វិស័យធនាគារនៅកម្ពុជា

ឧកញ៉ា លី ហួរ ចាប់ដៃគូជាមួយវិនិយោគិនជប៉ុន បង្កើតធនាគារពាណិជ្ជដ៏ធំមួយ


បើនិយាយពីឈ្មោះ លី ហួរ មនុស្សភាគច្រើនស្គាល់ថាជា យីហោហាងលក់គ្រឿងអលង្ការ ហាងឆេងប្ដូរប្រាក់ដ៏ល្បីល្បាញបំផុតទូទាំងប្រទេស ។ ប៉ុន្ដែ ក្រៅពីអាជីវកម្មនេះ ក្រុមហ៊ុនលី ហួរ បានបោះទុនរកស៊ីពហុវិស័យ។
ឧកញ៉ា លី ហួរ ចាប់ដៃគូជាមួយវិនិយោគិនជប៉ុន បង្កើតធនាគារពាណិជ្ជដ៏ធំមួយ

ជាក់ស្ដែងនាពេលថ្មីៗនេះ ក្រុមហ៊ុន លី ហួរបានបោះជំហានមួយកាន់តែធំថែមទៀតក្នុងវិស័យហិរញ្ញវត្ថុ គឺការបង្កើតនូវធនាគារពាណិជ្ជដ៏ធំមួយ ក្រោមការចាប់ដៃគូជាមួយនឹងក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន។ការទទួលបាន​ភាពរីកចម្រើន​ដ៏អស្ចារ្យ​របស់​ក្រុមហ៊ុន​លី ហួរ មកទល់នឹង​សព្វថ្ងៃនេះ គឺមិនអាច​ខ្វះបាន​នូវ​ថ្នាក់ដឹកនាំ​ដែលមាន​ចក្ខវិស័យ និងទស្សនវិស័យវែងឆ្ងាយ​ នោះគឺ​ លោក​ឧកញ៉ា​ លី ហួរ​ ។

លោក​ឧកញ៉ា​ លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប

ក្រោមការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​មុតស្រួច​​របស់​លោកឧកញ៉ា លី ហួរ បច្ចុប្បន្ន ក្រុមហ៊ុន​លី ហួរ គ្រុប​មាន​ក្រុមហ៊ុន​ធំ​យ៉ាងតិច ៨ ផ្ដោត​ស្ទើរតែគ្រប់​​វិស័យ រាប់តាំងពី ជំនួញ​គ្រឿងអលង្ការ​មានតម្លៃ និង​ប្ដូរ​ប្រាក់, កសិកម្ម, ​អចលនទ្រព្យ និង​ហិរញ្ញវត្ថុ។

អ្វីដែល គេចាប់អារម្មណ៍ខ្លាំងបំផុតនោះ​ គឺ​នៅ​រយៈពេល​ចុងក្រោយ​នេះ ​លោក​ឧកញ៉ា លី ហួរ បាន​ចាប់ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជប៉ុនដ៏ធំមួយ ដោយបាន​ប្រែក្លាយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ លី ហួរ ទៅជា​ធនាគារ​ពាណិជ្ជធំមួយ ដែល​មានឈ្មោះថា អេស.ប៊ី.អាយ លី ហួរ។

លោក អ៊ុត សឿង គឺជាអគ្គនាយក នៃ​ ធនាគារ​ អេស.ប៊ី.អាយ លី ហួរ ថ្មីនេះ ។ « លីហួរ បានបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ កាលពីឆ្នាំ២០១២ ហើយយើងបានពង្រីកខ្លួនបន្តិចម្តងៗ រហូតដល់ឆ្នាំ​២០១៩នេះ គឺយើងមានសាខា​ នៅគ្រប់ខេត្តក្រុងអស់បាត់ទៅហើយ ហើយយើងបានចាប់ដៃគូថ្មីមួយ ដែលជាវិនិយោគរបស់ជប៉ុនដ៏ធំមួយ ដែលមានឈ្មោះថា SBI Holdings ហើយ SBI Holdings ហ្នឹងគាត់មានក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធគាត់ជាង២៦០ ហើយមានទ្រព្យសកម្មសរុបលើសពី៥០ពាន់លានដុល្លារទៅទៀត។គាត់បានចាប់ដៃគូជាមួយយើង ហើយប្រែក្លាយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ទៅជាធនាគារអេស.ប៊ី.អាយ លី ហួរ ម.ក»​។

លោក អ៊ុត សឿង អគ្គនាយក នៃ​ ធនាគារ​ អេស.ប៊ី.អាយ លី ហួរ

លោក អ៊ុត សឿង​បានបញ្ជាក់ថា ការចាប់ដៃគូរវាង​ក្រុមហ៊ុន​លី ហួរ ជាមួយនឹង​ក្រុមហ៊ុន​ជប៉ុន SBI Holdings ដើម្បីប្រែក្លាយ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ទៅជាធនាគារពាណិជ្ជ SBI Ly Hour នេះ គឺជាការគិតគូរ​ប្រកប​ដោយចក្ខុវិស័យវែងឆ្ងាយ​របស់​លោកឧកញ៉ា លី ហួរ ក្នុងការ​បោះជំហាន​មួយកម្រិតទៀត​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ។ 

ទោះបីជា​ មាន​វត្តមាន​ធនាគារ និងមីក្រូហិរញ្ញវត្ថុ​កាន់តែច្រើន បាននិងកំពុង​ពង្រីកខ្លួន​លើទីផ្សារយ៉ាងណាក្ដី ប៉ុន្ដែ ធនាគារ SBI Ly Hour នៅតែមាន​ទំនុកចិត្ត​ និងជឿជាក់ខ្ពស់ចំពោះ​ការឈាន​ជើង​ចូលមក​បំពេញ​តម្រូវ​ទីផ្សារ ។

លោក អ៊ុត សឿង បាន​លើកឡើង​ពីចំណុចខ្លាំង​របស់​ធនាគារ SBI Ly Hour យ៉ាងដូច្នេះថា«អ្វីដែលសំខាន់ គឺយើងបានតភ្ជាប់ប្រព័ន្ធធនាគាររបស់យើងហ្នឹងជាមួយលីហួរវេលុយ ដែលអនុញ្ញាតឲ្យអតិថិជនរបស់យើង អាចធ្វើប្រតិបត្តិការធនាគារហ្នឹងទូទាំង៥ពាន់ភ្នាក់ងារទូទាំងប្រទេស។ កេរ្តិ៍ឈ្មោះរបស់ឧកញ៉ា លី ហួរ នរណាក៏ស្គាល់ដែរ យើងមិនចាំបាច់បន្ថែមទេ SBI ឯណោះវិញ គឺជាក្រុមហ៊ុនជប៉ុនដ៏ធំ ដែលអាចជាប់លំដាប់ក្នុងចំណោមក្រុមហ៊ុន១០ធំៗ ទូទាំងប្រទេសជប៉ុន ហើយប្រទេសជប៉ុនផងដែរ គឺជាមហាអំណាចសេដ្ឋកិច្ចទី៣ក្នុងពិភពលោក ដែលនរណាក៏ដឹងដែរ​ អញ្ចឹងការបញ្ជូលគ្នារវាង លី ហួរ ដែលជាឧកញ៉ាដ៏ធំមួយនៅស្រុកខ្មែរ បូកជាមួយវិនិយោគិនដ៏ធំមួយទៀតរបស់ជប៉ុន ធ្វើធនាគារ អេស.ប៊ី.អាយ​ លី ហួរ ម.ករបស់យើង នឹងក្លាយទៅជាធនាគារមួយដែលមានទំនុកចិត្ត»​។

គួរ​បញ្ជាក់ថា ធនាគារ អេស.ប៊ី.អាយ លី ហួរ គឺជា​បុត្រ​សម្ព័ន្ធ​របស់ក្រុមហ៊ុន​ជប៉ុន អេស.ប៊ី.អាយ ហូលឌីង ដែល​ចុះ​បញ្ជី​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុនតូក្យូ។

បើទោះបីជា ការ​សហវិនិយោគ​ចាប់ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​ជប៉ុនក្ដី ប៉ុន្ដែ បើតាម​ការអះអាង​របស់​លោក អគ្គនាយក​ធនាគារ SBI Ly Hour ធនាគារនេះ នៅតែរក្សា​ទុក​ថ្នាក់ដឹកនាំ និងបុគ្គលិក​ទាំងអស់ដដែល​មិនមាន​ការរុសរើ​តំណែង​អ្វីនោះទេ។

«ជាទូទៅយើងឃើញ នៅពេលដែលមានការផ្លាស់ប្តូរភាគទុននិក ច្រើនតែមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ មានការបញ្ជូលជនជាតិបរទេស ជាពិសេសជនជាតិដែលជាអ្នកវិនិយោគ តែសម្រាប់ខាងធនាគាររបស់យើង ភាគីជប៉ុនគឺគាត់មានទំនុកចិត្តខ្ពស់ នៅពេលដែលគាត់ចចារក្នុងការចូលហ៊ុនជាមួយធនាគាររបស់យើង គាត់ទាមទារធ្វើម៉េចឲ្យថ្នាក់ដឹកនាំនៅរក្សាធ្វើការនៅហ្នឹងដដែល ជាពិសេសទៅទៀតនោះគឺឧកញ៉ា លី​ហួរ នៅតែកាន់ដំណែងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគាររហូត»។

យោងតាមរបាយការណ៍ពីធនាគារជាតិ គិតមកដល់​ឆមាសទី១ ទ្រព្យសកម្ម​របស់ធនាគារ និងហិរញ្ញវត្ថុ ​មានកំណើនដល់ ជាង ៥៤ពាន់​លានដុល្លារ។ ឥណទានអតិថិជន ​មានជាង ៣៤ពាន់​លានដុល្លារ ខណៈប្រាក់​បញ្ញើ​អតិថិជន​ មាន​កំណើន ៣០ពាន់​លានដុល្លារ។ បើគិតជា​ចំនួនគណនី​ឥណទាន​អតិថិជន​បានកើន​ជាង ៣លាន​គណនី ខណៈគណនី​ប្រាក់បញ្ញើ​អតិថិជន​មានជាង​៨លានគណនី។ 

ក្នុងនោះដែរ ចំនួន​គ្រឹះស្ថាន​ធនាគារពាណិជ្ជ​មានចំនួន ៥១, ធនាគារឯកទេស​មាន​ចំនួន ១៤, គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើចំនួន ៦ និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មិនទទួល​ប្រាក់បញ្ញើ​ចំនួន ៧៦។

តាមការបេជ្ញាចិត្ត របស់​ធនាគារ អគ្គនាយ​កធនាគារ​​ SBI Ly Hour នៅក្នុងរយៈពេល ៣ ទៅ​៥ឆ្នាំទៅមុខទៀត លោកជឿជាក់ថា ធនាគារ អេសប៊ីអាយ លី ហួរ នឹងក្លាយជាធនាគារ​មួយក្នុងចំណោម​ធនាគារ​ធំៗទាំង​១០ នៅកម្ពុជា។​

«ជាប្រចាំឆ្នាំ យើងអាចមានគម្រោងបង្កើតសាខាបន្ថែម ជាមធ្យមប្រហែល១០សាខា ហើយអ្វីដែលយើងចង់បាន គឺនៅក្នុងរយៈពេលដ៏ខ្លី យើងចង់ឲ្យក្លាយទៅធនាគារធំមួយ ក្នុងចំណោមធនាគារ១០​ នៅក្នុងព្រះរាជាណា​ចក្រកម្ពុជា»៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រលានយន្ដហោះតារាសាគរខេត្តកោះកុង នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅចុងឆ្នាំនេះ

ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅចុងឆ្នាំ២០២០នេះហើយ ខណៈដែលតាម​ការ​រំពឹងទុក​របស់​ថ្នាក់ដឹ…

តំណាង SME បន្តជំរុញឲ្យបង្កើតតំបន់សហគ្រាសផលិតប្រមូលផ្តុំទូទាំង២៥ រាជធានី-ខេត្ត

ព័ត៌មាន
សម្ព័ន្ធសហគ្រាសធនតូច និងមធ្យមកម្ពុជាកំពុងអនុវត្តជំរុញបង្កើតតំបន់សហគ្រាសប្រមូលផ្តុំសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលការធ្វើដូច្នេះដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ