វិស័យហិរញ្ញវត្ថុ

ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិនៅចិនមួយ ប្រឈមនឹងក្ស័យធនជាមួយបំណុលជាង៦០ពាន់លានដុល្លារ


ក្រុមហ៊ុន Zhongzhi Enterprise Group ដែលជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឈានមុខគេនៅប្រទេសចិនបានប្រាប់ក្រុមវិនិយោគិនថា ខ្លួនកំពុងក្ស័យធនយ៉ាងខ្លាំងជាមួយនឹងបំណុលរហូតដល់៦៤ពាន់លានដុល្លារ ដែលកំពុងបង្កើនកង្វល់កាន់តែខ្លាំងឡើងថា វិបត្តិបំណុលអចលនទ្រព្យនៅចិន កំពុងរាលដាលដល់វិស័យហិរញ្ញវត្ថុកាន់តែខ្លាំង ខណៈដែលក្រុមហ៊ុនអចលនទ្រព្យបានចេញមូលប័ត្របំណុលបរទេសសរុបជាង១០០ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យហិរញ្ញវត្ថុ
ដោយ

នៅក្នុងលិខិតមួយដែលជូនដំណឹងដល់ក្រុមវិនិយោគិន ហើយបានបែកធ្លាយនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ចិន បានឱ្យដឹងថា ក្រុមហ៊ុន Zhongzhi ដែលរងផលប៉ះពាល់ខ្លាំងពីវិបត្តិអចលនទ្រព្យរបស់ចិននោះបានសុំទោសអ្នកវិនិយោគរបស់ខ្លួនដោយនិយាយថា ខ្លួនមានបំណុលសរុបប្រហែលចន្លោះពី៥៨ពាន់លានដុល្លារ ដល់៦៤ពាន់លានដុល្លារ។ បើតាមលិខិតដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា ចំនួនបំណុលនេះ គឺច្រើនជាងទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន Zhongzhi នេះទៅទៀត ខណៈដែលទ្រព្យសកម្មរបស់ក្រុមហ៊ុននេះមានប្រមាណជាង២៨ពាន់លានដុល្លារប៉ុណ្ណោះ។

ក្រុមហ៊ុន Zhongzhi បានដើរតួដ៏សំខាន់នៅក្នុងវិស័យធនាគារស្រមោលក្នុងទឹកប្រាក់ចំនួន៣ទ្រីលានដុល្លារនៅប្រទេសចិន ដែលវាស្មើនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសបារាំងទាំងមូល ហើយវិបត្តិកាន់តែអាក្រក់ទៅៗនៅក្នុងក្រុមហ៊ុននេះ បានបង្កើនកង្វល់កាន់តែខ្លាំងឡើងពីលទ្ធភាពនៃការឆ្លងរាលដាលដល់វិស័យហិរញ្ញវត្ថុ ទោះជាអ្នកវិភាគខ្លះរំពឹងថា និយ័តករនឹងឈានជើងចូល ដើម្បីទប់ស្កាត់ការធ្លាក់ចុះកាន់តែទូលំទូលាយយ៉ាងណាក៏ដោយ។

ខ្លឹមសារនៅក្នុងលិខិតនេះក៏មានសរសេរពីការសុំទោសចំពោះការខកខានសងបំណុលសំខាន់ៗមួយចំនួននៅក្នុងផលិតផលវិនិយោគ ដែលទាក់ទងនឹងក្រុមហ៊ុន Zhongzhi ដែលបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៥ នេះផងដែរ ប៉ុន្តែវាមិនបានបញ្ជាក់ច្បាស់លាស់ពីផលប័ត្ររបស់ខ្លួននោះទេ។

វិស័យអចលនទ្រព្យរបស់ចិនដែលជំពាក់បំណុលគេយ៉ាងច្រើនបាននិងកំពុងងើបឡើងវិញពីវិបត្តិសាច់ប្រាក់ចាប់តាំងពីឆ្នាំ២០២០ ហើយការខកខានសងបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យតាំងពីចុងឆ្នាំ២០២១ មកបានរារាំងដល់កំណើនសេដ្ឋកិច្ចចិន និងធ្វើឱ្យទីផ្សារពិភពលោកមានភាពចលាចលផងដែរ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដែលមានចំនួន៤០%នៃការលក់ផ្ទះរបស់ចិនបានខកខានសងបំណុលតាមកាតព្វកិច្ចរបស់ពួកគេតាំងពីឆ្នាំ២០២១ ហើយតាំងពីពេលនោះមកដល់ឥឡូវនេះ ក្រុមហ៊ុន ដែលជាប់គាំងបំណុលទាំងនោះ ភាគច្រើនជាក្រុមហ៊ុនឯកជនបានចេញមូលបត្របំណុលនៅបរទេសមានតម្លៃសរុបប្រហែល១១០ពាន់លានដុល្លារ។

សូមបញ្ជាក់ថា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិទាក់ទងនឹងធនាគារស្រមោលនៅចិនជាធម្មតាដំណើរការនៅក្រៅប្រព័ន្ធច្បាប់នៃការគ្រប់គ្រងធនាគារពាណិជ្ជ ហើយភាគច្រើនបញ្ជូនប្រាក់ចំណូលនៃផលិតផលទ្រព្យសម្បត្តិ ដែលគេបានលក់ឱ្យអ្នកវិនិយោគលក់រាយនោះទៅកាន់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិស័យផ្សេងទៀត៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃកំពុងឈឺក្បាលវិលមុខលើបញ្ហាលំហូរចូលសាច់បង្កកខុសច្បាប់ ដូចកម្ពុជាដែរ

ព័ត៌មាន
បញ្ហាលួចនាំចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់វាមិនមែនកើតមាននៅតែកម្ពុជានោះទេ សូម្បីប្រទេសក្បែរខាងថៃ ក៏កំពុងឈឺក្បាលវិលមុខលើបញ្ហានេះដែរ។…

សេដ្ឋកិច្ចអាស៊ានកំពុងមានភាពស្រពិចស្រពិលនៅឆ្នាំ២០២៤ ចំពេលមានការព្រួយបារម្ភអំពីការនាំចេញ

ព័ត៌មាន
អ្នកវិភាគសេដ្ឋកិច្ចបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ អាចប្រសើរឡើងនៅឆ្នាំក្រោយ ប៉ុន្តែស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ដែលកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ