Advertisement
លំនៅដ្ឋាន​តម្លៃ​សមរម្យ

ខុនដូ​តម្លៃ​ពី​២​-៣​ម៉ឺន​ដុល្លារ​​​បើក​សម្ពោធ​​ហើយ​​នៅ​សង្កាត់​ទឹក​ថ្លា ភ្នំពេញ


ខុនដូ​តម្លៃ​សមរម្យ​១០​អគារ ដែល​មាន​ ២​ពាន់យូនីត ស្ថិត​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំពេញ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។
សំណង់​ខុនដូ​តម្លៃ​សមរម្យ​​បើក​សម្ពោធ​សាងសង់ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំពេញ ក្រោម​អធិបតី​ភាព​ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់
ដោយ
Advertisement

ខុនដូ​តម្លៃ​សមរម្យ​នេះ ត្រូវ​បាន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ចំនួន​៧០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក របស់​ក្រុមហ៊ុន Arakawa របស់​ជប៉ុន។ លើ​គម្រោង​អគារ​ខុនដូ ដែល​មាន​ឈ្មោះ​ថា «លំនៅដ្ឋាន​អារ៉ាខាវ៉ា» បាន​បែងចែក​ទី​២​ដំណាក់​កាល​ធំៗ ដោយ​ក្នុង​នោះ ដំណាក់​កាល​ទី១ មាន​១០​អគារ និង​មាន​ប្រមាណ ២០០០​យូនីត។ គម្រោង​ដំណាក់កាល​ទី១​នេះ នឹង​ត្រូវ​សាងសង់​រួច​រាល់​២​ទៅ​៣​ឆ្នាំ​ខាង​មុខ​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន Arakawa នៅក្នុង​ពិធី​សម្ពោធ​ នាថ្ងៃទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ។

លោក អាឡិច យ៉ាស៊ូម៉ូតូ សហស្ថាបនិក​នៃ​ក្រុមហ៊ុន Arakawa ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ជប៉ុន បាន​ថ្លែង​ថា លោក​បាន​មើល​ឃើញ​ពី​ភាព​ចាំបាច់​នៃ​តម្រូវការ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា ទើប​ក្រុមហ៊ុន Arakawa បាន​សម្រេច​បោះទុន​វិនិយោគ ៧០​លាន​ដុល្លារ​សម្រាប់​លំនៅដ្ឋាន​បែប​ខុនដូ​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ការ​សាងសង់​នេះ ក្នុង​បំណង​ឲ្យ​ប្រជាជន​កម្ពុជា ដែល​រួមមាន​សិស្ស​និស្សិត​គូ​ស្វាមី​ភរិយា​ថ្មី និង​បង​ប្អូន​ពលរដ្ឋ​ក្រីក្រ បើ​ទោះ​បី​ជា​ពួកគាត់​មាន​ចំណូល​ទាប និង​ធម្យម​ក៏​ដោយ ក៏​អាច​ទិញ​លំនៅដ្ឋាន​ខុនដូ​របស់​អារ៉ាខាវ៉ា​បាន និង​បាន​ទទួល​បទ​ពិសោធន៍​ជា​ម្ចាស់​កម្មសិទ្ធិ និង​រស់​នៅ​សមរម្យ​ក្នុង​ខុនដូ​ទំនើប​កណ្តាល​ទីក្រុង​ភ្នំពេញ»។

រូបភាព​ផ្ទះ​គំរូ នៃ​ខុនដូ​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​មានចំណូល​ទាប​និង​មធ្យម។

បើ​តាម​លោក​សហស្ថាបនិក​ដដែល ខុនដូ​តម្លៃ​សមរម្យ​នេះ​មាន​តម្លៃ​ចន្លោះ​ចាប់​ពី​ ២ ទៅ ៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​មួយ​យូនីត។

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ បាន​លើក​ឡើង​ក្នុង​ពិធី​សម្ពោធ​នេះ​ថា គម្រោង​របស់​ក្រុមហ៊ុន អារ៉ាខាវ៉ា ត្រូវ​គេ​ចាត់​ទុក​ថា ជា​គម្រោង​មួយ​មាន​ការ​គាំទ្រ​ច្រើន ពិសេស​សម្រាប់​មន្ត្រី​រាជការ​ដែល​មាន​ចំណូល​ទាប​និង​មធ្យម។

ឯកឧត្តម​រដ្ឋមន្រ្តី​ថ្លែង​ថា នេះ​ជា​គម្រោង​ទី៣​ដែល​បាន​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី ហើយ​គម្រោង​ទី១ គឺនៅ​ក្រុង​តាខ្មៅ ដែល​លោក​ឧកញ៉ា សៀ ឫទ្ធី ជា​អ្នក​អនុវត្ត​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ។ ដោយ​ឡែក គម្រោង​ទី២ គឺ​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​៥។

ឯកឧត្តម ជា សុផារ៉ា ថ្លែងយ៉ាងដូច្នេះថា៖ «គម្រោងនេះ នឹងសម្រេចក្តីសុបិនរបស់ពលរដ្ឋក្រីក្រ ដែលមានចំណូលទាប និងធម្យម ដែលចង់បានលំនៅឋានមួយសមរម្យ ព្រោះ អ្នកមាន​លុយ​គ្រប់គ្រាន់​ចង់​ទិញ​នៅ​ទីណា​ក៏​បាន តែ​អ្នក​ក្រីក្រ​មាន​ចំណូល​ទាប​និង​ធម្យម គឺ​មាន​ការ​លំបាក»។

Advertisement

ដោយឡែក​សម្រាប់​ពេល​វេលា​បើក​លក់​ខុនដូ​នេះ ត្រូវ​បាន​លោក អៀង សុធារ៉ា សហស្ថាបនិក​ក្រុមហ៊ុន អារ៉ាខាវ៉ា បាន​ថ្លែង​ថា គម្រោង​នេះ​នឹង​ចាប់​ផ្តើម​បើក​លក់​រយៈពេល​៣​ខែ​ទៅ​៦​ខែ បន្ទាប់​ពី​ការ​សម្ពោធ​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាងសង់​នេះ ក្នុង​បំណង​ឲ្យ​គម្រោង​នេះ​បាន​លេច​ចេញ​ជា​រូបរាង។

ក្រុមហ៊ុន អារ៉ាខាវ៉ា ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន ចាប់​ផ្តើម​មាន​វត្តមាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨។ 

ក្រៅពី​វិនិយោគ​ខុនដូ​តម្លៃ​សមរម្យ​នេះ ក្រុមហ៊ុន​នេះ​ក៏​ធ្លាប់​បាន​វិនិយោគ​លើ​អាគារ Bellevue Serviced Apartment ដែល​មាន​ទីតាំង​នៅ​ត្រើយ​ខាង​កើត​នៃ​ស្ពាន​ជ្រោយ​ចង្វារ រាជ​ធានី​ភ្នំពេញ និង​សហការ​ជាមួយ​ក្រសួង​ដែនដី បោះទុន​វិនិយោគ​សាងសង់​អគារ​ពាណិជ្ជកម្ម កម្ពស់ ៣០​ជាន់ ដែល​គ្រោង​ចំណាយ​ទឹក​ប្រាក់​ចន្លោះ​ពី ៧០​លាន ទៅ ៨០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាំងហ្គាពួរ​ចាត់​ទុក​ខ្សាច់​មាន​តម្លៃ​ស្មើ​នឹង​ប្រេង​និង​ទឹក

ព័ត៌មាន
នៅ​ប្រទេស​សាំងហ្គាពួរ (សិង្ហបុរី) ខ្សាច់​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ផលិតផល​មាន​តម្លៃ ដូច​ទៅ​នឹង​ប្រេង​និង​ទឹក​ដែរ ហើយ​បើ​គិត​តាំង​ព...

រដ្ឋមន្រ្តី​ដីធ្លី ជា សុផារ៉ា អំពាវ​ដល់​​ពលរដ្ឋ​ត្រូវ​ពិនិត្យ​ជាមួយ​អាជ្ញាធរ មុន​ទិញ​ដី​ឬ​ផ្ទះ​ដើម្បីកុំ​ឲ្យ​​ចាញ់​បោក​គេ!

ព័ត៌មាន
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ពិនិត្យ​និង​សាកសួរ​អាជ្ញាធរ​ឲ្យ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ