ចំណេះដឹងហិរញ្ញវត្ថុ

អ្នក​ជំនាញថា អ្នក​គួរ​ចេះ​ខ្ចី​ប្រាក់​ពី​ធនាគារ​ឬ​ MFI យក​មក​វិនិយោគ​ចាប់​ពី​ពេល​មាន​ការងារ​ធ្វើ​ដំបូង


លោក ង៉ែត ជូ ជាអ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជាទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​ Emerging Markets Consulting (EMC)។ ក្រៅ​ពី​ជា​អ្នក​វិនិយោគ​លើ​ដីធ្លី​ខ្លួន​លោក​ផ្ទាល់ លោក​ក៏​តែង​ចំណាយ​ពេល​ចែក​រំលែក​គន្លឹះ​នៃ​ការ​រកស៊ី ការអភិវឌ្ឍ​ខ្លួន និង​ចំណេះ​ដឹង​ល្អៗ​ទាក់ទង​នឹង​វិស័យ​ហិរញ្ញ​វត្ថុ។ ខាងក្រោម​នេះ ជា​គំនិត​ថ្មី​មួយ​ទៀត​ដែល​លោក​ផ្ដល់​ជូនអ្នក​អាន​ដើម្បី​ពិចារណា។
អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច លោក ង៉ែត ជូ ប្រាប់​ពី​ហេតុផល​៦​យ៉ាង ដែល​អ្នក​គួរ​ចេះ​ខ្ចី​ប្រាក់​ពី​ធនាគារ​ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​យក​មក​វិនិយោគ​ចាប់​ពី​ពេល​មាន​ការងារ​ធ្វើ​ដំបូង។
ដោយ

ហេតុផល​ដែល​អ្នក​គួរតែ​ចេះ​ខ្ចី​ប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ យក​មក​វិនិយោគ (រកស៊ី) ចាប់តាំងពី​មាន​ការងារ​ធ្វើ​ដំបូង៖

១) ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​មាន​វិន័យ​ហិរញ្ញវត្ថុ 

ពេល​មាន​បំណុល​ជាប់​ខ្លួន អ្នក​នឹង​យល់​ថា អ្នក​មាន​កាតព្វកិច្ច​និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​សង​ប្រាក់​ទៅ​ម្ចាស់​បំណុល​វិញ។ ដូច្នេះ អ្នក​នឹង​មាន​វិន័យ​ខ្លាំង​ក្នុង​ការ​ចាត់ចែង​លុយ​កាក់។

២) ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​កាន់​តែ​មាន​វិន័យ និង​ភាព​អំណត់​ក្នុង​ការ​បំពេញ​ការងារ 

ពេល​ខ្ចី​ប្រាក់​មក​វិនិយោគ អ្នក​តែង​ខ្វល់​ខ្វាយ​ពី​សុវត្ថិភាព​ការងារ (Job Security) ក៏​ដូចជា​សួរ​ខ្លួន​ឯង​ថា តើ​ធ្វើ​យ៉ាង​ណា​ទើប​មាន​ការងារ​ល្អ​ជាង​នេះ? មាន​ប្រាក់​ខែ​ច្រើន​ជាង​នេះ ដើម្បី​អាច​ខ្ចី​ប្រាក់​បាន​ច្រើន​ជាង​សព្វថ្ងៃ​ដើម្បី​យក​ទៅ​វិនិយោគ? ធ្វើ​យ៉ាង​ណា អាច​ទទួល​បាន​ចំណេះ​ដឹង​-ជំនាញ​បន្ថែម​ពី​ការងារ​សព្វថ្ងៃ ដើម្បី​យក​ទៅ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​វិនិយោគ? សំណួរ​ទាំង​នេះ​ជំរុញ​ឲ្យ​អ្នក​បំពេញ​ការងារ​ដោយ​មិន​ខ្លាច​នឿយ​ហត់ ព្រោះ​ជា​ជីវិត​ការងារ​ដែល​មាន​បុព្វហេតុ។

៣) ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​ចេះ​បង្កើត​ក្តី​ស្រមៃ​សម្រាប់​ជីវិត 

ជារឿយៗ ជីវិត​ធ្វើការងារ​ជា​បុគ្គលិក​យក​ប្រាក់ខែ​មិន​បាន​បង្ហាញ​ផ្លូវ ថា​តើ​អ្នក​ចង់​ធ្វើ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។ អ្នក​ពិបាក​នឹង​រក​ឃើញ​គោលដៅ​ក្នុង​ជីវិត​ណាស់។ តែ​បើ​ចេះ​វិនិយោគ អ្នក​ប្រហែល​ជា​អាច​ដក​បទ​ពិសោធន៍​ជីវិត​បាន​ច្រើន អ្នក​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់ រហូត​អាច​ឈាន​ដល់​ការ​បង្កើត​ក្តី​ស្រមៃ​សម្រាប់​ជីវិត​ទៀត​ផង។ ព្រោះ​ជីវិត​អ្នក​វិនិយោគ​ត្រូវ​រៀន​សូត្រ​ជានិច្ច ជា​ពិសេស រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​នានា។

៤) ធ្វើ​ឲ្យ​អ្នក​ចេះ​វិភាគ​ពី​ផល​ចំណេញ​-ខាត ហានិភ័យ និង​រិះគិត​ពី​ដំណោះស្រាយ 

ពេល​អ្នក​ខ្ចី​ប្រាក់​ពី​ធនាគារ​យក​មក​វិនិយោគ អ្នក​អាច​សួរ​ខ្លួន​ឯង​ថា តើ​ខ្ចី​មក​អាច​ចំណេញ​ទេ​ចំពោះ​ការ​ប្រាក់​ប៉ុណ្ណឹង? ចុះ​បើ​ខ្ចី​ប្រាក់​ធនាគារ​មិន​បាន តើ​ត្រូវ​មាន​ដំណោះស្រាយ​យ៉ាង​ណា​ដើម្បី​បាន​ប្រាក់​មក​វិនិយោគ? តើ​ជម្រើស​នីមួយៗ​មាន​ហានិភ័យ​អ្វី​ខ្លះ ប្រសិន​បើ​ការ​វិនិយោគ​មិន​អាច​ទទួល​បាន​ផល​ចំណេញ​ដូច​ការ​រំពឹង​ទុក? ជួន​កាល អ្នក​អាច​សុំ​យោបល់​ពី​អ្នក​ដទៃ។ អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​និង​ចំណេះ​ដឹង​ជា​ច្រើន​ពី​សំណួរ​ទាំង​នេះ។

៥) ធ្វើ​ឲ្យ​អ្នក​ចេះ​ជ្រើសរើស​ការ​សេព​គប់​ប្រភេទ​មិត្ត​ភ័ក្ដ្រ និង​សង្គម​ល្អ 

អ្នក​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​យក​មក​វិនិយោគ ដូច្នេះ អ្នក​នឹង​មិន​មាន​ចំណាប់​អារម្មណ៍​សេព​គប់​មនុស្ស​ដែល​ធ្វើការ​ដើម្បី​តែរស់ និង​ជីវិត​ហ៊ឺហារ​នោះ​ទេ។ គេ​មាន​បុព្វហេតុ​ផ្សេង អ្នក​មាន​បុព្វហេតុ​ផ្សេង។ ពេល​អ្នក​និយាយ​ពី​ការ​វិនិយោគ គេ​ក៏​មិន​ចូល​ចិត្ត​ស្តាប់​ដែរ។ ដូចគ្នា ពេល​គេ​និយាយ​ពី​ការ​ទិញ​ទូរស័ព្ទ​បង់​រំលស់ អ្នក​ក៏​មិន​ចូល​ចិត្ត​ដែរ។ អ្នក​ក៏​មិន​និយម​រាប់​រក​សង្គម​មនុស្ស​ដែល​ចូល​ចិត្ត​ផឹកស៊ី​អត់​ប្រយោជន៍​ដែរ។ អ្នក​នឹង​និយម​រាប់​អាន​តែ​មនុស្ស​ដែល​មាន​កំណើត​តែ​ប៉ុណ្ណោះ។

៦) ធ្វើ​ឲ្យ​អ្នក​ចំណេញ​ពេល​វេលា និង​មាន​សេរីភាព​ហិរញ្ញវត្ថុ​ក្នុង​វ័យ​ក្មេង 

ខ្ចី​ប្រាក់​មក​វិនិយោគ​បណ្តើរ ធ្វើការ​បណ្តើរ ក្រៅ​ពី​ផល​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ អ្នក​នឹង​អាច​សន្សំ​បាន​បទ​ពិសោធន៍​និង​ចំណេះ​ដឹង​ជា​ច្រើន។ ប្រការ​នេះ​ធ្វើ​ឲ្យ​សមត្ថភាព​របស់​អ្នក​កាន់​តែ​ខ្លាំង។ អ្នក​នឹង​ទទួល​បាន​សេរីភាព​ហិរញ្ញ​វត្ថុ​ក្នុង​វ័យ​ក្មេង។

មាន​មនុស្ស​ជា​ច្រើន​ចំណាយ​ពេល​ក្នុង​ជីវិត​ការងារ​ប្រហែល​ចន្លោះ​ពី​៣-៥​ឆ្នាំ​ដំបូង​សប្បាយ​ហ៊ឺហារ​នឹង​ជីវិត​នៅ​លីវ មាន​ប្រាក់​ខែ​ចាយ មិន​ជាប់​កម្ចី មិន​មាន​កាតព្វកិច្ច និង​វិន័យ​ហិរញ្ញវត្ថុ។ ខ្ញុំ​មាន​មិត្ត​ភ័ក្ដ្រ​ប្រភេទ​នេះ​ច្រើន មក​ដល់​ថ្ងៃ​នេះ ពួកគេ​នៅ​ខ្វល់ខ្វាយ​ពី​សេរីភាព​ហិរញ្ញ​វត្ថុ​នៅ​ឡើយ។ ពួកគេ​ត្រូវ​ធ្វើការ​យ៉ាង​តិច​ចន្លោះពី​១០​-២០​ឆ្នាំ​ទៀត។ នេះ​ជា​ប្រការ​គួរ​ឲ្យ​អាណិត​ព្រោះ​ឮ​តែ​ត្អូញត្អែរ​ថា​ធុញ​ថប់​នឹង​ការងារ​សព្វថ្ងៃ​ណាស់ តែ​បើ​ឈប់​អត់​អី​ចិញ្ចឹម​កូន​ប្រពន្ធ។ល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា លី ហួរ៖ កុំលេងតុងទីន គួរយកលុយទៅវិនិយោគល្អជាង!

ជាទូទៅ មនុស្សមិនសូវចង់ទុកលុយចោលឡើយ ហេតុនេះ ទើបអ្នកខ្លះតែងតែយកលុយទៅលេងតុងទីន ដើម្បីទទួលបានការប្រាក់។ ប៉ុន្តែ សម្រាប់លោកឧកញ៉ា លី ហួរ …

ប្រយ័ត្ន៦ចំណុច មុនទិញខុនដូរ ចៀសវាងសោកស្ដាយនៅថ្ងៃក្រោយ

ការទិញខុនដូរ ក៏មិនខុសពីការទិញដីធ្លី ឬផ្ទះសម្បែងប៉ុន្មានឡើយ ពោល គឺទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងគិតគូរឲ្យបានល្អិតល្អន់ជាមុន ដើម្បីប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ