ព្រលានយន្តហោះសៀមរាបអង្គរថ្មីគ្រោងដាក់ឲ្យដំណើរការនៅខែតុលា ខាងមុខ

ព្រលានយន្តហោះសៀមរាបអង្គរថ្មីសម្រេចការសាងសង់ជាង៩៨% ហើយគ្រោងដាក់ឲ្យដំណើរការនៅខែតុលា


បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តម្លៃជាង១ពាន់១រយលានដុល្លារ នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជាង ៩៨%ហើយ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ព្រលានយន្តហោះសៀមរាបអង្គរថ្មីគ្រោងដាក់ឲ្យដំណើរការនៅខែតុលា ខាងមុខ
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ចាក់ថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣ ការសាងសង់អាកាសយានដ្ឋានថអន្តរជាតិសៀមរាបអង្គរថ្មីសម្រេចបានជាង៩៨%ហើយ ដោយគ្រោងដាក់ឱ្យដំណើរការនៅអំឡុងពាក់កណ្តាលខែតុលា ខាងមុខនេះ។

មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមថា សម្រាប់ការទទួលយកបុគ្គលិកពីព្រលានយន្តហោះចាស់មកព្រលានយន្តហោះថ្មី ក្រោមគោលការណ៍ស្ម័គ្រចិត្ដកំពុងតែវិវត្តន៍យ៉ាងរលូនជាមួយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ជាមួយគ្នានេះ ក្រុមហ៊ុនប្រតិបត្ដិករអាកាសយានដ្ឋានថ្មីនេះ នឹងទទួលយកទាំងអស់នូវបុគ្គលិកទាំងឡាយណា ដែលមានបំណងមកបម្រើការងារនៅព្រលានយន្តហោះថ្មី ដោយអនុលោមទៅតាមក្របខណ្ឌគតិយុត្តិ និងគោលការណ៍ឈ្នះ-ឈ្នះហើយតួនាទី និងភារកិច្ចរបស់បុគ្គលិកដែលធ្លាប់បម្រើការងារនៅអាកាសយានដ្ឋានចាស់ នឹងត្រូវបានរក្សាដដែល ឬអាចប្រសើរជាងមុនអាស្រ័យទៅលើការវាយតម្លៃ និងវាស់វែងសមត្ថភាពជាក់ស្តែង។ ជាមួយគ្នានេះ ដំណើរការនីតិវិធីបិទព្រលានយន្តហោះចាស់ ដើម្បីឈានទៅបើកព្រលានយន្តហោះថ្មី ក៏កំពុងប្រព្រឹត្តទៅយ៉ាងរលូនផងដែរ។

ក្រោយបញ្ចប់ការសាងសង់ដំណាក់កាលទី១ ព្រលានយន្តហោះ ដែលមានឈ្មោះ ផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» នេះ មានសមត្ថភាពអាចឲ្យយន្តហោះធុនធំ ដែលប្រើប្រាស់កូដអ៊ី ដូចជា A-340-300, A-350-900 និង B777 និង B747 ចុះចតបាន។ ព្រលានយន្តហោះនេះ ចំណតយន្តហោះចំនួន៣៨ចំណត ដែលអាចទទួលអ្នកដំណើរបានពី ៧លាននាក់ទៅជាង ១០លាននាក់ និងអាចទទួលជើងហោះហើរពីជិត ៦ម៉ឺនជើងទៅជាង ៨ម៉ឺនជើង និងទំនិញពី ១ម៉ឺនតោនក្នុង១ឆ្នាំ ទៅ៣ម៉ឺនតោនក្នុង១ឆ្នាំនៅត្រឹមឆ្នាំ ២០៤០។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អាកាសយានដ្ឋានអន្តរជាតិនេះសាងសង់ក្រោមទម្រង់វិនិយោគ«សាងសង់-អាជីវកម្ម-ផ្ទេរ/BOT» ហើយជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងស្រុងលើផ្ទៃដី៧០០ហិកតា និងមានដីបម្រុងទុក១ពាន់ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស/តំបន់ឧស្សាហកម្ម រណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចហៅថា«ទីក្រុងអាកាសយានដ្ឋាន/Airport City» នាពេលខាងមុខ។

អាកាសយានដ្ឋាននេះអភិវឌ្ឍន៍ដោយក្រុមហ៊ុន Angkor International Airport Investment (AIAI) ដែលមានភាគហ៊ុនិករបស់ក្រុមហ៊ុនវិនិយោគយូណាន៧៦,៦%, ក្រុមហ៊ុនសំណង់យូណាន២០% និងក្រុមហ៊ុនគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានយូណាន៣,៤%។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធខាងក្នុងព្រលាន ក៏មានការសាងសង់ផ្លូវហាយវេពិសេសចម្ងាយជាង២៤គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទៅកាន់ទីរួមខេត្តសៀម ដែលផ្លូវនេះត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៦ ត្រង់បង្គោលគីឡូម៉្រែតលេខ២៩៤មួយបន្ថែមទៀតផងដែរ។ មកទល់ពេលនេះការសាងសង់ផ្លូវហាយវេអាកាសយានដ្ឋាននេះសម្រេចការសាងសង់បាន៩៤%ហើយ ដោយគ្រោងបញ្ជប់នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ៕




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មពន្យល់ពីហេតុផល នៃការនាំចេញកសិផលកម្ពុជាធ្លាក់ចុះ ២២% នៅឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
យោងតាមរបាយការណ៍ស្ដីពីស្ថានភាពនៃការនាំចេញកសិផលនៅឆមាសទី១ ឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញថា នៅឆមាសទី១ ឆ្នាំន…

អនាគតរដ្ឋាភិបាលថ្មីថៃ ត្រូវបានស្នើឲ្យអនុម័តគោលនយោបាយគាំពាររថយន្តអគ្គីសនី

ព័ត៌មាន
រដ្ឋាភិបាលថ្មីថៃដែលនឹងកើតឡើងនាពេលខាងមុខ ត្រូវបានក្រុមប្រឹក្សាគោលនយោបាយយានយន្តអគ្គិសនីជាតិ ជំរុញឲ្យអនុម័តកញ្ចប់គោលនយោបាយរថយន្តអគ្គិសនី ៣.…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ