយ​តាមទូរស័ព្ទ​យ៉ាងដូច្នេះថា «គម្រោងនេះ ប្តូរតែឈ្មោះទេ មិនបាន​ប្ដូរម្ចាស់អីទាំងអស់។ ពីមុនគេស្គាល់ថា ឈ្មោះគម្រោងយើង ចុះបញ្ចីនៅ CDC គឺ Phnom Penh City Center តែក្រោយមក​យើងក៏ដូរមកជា Phnom Penh Mega Mall វិញ ហើយយើងក៏​បានស្នើ​ដូរឈ្មោះ​ចុះបញ្ចីអីហ្នឹងរួចរាល់អស់ហើយ! អត់មាន Parkson ទេ! រឿងជាមួយ Parkson យើងចប់​យូរហើយ»។

អគារផ្សារទំនើប​ Phnom Penh Mega Mall ដែលពីមុនគេស្គាល់ថា អគារផ្សារទំនើប Parkson គ្រោងបើកដំណើរការសាកល្បង​ នៅត្រីមាសទី ៣ ឆ្នាំ ២០២០ (រូបភាព៖ ហេង ភារម្យ)

នៅពេលដែលសួរថា តើការបញ្ចប់​កុងត្រា​រវាងក្រុមហ៊ុន​ជាមួយ​នឹង​ផ្សារទំនើប​Parkson ត្រូវបាន​បញ្ចប់ពីពេលណា និងក្រោមហេតុផលអ្វីនោះ លោក Olvy Othsman បាន​នៅស្ងៀម ហើយក៏ឆ្លើយថា រវល់ ព្រោះជាប់​មានភ្ញៀវ​ ហើយក៏ចុច​បិទ​ទូរស័ព្ទ។

បើតាម​ការបញ្ជាក់ របស់​លោក Olvy Othsman ការប្ដូរឈ្មោះមក​ជា​ផ្សារទំនើប Phnom Penh Mega Mall នេះ គឺមិនមាន​ដូរទ្រង់ទ្រាយ ឬផ្ទៃអគារអ្វីនោះទេ ពោលគឺ​អ្វីៗ​ធ្វើទៅតាម​គម្រោង​ដដែល។

សូមជម្រាបថា អគារ​ Phnom Penh Mega Mall នេះ ត្រូវបានដឹងថា ពីមុនមក​ គឺមានការជួល​មួយភាគធំ ដោយក្រុមហ៊ុន​ផ្សារទំនើប​ Parkson តែក្រោយមក​ក៏មានការ​លុបចោល​កុងត្រាវិញ។ ​

អគារ​ផ្សារទំនើប​នេះ ត្រូវបានគេដឹងថា ចាប់ផ្ដើម​សាងសង់ឡើង​តាំងពីឆ្នាំ ២០១២​មកម្ល៉េះ និងធ្លាប់បាន​ប្រកាសថា បើកដំណើរការ​នៅឆ្នាំ២០១៥ ប៉ុន្ដែក្រោយមក ក៏មាន​ការអូសបន្លាយ​ម្ដងហើយ ម្ដងទៀត មកទល់នឹងសព្វថ្ងៃនេះ។

បើតាមរបាយការណ៍​ពីក្រុមហ៊ុន CBRE ដែល​ទទួលសិទ្ធិលក់ និង​ជួល​ទីតាំង​ក្នុង​គម្រោងនេះ បាន​ឲ្យដឹងថា អគារ​ផ្សារទំនើប Phnom Penh Mega Mall នេះនឹងបើកដំណើរការ​សាកល្បង​នៅត្រីមាសទី៣ ឆ្នាំ២០២០ ដោយវា​មានកម្ពស់ ១០ ជាន់ និងមាន ៥ជាន់​សម្រាប់​ចតយានយន្ដ ដែលអាចដាក់ឡាន បាន​១.៥០០ គ្រឿង និងម៉ូតូ ២.០០០ គ្រឿង។ ខណៈដែល​ទំហំផ្ទៃសំណង់​សរុប​មានជាង ៤ម៉ឺន​ម៉ែត្រការ៉េ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋថៃ គ្រោងផ្ដល់ការប្រើប្រាស់អគ្គិសនី ឥតគិតថ្លៃ ដល់ប្រជាជនរស់នៅជុំវិញរោងចក្រផលិតថាមពលអគ្គិសនី

ព័ត៌មាន
គណៈកម្មការគ្រប់គ្រងថាមពល (ERC) របស់ថៃ កំពុងពិចារណា ផ្ដល់ជូនការប្រើប្រាស់អគ្គិសនីដោយមិនគិតថ្លៃ ដល់សហគមន៍ និងភូមិមួយចំនួននៅជុំវិញរោងចក្…

ហ្វីលីពីនត្រៀមដាក់ពន្ធគយលើការនាំចូលស៊ីម៉ងត៍ពីវៀតណាម

ព័ត៌មាន
ហ្វីលីពីន មានតម្រូវការនាំចូលស៊ីម៉ងត៍ យ៉ាងច្រើន ដោយភាគច្រើនគឺនាំចូលពីប្រទេសវៀតណាម ហើយនិន្នាការនេះ បានជំរុញឲ្យរដ្ឋាភិបាលហ្វីលីពីន នឹងកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ