វិស័យសេដ្ឋកិច្ច

អ្នកជំនាញសេដ្ឋកិច្ចជំរុញឱ្យរដ្ឋាភិបាលចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចឱ្យមានស្ថិរភាពនៅឆ្នាំ២០២៤


ទីប្រឹក្សារដ្ឋាភិបាលចិនសំខាន់ៗបានអំពាវនាវឱ្យរដ្ឋាភិបាលនៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំលំដាប់លេខ២នៅលើពិភពលោកមួយនេះ កំណត់គោលដៅកំណើនសេដ្ឋកិច្ចឱ្យមានស្ថិរភាពនៅឆ្នាំ២០២៤។ តាមអ្វីដែលអ្នកជំនាញការចង់បាន គឺចិនត្រូវប្តេជ្ញាធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ចឲ្យបានចន្លោះពី៤,៥% ទៅ៥,៥% នៅក្នុងឆ្នាំ២០២៤ខាងមុខ ខណៈដែលកាលពីឆ្នាំ២០២២ ចិនអាចសម្រេចកំណើនបានត្រឹម៣% ខណៈនៅឆ្នាំ២០២៣នេះ រំពឹងអាចសម្រេចបានកំណើនក្នុងរង្វង់៥%។
7
ដោយ

កំណើនសេដ្ឋកិច្ចរបស់ចិន បានធ្លាក់ចុះយ៉ាងអាក្រក់បំផុតនៅក្នុងរយៈពេលជិតកន្លះសតវត្សរ៍កន្លងមកនេះ ដោយសារតែការរាតត្បាត នៃមេរោគកូវីដ-១៩ និងឥទ្ធិពលនៃសង្រ្គាមសេដ្ឋកិច្ចជាមួយនឹងសហរដ្ឋអាម៉េរិក ដោយកាលពីឆ្នាំ២០២២ ប្រទេសមានសេដ្ឋកិច្ចធំលំដាប់លេខ២លើពិភពលោកមួយនេះសម្រេចបានកំណើនសេដ្ឋកិច្ចត្រឹម៣ប៉ុណ្ណោះ។ ផ្អែកលើស្ថានភាពនេះ និងស្ថានភាពបច្ចុប្បន្ន បណ្តាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិនសំខាន់ៗ បានដាក់ចេញនូវវិធានការជាច្រើននៅក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចឱ្យសម្រេចបានក្នុងរង្វង់ចាប់ពី៤,៥% ទៅ៥,៥% នៅក្នុងឆ្នាំ២០២៤ ខាងមុខ។

តាមសេចក្តីរាយការណ៍របស់ទីប្រឹក្សាសេដ្ឋកិច្ច៥នាក់ ក្នុងចំណោម៧នាក់ ដែលបាននិយាយជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ចង់ឲ្យរដ្ឋាភិបាលចិនកំណត់ និងដាក់ចេញនូវគោលនយោបាយយ៉ាងណាជំរុញនិងរក្សាកំណើនសេដ្ឋកិច្ចឱ្យបានពី៤,៥%ទៅ៥,៥%។ ពង្រាងនៃសំណើរយន្តការដែលពួកគេបានដាក់ចេញនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចចិន ហើយពួកគេគ្រោងនឹងដាក់ឆ្លងនៅក្នុងសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមប្រចាំឆ្នាំរបស់បក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាចនៅក្នុងខែក្រោយនេះ។

លោក យូ យ៉ុងឌីង (Yu Yongding ) ទីប្រឹក្សាសេដ្ឋកិច្ចចិនម្នាក់ ដែលបានកំណត់សេណារីយូ ផ្សេងៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចចិនឱ្យស្ថិតនៅក្នុងកម្រិត៥% នៅឆ្នាំ២០២៤ បានឲ្យដឹងថា ចិនត្រូវអនុម័តគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុកាន់តែច្រើន ដើម្បីជំរុញកំណើនតម្រូវការក្នុងប្រទេស។ លោកបានវាយតម្លៃថា តម្រូវការវិនិយោគរបស់សាជីវកម្មមិនទាន់មានភាពរឹងមាំឡើយទេ ដោយសារទំនុកចិត្តរបស់ក្រុមហ៊ុនមិនទាន់ងើបឡើងវិញ ដែលទាមទារឱ្យចិនត្រូវពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែម។

កាលពីខែតុលាកន្លងទៅ ប្រទេសចិន បានបង្ហាញនូវផែនការក្នុងការបញ្ចេញមូលបត្របំណុលអធិបតេយ្យមានតម្លៃមួយទ្រីលានយ័ន ឫប្រមាណជា១៣៩ពាន់លានដុល្លារនៅចុងឆ្នាំនេះ ដើម្បីជួយបង្កើនគោលដៅឱនភាពថវិកាសម្រាប់ឆ្នាំ២០២៣ ដោយការសម្រេចនេះមានទំហំដល់ទៅជិត៤ភាគរយនៃអត្រាផលិតផលក្នុងស្រុកសរុបរបស់ចិន។

លោក ជាង តាវ ( Guan Tao) ប្រធានក្រុមអ្នកសេដ្ឋកិច្ចនៅធនាគារចិនអន្តរជាតិ និងជាអតីតមន្ត្រីនៅរដ្ឋបាលគ្រប់គ្រងអត្រាប្តូរប្រាក់ចិន បាននិយាយថា គម្លាតនៃគោលនយោបាយរូបិយវត្ថុអាចមានទំហំធំ ប្រសិនបើចិនមានការអត់ធ្មត់កាន់តែច្រើនចំពោះការប្រែប្រួលនៃអត្រាប្តូរប្រាក់។

យ៉ាងណាមិញ បច្ចុប្បន្នមេដឹកនាំចិនកំពុងជំរុញយ៉ាងខ្លាំងក្លាបំផុត ដើម្បីបញ្ចប់វិបត្តិអចលនទ្រព្យនៅក្នុងប្រទេស តាមរយៈការបង្កើនសម្ពាធលើធនាគារ ដើម្បីដោះស្រាយបញ្ហាខ្វះខាតថវិកា ដែលគេប៉ាន់ស្មានថា មានតម្លៃប្រមាណជា៤៤៦ពាន់លានដុល្លារ ដែលត្រូវការដើម្បីរក្សាស្ថិរភាពឧស្សាហកម្ម និងអភិវឌ្ឍន៍ផ្ទះល្វែងរាប់លានខ្នងដែលសាងសង់មិនទាន់រួចរាល់។ជាមួយគ្នានេះ អ្នកបង្កើតគោលនយោបាយចិនកំពុងបញ្ចប់សេចក្តីព្រាងបញ្ជីអ្នកអភិវឌ្ឍន៍ចំនួន៥០នាក់ដែលមានសិទ្ធិទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុតាមគោលនយោបាយអនុគ្រោះនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្តាលអឺរ៉ុបព្រមានពីការកើតមានភាពតានតឹងលើធនាគារនៅតំបន់ចាយប្រាក់អឺរ៉ូ ក្រោយប្រាក់កម្ចីហក់ឡើងខ្ពស់

ព័ត៌មាន
ធនាគារកណ្តាលអ៊ឺរ៉ុបបានព្រមានថា ធនាគារនានានៅតំបន់ចាយប្រាក់អឺរ៉ូ ចាប់ផ្តើមបង្ហាញសញ្ញានៃភាពតានតឹងក្រោយប្រាក់កម្ចីមានការកើនឡើងខ្ពស់ ហើយប្រា…

បញ្ហានៅឧបទ្វីបកូរ៉េអាចកាន់តែតានតឹងក្រោយកូរ៉េខាងជើងលុបចោលកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងត្បូង

ព័ត៌មាន
កូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរួមជាមួយនឹងសព្វាវុធថ្មីៗនៅតាមព្រំដែនជាមួយកូរ៉េខាងត្បូងឡើងវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ