លោក ឡាវ៉ារ៉ុន សាងស្នីត ( Lavaron Sangsnit ) លេខាធិការហិរញ្ញវត្ថុអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុនៃប្រជាជាតិនេះ បានមានប្រសាសន៍ថា ក្រសួងគ្រោងនឹងធ្វើការកែសម្រួលរចនាសម្ព័ន្ធពន្ធភេសជ្ជៈជាច្រើនមុខ ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ និងជំរុញដំណើរការ ប្រើប្រាស់ក្នុងស្រុក។
លោកបានអះអាងថា ក្រសួងគ្រោងនឹងអញ្ជើញមន្ត្រីមកពីអគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីរួមគ្នាពិភាក្សាអំពីវិធានការនានា ដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់ និងជំរុញវិស័យទេសចរណ៍នៅក្នុងប្រទេស ដែលរដ្ឋាភិបាលកំពុងតែបង្កើនការយកចិត្តទុកដាក់ ហើយកំណត់គ្រប់វិធានការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា វិធានការទីមួយមានគោលបំណងលើកទឹកចិត្តដល់ការចំណាយក្នុងស្រុកក្នុងចំណោមអ្នកទេសចរក្នុងស្រុក និងអ្នកទេសចរបរទេសតាមរយៈការលុបចោលពន្ធលើភេសជ្ជៈនៅតាមបណ្តាហាងនានានៅក្នុងតំបន់រួចពន្ធនានា ជាពិសេសនៅតាមព្រលានយន្តហោះ ដើម្បីលើកទឹកចិត្តដល់ការចំណាយកាន់តែច្រើនរបស់ភ្ញៀវក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ។
ដោយឡែកវិធានការទីពីរ គឺទាក់ទងនឹងការកាត់បន្ថយពន្ធភេសជ្ជៈ ដើម្បីបង្កើនការប្រើប្រាស់ក្នុងស្រុក។ ហើយវិធានការទីបី គឺទាក់ទងនឹងការស្នើសុំវិធានការពន្ធ ដើម្បីផ្សព្វផ្សាយផលិតផលដែលឆ្លុះបញ្ចាំងពីថាមពលរូបវ័ន្តរបស់ប្រទេសថៃ ដែលឧស្សាហកម្មជាច្រើនបានស្នើទៅក្រសួង ដើម្បីពិចារណាលើការកែសម្រួលពន្ធ ដើម្បីឲ្យតម្លៃសមស្របសម្រាប់អ្នកទេសចរគ្រប់ជាតិសាសន៍។
លោក ឡាវ៉ារ៉ុន ក៏បាននិយាយផងដែរថា អាជ្ញាធរក៏កំពុងតែសិក្សានិងពិចារណាទាក់ទងនឹងសំណើរសុំដំណើរការអាជីវកម្មនៅម៉ោង ឫពេលសម្រាកនៅតាមសង្កាត់ទេសចរណ៍សំខាន់ៗដើម្បីផ្តល់សេវាកម្មតាមការត្រូវការរបស់ភ្ញៀវទេសចរ។ លោកបានបង្ហើបផងដែរថា ក្រសួងការបរទេស ក៏កំពុងតែសិក្សាលើលទ្ធភាពបន្តការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរបរទេស ដើម្បីបន្តលើកទឹកចិត្តនិងជួយកាត់បន្ថយការចំណាយផ្សេងៗរបស់អ្នកទេសចរ។
ចំពោះគោលនយោបាយនិងវិធានការជំរុញការទាក់ទាញ ក៏ដូចជាលើកទឹកចិត្តដល់អ្នកទេសចរនេះ គឺមានគោលដៅតែមួយគត់ គឺដើម្បីបង្កើនប្រាក់ចំណូល និងបង្កើតការងារសម្រាប់សហគ្រិន និងអាជីវកម្មទាក់ទងនឹងទេសចរណ៍ ដូចជាភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកម្សាន្ត និងអ្នកផ្តល់សេវាដឹកជញ្ជូន។
ក្រៅពីបញ្ហានេះ ខាងវិស័យដឹកជញ្ជូនឯណោះវិញ ក៏កំពុងតែជំរុញ និងផ្សព្វផ្សាយដល់អ្នកទេសចរចិន តាមរយៈផ្លូវរថភ្លើង ដោយអាជ្ញាធរថៃ បានកំណត់គោលដៅជំរុញការទាក់ទាញ ភ្ញៀវទេសចចិនតាមមធ្យោបាយដឹកជញ្ជូននេះឲ្យបានដល់ទៅ៣សែននាក់នៅឆ្នាំក្រោយ ។
តាមការរំពឹងទុកនៅក្នុងឆ្នាំនេះ ភ្ញៀវទេសចរចិនដែលចូលមកថៃ គឺមានប្រមាណជា ៣,៥ លាននាក់ នៅក្នុងនោះ គឺមានតែ ពី ៧ ម៉ឺន ទៅ ១ សែននាក់ប៉ុណ្ណោះដែលបានធ្វើដំណើរ តាមផ្លូវដែក៕
ដោយៈ សរ សុជាតិ