វិស័យអចលនទ្រព្យ

តើស្ថានភាពវិស័យអចលនទ្រព្យនៅប្រទេសមហាអំណាចចិនមានស្ថានភាពយ៉ាងដូចម្តេច ?


វិបត្តិទីផ្សារអចលនទ្រព្យនៅប្រទេសចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ នៅលើពិភពលោក កាន់តែមានស្ថានភាពអាក្រក់ទៅៗ ខណៈតម្លៃធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយនេះ។ ចំណែកទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាម៉េរិក ដែលជាប្រទេសមហាអំណាចលេខ១ វិញ ឃើញថាមានភាពវិជ្ជមានតែបន្តិចបន្តួចប៉ុណ្ណោះ ។ បើតាមការព្យាករ នៅឆ្នាំ២០២៤ខាងមុខ អ្នកវិភាគបានអះអាងថា វិស័យអចលនទ្រព្យនៅប្រទេសមហាអំណាចទាំងពីរនេះ នៅតែមិនមានស្ថានភាពល្អប្រសើរនោះទេ។នេះបើតាមចេញផ្សាយដោយសារព័ត៌មានបរទេសធំៗជាច្រើន។
វិស័យអចលនទ្រព្យ
ដោយ

តម្លៃលំនៅស្ថាននៅប្រទេសចិន បានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយ នេះជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា ស្ថានភាពនៃវិស័យអចលនទ្រព្យនៅប្រទេសដែលមានប្រជាជនច្រើនបំផុតមួយនេះប្រឈមមុខនឹងអនាគតនៃការធ្លាក់ចុះកាន់តែអាក្រក់ទៅៗ ទោះបីជារដ្ឋាភិបាល បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារតម្រូវការឡើងវិញក៏ដោយ។

អ្នកវិភាគសេដ្ឋកិច្ចនិយាយថា អ្នកទិញផ្ទះត្រូវបានរារាំងដោយទស្សនវិស័យមិនច្បាស់លាស់ ដែលនាំឲ្យវិស័យអចលនទ្រព្យកំពុងធ្លាក់ចុះកាន់តែជ្រៅ។

យោងតាមស្ថិតិបានឲ្យដឹងថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន ៧០ ដោយមិនរាប់បញ្ចូលលំនៅដ្ឋានឧបត្ថម្ភធនរបស់រដ្ឋបានធ្លាក់ចុះ ប្រមាណជា ០,៣៨ ភាគរយ ។

ស្ថិតិនៃការធ្លាក់ចុះនេះវាកាន់តែបន្ថែមសក្ខីកម្មនូវការធ្លាក់ចុះនៃតម្លៃលំនៅដ្ឋានជាបន្តបន្ទាប់ បន្ទាប់ ក្រោយពេលដែលតួលេខផ្លូវការ បានបង្ហាញពីការធ្លាក់ចុះនៃការលក់ និងការវិនិយោគនៅក្នុងអចលនទ្រព្យនៅចិន កាន់តែស៊ីជម្រៅ។

អ្នកវិភាគបានអះអាងថា វិធានការជំរុញសេដ្ឋកិច្ចថ្មីៗដែលត្រូវបានដាក់ចេញនៅតាមទីក្រុងធំៗចាប់តាំងពីខែសីហា បានធ្វើឲ្យមានការប្រែប្រួលតិចតួចប៉ុណ្ណោះ ។

លោក ចេន វេនជីង ( Chen Wenjing) នាយករងផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន China Index Holdings បាននិយាយថា ទីផ្សារលំនៅឋាន បានងើបឡើងវិញនៅដើមឆ្នាំនេះបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែវាមាន រយៈពេលខ្លីបំផុត ពោលគឺបន្ទាប់ពីចិនបានប្រកាសបើកប្រទេសក្រោយការរីករាលដាលនៃមេរោគកូវីដ-១៩ ឡើងវិញ ។

លោកបានអះអាងថា អ្នកមានបំណងចង់ទិញផ្ទះមានច្រើន តែពួកគេត្រូវបានរារាំងដោយសារតែការធ្លាក់ចុះប្រាក់ចំណូល និងទស្សនវិស័យទីផ្សារអចលនទ្រព្យមិនប្រាកដប្រជា។

តួលេខបានបង្ហាញថា តម្លៃអចលនទ្រព្យនៅចិន ជាទូទៅបានធ្លាក់ចុះប្រមាណជា ០,៥៨ ភាគរយ ដែលការធ្លាក់ចុះនេះ គឺជាការធ្លាក់ចុះដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០១៤មក ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅក្នុងប្រទេសចិន បានឲ្យដឹងថា ដើម្បីសង្រ្គោះវិស័យអចលនទ្រព្យចិន រដ្ឋាភិបាលទីក្រុងប៉េកាំង គ្រោងនឹងផ្តល់ហិរញ្ញប្បទានតម្លៃទាបយ៉ាងហោចណាស់ប្រមាណជា១៣៨​ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយព័ត៌មានលម្អិតនៃផែនការថ្មីនេះនៅតែមិនច្បាស់លាស់នៅឡើយ។

អ្នកសេដ្ឋកិច្ចមួយចំនួនបាននិយាយថា វាអាចមានប្រសិទ្ធភាពតិចជាងការខិតខំប្រឹងប្រែងពីមុន ដោយសារ គម្រោងថ្មីនេះភាគច្រើននឹងប្រព្រឹត្តទៅនៅតំបន់ទីប្រជុំជនធំៗមួយចំនួន ប៉ុន្តែលំនៅឋាន ដែលនៅខាងក្រៅទីក្រុង គឺនៅតែរងហានិភ័យដដែល ។នេះគឺជាស្ថានភាពទីផ្សារអចលនទ្រព្យនៅចិន។

ដោយឡែកនៅសហរដ្ឋអាម៉េរិកវិញថ្វីត្បិតតែមានការព្យាករ​វិជ្ជមានខ្លះ ប៉ុន្តែនៅតែមិនទាន់ដឹងច្បាស់លាស់ដដែល ជាមួយនឹងការរំពឹងថា អាចមានស្ថានភាពប្រសើរជាងឆ្នាំ២០២៣ តិចតួចសម្រាប់ឆ្នាំ២០២៤ខាងមុខ ។

អ្នកវិភាគសេដ្ឋកិច្ចបានអះអាងថា ស្ថានភាពសេដ្ឋកិច្ចនៅអាម៉េរិកចុងក្រោយនេះមានភាពប្រសើរបន្តិច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការស្ទុះងើបឡើងវិញនៃទីផ្សារលំនៅឋាននៅសហរដ្ឋអាម៉េរិកនឹងមានភាពយឺតយ៉ាវ ។ ​

អ្នកវិភាគបានអះអាងថា ភាពមិនច្បាស់លាស់នៃអនាគតគោលនយោបាយកំណត់អត្រាកាប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក នាំអោយអ្នកនៅក្នុងវិស័យអចលនទ្រព្យ នៅតែមានមន្ទិលសង្ស័យ ហើយពិបាកព្យាករ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត សង្ឃឹមថា ព្រលានយន្តហោះសៀមរាបអង្គរ នឹងក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងរវាងកម្ពុជាទៅកាន់ពិភពលោក

ព័ត៌មាន
ក្រោយបើកទទួលជើងហោះហើរអស់រយៈពេលមួយខែ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានតម្លៃវិនិយោគជាង១ពាន់លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រ…

មេពន្ធដារ ណែនាំឱ្យពង្រឹងការសម្រួលពន្ធជូនវិស័យឯកជនឱ្យបានដិតដល់

ព័ត៌មាន
ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា នៅរយៈពេល១០ខែដើមឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង៣ពាន់លានដុល្លារ ស្មើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ