សហគ្រិនជោគជ័យ

ពីក្មេងអនាថា ក្លាយជា CEO ក្រុមហ៊ុនតម្លៃ ១ពាន់លានដុល្លារ


ឆាកជីវិតរបស់មនុស្សម្នាក់ៗ មានឡើងមានចុះ មានជោគជ័យ មានបរាជ័យ វាជារឿងដែលមនុស្សគ្រប់គ្នាតែងតែជួបប្រទះ ទោះចង់ ឬមិនចង់ក្ដី។ ប៉ុន្ដែសំណួរដែលអ្នកត្រូវតាមរកចម្លើយនោះ គឺនៅពេលដែលជួបខ្សែជីវិតធ្លាក់ចុះ ឬបរាជ័យ តើអ្នកត្រូវប្រឈមមុខបែបណា? ហើយត្រូវដោះស្រាយ កែខៃវាឲ្យប្រសើរឡើងវិញ និងវិលទៅរកជោគជ័យវិញដោយរបៀបណា? សម្រាប់​ជាការបំផុស និងជំរុញលើកទឹកចិត្ត ខេមបូណូមីសសូមដកស្រង់នូវប្រវត្តិសហគ្រិនជនជាតិជប៉ុនវ័យក្មេងមួយ ដើម្បី​ចែកជូន​លោកអ្នកបានស្វែងយល់ ដើម្បីជាចំណីគំនិត​ក្នុងការពិចារណា។
ពីក្មេងអនាថា ក្លាយជាCEO ក្រុមហ៊ុនតម្លៃ ១ពាន់លានដុល្លារ (រូបភាព៖ Bloomberg)

លោក Taihei Kobayashi ធ្លាប់​មាន​អតីតកាល​ដ៏ជូរចត់ មុន​នឹងលោក​ប្រែក្លាយ​ខ្លួន​មកជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​តម្លៃ​១ពាន់លាន​ដុល្លារ​ដូចសព្វថ្ងៃនេះ។ លោក​ធ្លាប់​ជាអតីត​ក្មេង​អនាថា ដេក​នៅតាម​ផ្លូវ ក្នុង​ទីក្រុង​តូក្យូ​ប្រទេសជប៉ុន មាន​ជីវិត​រសាត់​អណ្ដែត​ដូចចក​កណ្ដាល​ទន្លេ។ ប៉ុន្ដែ នៅប្រមាណ ២០ឆ្នាំក្រោយមក អតីត​យុវជន​ដែល​ឈប់រៀន​​ត្រឹមថ្នាក់​វិទ្យាល័យ​រូបនេះ បាន​កែប្រែជីវិតរបស់ខ្លួន​​១៨០ ដឺក្រេ។

តើ​លោក Taihei Kobayashi ធ្វើយ៉ាងដូចម្ដេច ទើបអាច​ប្រែជីវិត​ដែលធ្លាប់​​កប់ដល់​បាត ឲ្យអណ្ដែតឡើង​យ៉ាង​ត្រចះត្រចង់​យ៉ាងដូច្នេះ?

រឿងរាវ​ជីវិត​ជោគជ័យ​រស់​លោក Kobayashi ត្រូវបាន​គេដឹងថា បាន​ផ្ទុះឡើង​និងមាន​ការចាប់អារម្មណ៍​ខ្លាំង​បន្ទាប់​ពី​ក្រុមហ៊ុន​ដែលលោកបាន​បង្កើតឡើង ដែលមាន​ឈ្មោះថា Sun*  ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅពេល​បោះផ្សាយ​លក់ភាគហ៊ុន​កាលពីខែ​កក្កដា ឆ្នាំ២០២០ ខណៈ​ដែល​តម្លៃភាគហ៊ុន​ក្រុមហ៊ុននេះ​បានកើនឡើង​ដល់ទៅ​៣ដង​គិតតាំងពី​បាន​បោះផ្សាយ​លក់រួចមក និងមាន​តម្លៃលើ​ទីផ្សារ​ដល់ទៅ ១ពាន់លាន​ដុល្លារ។

ប៉ុន្ដែ មុននឹងអាច​ឈាន​ដល់​ភាពជោគជ័យ​ដូចសព្វថ្ងៃនេះ លោក Kobayashi មាន​ប្រវត្តិ​ខ្សែជីវិត​ដ៏ជូរចត់​បំផុត។

វា​បាន​ចាប់ផ្ដើម​ឡើង​នៅជាង​២០ឆ្នាំមុន ដោយ​លោក​ត្រូវ​បាន​ឪពុកម្ដាយ​បណ្ដេញចេញ​ពីផ្ទះ​ តាំងពីលោក​នៅអាយុ​១៧​ឆ្នាំម្ល៉េះ នៅពេលដែល​លោក បាន​ឈប់រៀន​នៅត្រឹម​ថ្នាក់​វិទ្យាល័យ ហើយ​វក់​​តែជាមួយនឹង​​តន្ត្រីប៉ុណ្ណោះ។ ការដែល​ឪពុកម្ដាយ​ដេញចេញពីផ្ទះនេះ គឺដោយសារតែ​យុវជន​ Kobayashi សម្រេច​បោះបង់ការសិក្សា ហើយ​ឪពុកម្ដាយរបស់​លោក មិនពេញចិត្ត​នឹងការ​សម្រេចិត្ត​នេះទេ ដោយ​ពួកគាត់​ចង់ឲ្យលោក​បន្ដ​ការសិក្សា​នៅសាកលវិទ្យាល័យ​តែលោកមិនព្រម។

លោក Kobayashi និយាយថា «ពួកគាត់ (ឪពុកម្ដាយ) ប្រាប់​ខ្ញុំ​ឲ្យ​ចេញពីផ្ទះទៅ!​ខ្ញុំក៏ចេញ ហើយវា​ក៏ទៅជា​អញ្ចឹងទៅ។ ខ្ញុំ​ចង់បាន​ការរស់នៅ​ដោយ​ប្រើជីវិត​របស់ខ្ញុំ ធ្វើនូរឿង​ដែលខ្ញុំចង់ធ្វើ»។

ក្រោយ​ចេញពីផ្ទះ លោក Kobayashi បាន​លេងភ្លេង​នៅពេលថ្ងៃ ហើយ​ពេលយប់​ដេក​នៅក្រៅផ្ទះ ដោយយក​​សម្បកកេះ​ក្រដាស​ មករុំដណ្ដប់​នៅពេល​ដែល​ពេលយប់​រងារខ្លាំង។ លោក បាន​ដើរអនាថា​បែបនេះ អស់រយៈពេល​១ឆ្នាំកន្លះ។

បុរស​ដែលបច្ចុប្បន្ន​មាន​វ័យ​៣៧ ឆ្នាំ​រូបនេះ បាន​និយាយថា «រដូវរងារ​គឺ​ត្រជាក់ខ្លាំងណាស់។ មាន​ពេលច្រើនណាស់​ដែលគិតទៅ​ដូចជានៅ​ឋាននរក​អញ្ចឹង ប៉ុន្ដែ ខ្ញុំនៅតែ​អាច​យកឈ្នះ​ពេលវេលា​ដ៏លំបាក​ទាំងនោះបាន»។

លោកបន្ថែមទៀតថា «ខ្ញុំស្ទើរតែស្លាប់ទៅហើយ! ខ្ញុំបានដេក​នៅគ្រប់​ទីកន្លែង​ទាំងអស់​ឲ្យតែ​អាច​ដេកបាន»។

លុះក្រោយ​ ​លោក Kobayashi ក៏​បាន​ជួប​នឹង​មិត្ត​ជិតស្និទ្ធម្នាក់​កាលនៅរៀន​​ដែល​មាន​​ឈ្មោះ ថា Yushi Fukagawa ហើយ​ពេលនោះ មិត្តម្នាក់នោះ បាន​ហៅ​លោក​ទៅ ធ្វើការ​នៅក្នុង​ក្លឹប​មួយកន្លែង។ លោក​ក៏បាន​ធ្វើការនៅទីនោះ ៦ឆ្នាំ។ លុះក្រោយមកទៀត លោក Kobayashi បាន​សម្រេចចិត្ត​ថា​នឹង​ផ្លាស់ប្តូរការងារ​ចេញពីក្លឹបនោះ ដោយ​លោក​ក៏មាន​ប្រាក់ខ្លះ​បានមកពីការ​លក់​ភ្លេង​នៅលើ​អនឡាញផងដែរ។ លោក​បាន​ទៅរក​ការងារ​ថ្មី​តាម​ការ​ផ្សព្វផ្សាយ ​ ដោយ​ការងារនោះ មិនតម្រូវ​មានគុណវុឌ្ឍិ និងបទពិសោធន៍​ការងារ​នោះទេ ដោយគ្រាន់តែ​ឲ្យ​បេក្ខជន​មក​ធ្វើតេស្ដ​ជាមុន​តែប៉ុណ្ណោះ។

បន្ទាប់ពី​បាន​ប្រលង​សាកល្បងជាមួយនឹង​បេក្ខជន​ទាំងអស់​​រយៈពេល ៦ម៉ោង ដោយ​រួមមាន​ការប្រលង​ជំនាញ​គណិតវិទ្យា, ការគិត​តក្កវិជ្ជា និង​សមត្ថភាព IQ ជាលទ្ធផល​លោក Kobayashi បាន​ជាប់​ ហើយ​បាន​ចាប់ផ្ដើម​ធ្វើការ​នៅក្នុង​ក្រុមហ៊ុ​មួយ ដែល​បាន​បង្រៀន​លោក​ឲ្យក្លាយ​ជា​វិស្វករ​បង្កើត​កម្មវិធី (Software Engineer)។

នៅពេលនោះហើយ ទើបលោក​មាន​ឱកាស​បានជួប​ជាមួយនឹង​លោក​ Makoto Hirai ដែលជាម្នាក់​ក្នុង​ចំណោម​ស្ថាបនិក​នៃក្រុមហ៊ុន Sun*។ ពួកគេ​ទាំងពីរ មានគំនិត​ស្របគ្នាថា មាន​វិស្វករ​ផលិតកម្មវិធី​ច្រើនណាស់​ ដែល​ពូកែ​ខាង​ការសរសេរ​កម្មវិធី ប៉ុន្ដែ​មាន​តិចតួចណាស់​ដែលអាច​ប្រើប្រាស់​ជំនាញ​ទាំងនោះ បង្កើត​ជា​គំរូ​អាជីវកម្ម​ដែល​អាច​ដំណើរការ​បាន។ ដូច្នេះហើយ ពួកគេទាំងពីរ​នាក់ បាន​សម្រេចចិត្ត​បង្កើត​ក្រុមហ៊ុន​មួយ ដើម្បី​បំពេញ​នូវ​ចំណុច​ខ្វះចន្លោះទាំង​នេះ។

នៅឆ្នាំ ២០១២ លោក Kobayashi បាន​ទៅ​ប្រទេស​វៀតណាម ហើយបាន​ជួល​បុគ្គលិក​ដែលជា​វិស្វករ​កម្មវិធី​វ័យក្មេងៗ​ជាច្រើន​នៅក្នុង​ប្រទេសនោះ។ នៅក្នុង​ខែ​មីនា ឆ្នាំ២០១៣ សមាជិក​ស្ថាបនិក​​បាន​ដាក់បញ្ចូល​ក្រុមហ៊ុន​ Framgia Inc. នៅក្នុង​ប្រទេស​ជប៉ុន រួចត្រូវបាន​ប្ដូរឈ្មោះ​មកជាក្រុមហ៊ុន Sun* វិញ​នៅក្នុង​ឆ្នាំ២០១៩។

គំនិត​បង្កើត​ក្រុមហ៊ុន​នេះ គឺ​ដើម្បី​ដាក់ពង្រាយ​វិស្វករ​ផលិត​កម្មវិធី​សម្រាប់​ជួយដល់​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​​ជនជាតិ​ជប៉ុន ដែល​បាននិងកំពុង​ជួប​បញ្ហា​ អាច​កសាង​អាជីវកម្ម​ឆ្ពោះទៅរក​ការរីកចម្រើន។

លោក Kobayashi បានមាន​ប្រសាសន៍ថា«ជំហររបស់យើង​គឺត្រូវប្តេជ្ញាចិត្ត​ចំពោះការរីកចម្រើន​របស់​អ្នកចាប់ផ្តើម​អាជីវកម្ម​ទាំងនោះ ដោយមិន​គិតថា តើវាធ្វើឱ្យ​យើង​ខាតបង់ ឬអត់នោះទេ»។

ប៉ុន្មាន​ឆ្នាំក្រោយមក​ ក្រុមហ៊ុន​ Sun* បាន​រីកចម្រើន​យ៉ាងខ្លាំង ហើយ​បច្ចុប្បន្ន​មាន​ដល់ទៅជាង​៧០​អតិថិជន។ ក្រុមហ៊ុននេះ បាន​ចុះបញ្ជី​ផ្សារភាគហ៊ុន​តូក្យួ​នៅក្នុង​ខែកក្កដា ឆ្នាំ២០២០ ហើយ​ភាគហ៊ុន​របស់​ក្រុមហ៊ុននេះ បានកើនឡើង​ជិត​៦ដង ក្នុងកម្រិត​ខ្ពស់បំផុត​នៅក្នុង​ខែ​កញ្ញា​ឆ្នាំ២០២០ ដោយ​បានធ្វើឲ្យ​តម្លៃទីផ្សារ​មានលើស ១,៤ ពាន់លាន​ដុល្លារអាមេរិក។ ចាប់តាំងពីពេលនោះមក វាបាន​ធ្លាក់ចុះ​៣៧% ដោយ​មាន​មូលធនូបនីយកម្ម​ទីផ្សារ​ធ្លាក់ចុះ​មកនៅ​ក្រោម​១ពាន់លាន​ដុល្លារ។ លោក Kobayashi មាន​កាន់កាប់​ភាគហ៊ុន​ក្នុងក្រុមហ៊ុន​នេះ ៧,៩% ដែលមាន​តម្លៃ​ប្រមាណ ៧៤​លាន​ដុល្លារអាមេរិក។

ក្រុមហ៊ុន Sun* បាន​ប្រកាស​ប្រាក់ចំណូលសុទ្ធ​ប្រមាណ៦៤៩ លាន​យេន (៦,២លាន​ដុល្លារអាមេរិក) ​ខណៈដែល​ចំណូល​​ដែលរក​បានមាន ៣,៩៧ ពាន់លាន​យេន នៅក្នុងរយៈពេល​៩ខែ​ ដំបូង​ឆ្នាំ២០២០

ក្រុមហ៊ុន Sun* កំពុងតែស្វែងរក​ការ​បង្កើន​ប្រាក់ចំណូល​ឲ្យបាន​ ២០ ទៅ៣០ភាគរយ នៅក្នុង​មួយឆ្នាំ និង​បង្កើន​ចំនួន​បុគ្គលិកឲ្យបាន​​ទ្វេដង​នៅក្នុង​ការិយាល័យ​នៃទីក្រុង​តូក្យូ ឲ្យបាន​ដល់ ១៣០នាក់​នៅឆ្នាំនេះ។ ដោយឡែក នៅ​វៀតណាមវិញ នឹងបន្ដ​ក្លាយជា​ក្រុមហ៊ុន​ដែលមាន​ការិយាល័យ​ធំជាង​គេ​បំផុត នៅវៀតណាម​ដែលមាន​បុគ្គលិក​សរុប​ប្រហែល ១.៣០០នាក់៕

ប្រភព៖ Bloomberg

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការប្រែប្រួល​បរិបទ​ការងារ​សាកល និង​​ឥរិយាបថ​​ប្រើប្រាស់​​ការិយាល័យ

ក្នុង​ពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ និន្នាការ​នៃ​ការធ្វើ​ការងារ​ចល័ត ឯករាជ្យ ដោយ​ពុំ​ចាំបាច់​ទៅ​ធ្វើការ​នៅ​ការិយាល័យ​ផ្ទាល់ ធ្វើការ​ត…

ត្រឹមតែ១សប្ដាហ៍ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកឆ្លងកើនដល់ ២៥៩នាក់ហើយ!

ប្រមាណត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ការរកឃើញអ្នកឆ្លងកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ