ហិរញ្ញប្បទាន​រវាង​ថៃ និងមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា ខ្ចីប្រាក់ ៤៦លានដុល្លារពីប្រទេសថៃ ដើម្បីអភិវឌ្ឍប្រព័ន្ធអគ្គិសនី


កម្ចីសម្បទានតម្លៃ ១,៤៥ ពាន់លានបាត ឬស្មើនឹងប្រមាណ ៤៦លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលថៃ អនុម័តផ្ដល់ឲ្យប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយឲ្យប្រទេសនេះ ធ្វើឲ្យមានភាពប្រសើរឡើងនូវប្រព័ន្ធអគ្គិសនីក្នុងស្រុករបស់ខ្លួន ដែលបច្ចុប្បន្នកំពុងមានការខ្វះខាតសម្រាប់ការប្រើប្រាស់។ នេះបើតាមការរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍។
មីយ៉ាន់ម៉ា ខ្ចីប្រាក់ ៤៦លានដុល្លារពីប្រទេសថៃ ដើម្បីអភិវឌ្ឍប្រព័ន្ធអគ្គិសនី (រូបភាព៖http://www.thaibizmyanmar.com )

អ្នកស្រី​ Rachada Dhanadirek អនុប្រធាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ បាននិយាយ​នៅថ្ងៃអង្គារ​ម្សិលមិញនេះថា ប្រាក់កម្ចីនេះ គឺជាផ្នែកមួយ​នៃ​គំនិត​ផ្ដួចផ្ដើម​របស់ថៃ​​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង។

អ្នកស្រី Rachada បន្ថែមថា ភ្នាក់ងារកិច្ច​សហប្រតិបត្តិការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ជិតខាង (NCEDC) របស់ថៃ នឹង​​រៀបចំ និង​ពង្រីក​ប្រាក់​កម្ចី​បន្ថែម ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា។ ប្រាក់ទាំងនោះ នឹង​ត្រូវ​ប្រើប្រាស់​លើគោលដៅ សាងសង់ និង​ធ្វើឲ្យប្រសើរឡើង​នៃ​បណ្ដាញ​អគ្គិសនី និងប្រព័ន្ធ​បញ្ជូន​អគ្គិសនី​នៅក្នុង​ទីក្រុង​យ៉ាំងហ្គន​ប្រទេសមីយ៉ាន់ម៉ា។

ប្រភពពីរាជរដ្ឋាភិបាល​ថៃ បាន​បញ្ជាក់ថា ក្នុងចំណោម​កម្ចីប្រមាណ​៤៦​លាន​ដុល្លារអាមេរិកនោះ គឺមាន​ប្រមាណពាក់​កណ្ដាល​ នឹងបានមក​ពី​កញ្ចប់ថវិកា​ប្រចាំឆ្នាំ​សម្រាប់​ឆ្នាំសារពើរពន្ធ ២០២១-២០២៣ និងថវិកា​ដែលនៅសល់​ផ្សេងទៀត គឺបានខ្ចីពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុងស្រុក ដែលមាន​រយៈពេល​កម្ចី​៥ឆ្នាំ។ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បន្ថែមថា ការដេញថ្លៃ​សម្រាប់​ការខ្ចីក្នុងស្រុក នឹង​ត្រូវបានធ្វើឡើង​សម្រាប់​ស្ថាប័ន​ដែល​អាច​ពង្រីក​ការ​ផ្ដល់ជូន​ដ៏ល្អបំផុត។

ការផ្ដល់​ប្រាក់​កម្ចី​ទៅឲ្យ​ប្រទេសមីយ៉ាន់ម៉ានេះ គឺមាន​អត្រាការប្រាក់ ១,៥% ក្នុងមួយឆ្នាំ ដោយមាន​រយៈពេល​សង​៣០ឆ្នាំ និងមាន​ការអនុគ្រោះ​មិនផាកពិន័យ​ចំពោះ​ការសង​យឺតយ៉ាវ​រយៈពេល​១០ឆ្នាំ។ 

ក្រោម​កិច្ចព្រមព្រៀង​នៃ​ប្រាក់កម្ចីនេះ ៥០% នៃ​ទំនិញ និងសេវាកម្ម នៅក្នុងគម្រោង​បណ្ដាញ​ថាមពល​អគ្គិសនី​ត្រូវតែ​យកពីប្រទេសថៃ។ បន្ថែមពីនេះ ប្រទេសមីយ៉ាន់ម៉ា ត្រូវតែ​មានបញ្ចូល​ឈ្មោះ​ក្រុមហ៊ុន​អ្នកម៉ៅការ​សាងសង់​របស់ថៃ និង​វិស្វករ​​ប្រឹក្សាយោបល់​របស់ថៃ ទៅក្នុង​គម្រោងផងដែរ ខណៈដែល​ច្បាប់គ្រប់គ្រង​កិច្ចព្រមព្រៀង​ប្រាក់កម្ចីនេះ ត្រូវតែចេញ​ដោយប្រទេសថៃ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាលថៃ បញ្ជាក់ថា «ការផ្ដល់ជំនួយហិរញ្ញវត្ថុ​ដល់​មីយ៉ាន់ម៉ា គឺធ្វើឡើង​ស្របទៅនឹង​យុទ្ធសាស្ត្រពង្រឹង​ទំនាក់ទំនង​ជាមួយប្រទេសជិតខាង។ វាក៏ជួយ​គាំទ្រ​ដល់​ផលិតកម្ម​ទំនិញ និងសេវាកម្ម របស់​សហគ្រិនថៃ និងការជំរុញបង្កើតការងារ​ក្នុងប្រទេស​ថៃ​ផងដែរ»។

លើសពីនេះទៅទៀត កិច្ចព្រមព្រៀង​ផ្ដល់​កម្ចីនេះ នឹងជួយទាក់ទាញ​វិនិយោគ​ថៃ ទៅកាន់ប្រទេស​មីយ៉ាន់ម៉ា​កាន់តែច្រើនផងដែរ។

ប្រទេសថៃ បច្ចុប្បន្ននេះ គឺជា​វិនិយោគិន​ធំបំផុតទី៣ របស់​ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់ពី​សិង្ហបុរី និងប្រទេសចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនផ្ដោតការចាប់អារម្មណ៍កាន់តែខ្លាំងមកលើវិស័យកសិកម្មកម្ពុជា

ព័ត៌មាន
ស្របពេលដែលវិស័យសំខាន់ៗរបស់កម្ពុជាបានបង្ហាញពីការថយចុះនៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ វិស័យកសិកម្មបានបង្ហាញពីភាពវិជ្ជមានដោយមានសន្ទុះទៅមុខគ…

សេដ្ឋកិច្ចសិង្ហបុរីដាំក្បាលចុះដល់ទៅ ៤១% នៅក្នុងត្រីមាសទី ២ ឆ្នាំនេះ

ព័ត៌មាន
នៅត្រីមាសទី២ នៅឆ្នាំនេះ សេដ្ឋកិច្ចសិង្ហបុរីត្រូវបានប៉ាន់ប្រមាណថា មានការដាំក្បាលចុះដល់ទៅ ៤១% បើធៀបនឹងត្រីមាសទី១ ហើយការធ្លាក់ចុះដ៏សម្បើមន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ