រដ្ឋចាប់ផ្ដើមប្រកាសដេញថ្លៃមូលបត្របំណុលលើកទី១របស់ខ្លួន

រដ្ឋចាប់ផ្ដើមប្រកាសដេញថ្លៃមូលបត្របំណុលលើកទី១របស់ខ្លួន ក្នុងទំហំទឹកប្រាក់ជិត២៥លានដុល្លារ


នៅទីបំផុត រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជាបានសម្រេច ប្រកាសដាក់ឲ្យមានការដេញថ្លៃមូលបត្របំណុលរដ្ឋជាលើកដំបូងរបស់ខ្លួនហើយ។ សម្រាប់ដំណាក់កាលទី១ នៃការប្រកាសដេញថ្លៃមូលបត្របំណុលរដ្ឋនេះ គឺចាប់ផ្ដើមនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់ជិត២៥លានដុល្លារអាមេរិក។
ធនាគារជាតិនៃកម្ពុជា

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការបោះផ្សាយបណ្ណបំណុលរដ្ឋលើកទី១នេះ ដោយរំពឹងថា វានឹងកាន់តែធ្វើឲ្យវិស័យផ្សារមូលបត្រកម្ពុជា មានភាពលេចធ្លោថែមមួយកម្រិតទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ការដេញថ្លៃមូលបត្ររដ្ឋលើកដំបូងនេះ មានទំហំទឹកប្រាក់១០០ប៊ីលានរៀល ឬប្រមាណជិត២៥លានដុល្លារអាមេរិក។ តម្លៃនៃបណ្ណបំណុលនេះ គឺមួយបណ្ណតម្លៃ ១លានរៀល មានអត្រាកូប៉ុង ២%ថេរ និងមានការទូទាត់សងកូប៉ុង ឬការប្រាក់រៀងរាល់ ៦ខែម្ដង។ បើតាមធនាគារជាតិនៃកម្ពុជា ការដេញថ្លៃមូលបត្ររដ្ឋលើកដំបូងនេះ ធ្វើឡើងតាមរយៈប្រព័ន្ធ NBCP របស់ធនាគារជាតិ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ២រសៀល ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចចូលរួមដេញថ្លៃតាមការកំណត់ នៅក្នុងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។

ជុំវិញការដាក់ឲ្យមានការដេញថ្លែមូលបត្របំណុលរដ្ឋជាលើកដំបូងនេះដែរ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា លោកមិនទាន់អាចសន្និដ្ឋានបាននៅឡើយថា មានស្ថាប័នប៉ុន្មាន នឹងចូលរួមក្នុងការដេញថ្លៃនេះ តែលោកបានគូសបញ្ជាក់ថា មានតែគ្រឹះស្ថាន និងធនាគារ ដែលជាសមាជិករបស់ធនាគារជាតិនៃកម្ពុជាប៉ុណ្ណោះ ដែលមានសិទ្ធិក្នុងការទិញបណ្ណបំណុលប្រភេទនេះ។

ដ្បិតថា នេះគឺជា ដំណាក់កាលទី១ ក្នុងការបោះផ្សាយមូលបត្របំណុលរដ្ឋ តែឯកឧត្តម ហុង សុហួរ បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ប្រតិបត្តិការនេះ នឹងដំណើរការទៅដោយរលូន និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រុមអ្នកវិនិយោគ ព្រោះកន្លងមក លោកសង្កេតឃើញថា មានវិនិយោគិនជាច្រើនបានចាប់អារម្មណ៍ស្វែងយល់ពីការវិនិយោគប្រភេទនេះ។ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារូបនេះ បញ្ជាក់ទៀតថា ការបោះបណ្ណបំណុលរដ្ឋលើកដំបូងនេះ នឹងចូលរួមពង្រីកការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា ឲ្យកាន់តែបោះជំហានទៅមុខ ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃវិស័យផ្សារភាគហ៊ុននៅកម្ពុជា និងលើពិភពលោក។

សូមបញ្ជាក់ថា ដើម្បីគៀរគវិនិយោគិនឲ្យចូលរួមវិនិយោគលើបបណ្ណបំណុលរដ្ឋនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏មានការលើកទឹកចិត្តដល់ក្រុមវិនិយោគិន ដែលចូលរួមវិនិយោគ ផងដែរ។ បើតាមក្រសួងសេដ្ឋកិច្ច ស្ថាប័នដែលវិនិយោគិនលើមូលបត្ររដ្ឋនេះ ក៏នឹងទទួលបានការលើកទឹកចិត្តពីរដ្ឋផងដែរ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ រួមមានការកាត់បន្ថយពន្ធកាត់ទុក ៥០% លើការប្រាក់បានពីការកាន់កាប់ និង/ឬ ការទិញ-លក់មូលបត្ររដ្ឋ និងលើកលែងពន្ធលើចំណេញមូលធន ចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋសម្រាប់រយៈពេល ៣ឆ្នាំ។ បន្ថែមពីនេះ ក៏មានការលើកទឹកចិត្តក្នុងវិស័យធនាគារមួយចំនួនទៀតផងដែរ៕




អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះ ជំរុញឲ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកបានថយចុះមកវិញជិតពាក់កណ្តាល?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានអះអាងថា តម្លៃដឹកជញ្ជូន និងស្ថានភាពដឹកជញ្ជូនទំនិញតាមផ្លូវគោល ផ្លូវទឹក និងផ្លូវអាកាសបានវិលមករកភាពល្អប្រសើរឡ…

តើគោលនយោបាយថ្មីរបស់លោក ពូទីន ដោយផ្អែកលើ «ដែនឥទ្ធិពលពិភពរុស្សី» មានលក្ខណៈពិសេសអ្វីខ្លះ?

ព័ត៌មាន
ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី៥ ខែកញ្ញា បានអនុម័តឲ្យអនុវត្តគោលនយោបាយការបរទេសថ្មីរបស់ខ្លួន ដោយផ្អែកលើគោលគំនិតនៃ «ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ