កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

តើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានសប្ដាហ៍នេះនឹងគ្របដណ្ដប់លើបញ្ហាចាក់ស្រែះអ្វីខ្លះ?


មន្ត្រីការទូតកំពូលមកពីប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចូលរួមកិច្ចប្រជុំនៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែកក្កដា ខណៈឥណ្ឌូនេស៊ីធ្វើជាប្រធានប្តូរវេននៅឆ្នាំនេះ។ ប្រធានបទធំៗនិងក្តៅៗ ត្រូវបានគេរំពឹងថានឹងត្រូវបានលើកយកមកពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយ ក៏ដូចជាច្រកចេញ ដូចជាបញ្ហាមីយ៉ាន់ម៉ា និងជម្លោះនៅសមុទ្រចិនខាងត្បូងជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបទេសអាស៊ានផ្តោតលើបញ្ហាមីយ៉ាន់ម៉ានិងសមុទ្រចិនខាងត្បូង

ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ឥណ្ឌូនេស៊ីនឹងសង្កត់ធ្ងន់ទៅលើជម្លោះស៊ីវិលដែលកំពុងអូសបន្លាយនៅប្រទេសមីយ៉ាន់ម៉ា, ភាពតានតឹងនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង, និងការព្រួយបារម្ភអំពីការកសាងកម្លាំងយោធាក្នុងតំបន់។ ទាំងនេះជារបៀបវារៈសំខាន់ៗនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនេះ។

មន្ត្រីការទូតកំពូលមកពីប្រទេសសមាជិកអាស៊ាន ដូចជាប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារ ទី ១១ និងថ្ងៃពុធ ទី១២ ខែកក្កដា មុនពេលដែលដៃគូមកពីប្រទេសអាស៊ីផ្សេងទៀត និងប្រទេសលោកខាងលិច ចូលរួមពិភាក្សានៅថ្ងៃព្រហស្បតិ៍ ទី១៣ និងថ្ងៃសុក្រ ទី១៤ ខែកក្កដា។ ប្រទេស មីយ៉ាន់ម៉ា ក្រោមរបបយោធាដែលកើតឡើងពីរដ្ឋប្រហារ នៅតែជាសមាជិកអាស៊ាន ប៉ុន្តែការចូលរួមក្នុងកិច្ចប្រជុំរបស់ប្រទេសនេះត្រូវបានព្យួរ ដោយសារមិនព្រមអនុវត្តដំណោះស្រាយ ៥ ចំណុច ដែលបានព្រមព្រៀងគ្នាជាមួយសមាគមអាស៊ានកាលពី២ឆ្នាំមុន។

ក្នុងនោះដែរ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការប្រកួតប្រជែងរវាងអាមេរិក និងចិន ក៏នឹងស្ថិតក្រោមការយកចិត្តទុកដាក់ផងដែរ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov, និងរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ក៏នឹងមានវត្តមានចូលរួម ក្នុងនាមជាប្រទេសដៃគូសន្ទនារបស់អាស៊ាន។

យោងតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បាននិយាយថា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានប្តូរវេននៅឆ្នាំនេះ ឥណ្ឌូនេស៊ីបានផ្តួចផ្តើមកិច្ចប្រជុំប្រហែល១១០លើកជាមួយក្រុមផ្សេងៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផ្តល់ជំនួយមនុស្សធម៌ដើម្បីកសាងទំនុកចិត្ត។ លោកស្រីបានបន្ថែមថា ការបន្តអំពើហិង្សានឹងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីនាំប្រទេសដែលហែកហួរដោយជម្លោះ ឱ្យវិលមករកភាពប្រក្រតីឡើងវិញ។

លោកស្រី Retno បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា អាស៊ាននៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃការប្រើប្រាស់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានបណ្តាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិត និងការបំផ្លិចបំផ្លាញទីសាធារណៈ ហើយអំពើហិង្សាត្រូវតែបញ្ឈប់ជាបន្ទាន់។

សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំ ចម្លងដោយ AP ឱ្យដឹងថា «រដ្ឋមន្ត្រីការបរទេសអាស៊ាននៅតែមិនអាចរកដំណោះស្រាយចំពោះបញ្ហាមីយ៉ាន់ម៉ា ពោលមិននៅទុកចន្លោះឱ្យនៅទំនេរ។ យ៉ាងណា សេចក្តីថ្លែងការណ៍ព្រាងនោះនៅតែផ្តោតសំខាន់លើបញ្ហាដ៏ចម្រូងចម្រាសផ្សេងទៀតដូចជា ជម្លោះសមុទ្រចិនខាងត្បូង។

ជាក់ស្តែង ទាក់ទងនឹងជម្លោះនៅសមុទ្រចិនខាងត្បូង រដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានគេរំពឹងថានឹងបន្តការអំពាវនាវឱ្យមានការអត់ធ្មត់ក្នុងការធ្វើសកម្មភាពដែលនឹងធ្វើឱ្យមានភាពស្មុគស្មាញ ឬបង្កើនជម្លោះ និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាព។ នេះបើយោងតាមសេចក្តីព្រាងសេចក្តីប្រកាសក្រោយកិច្ចប្រជុំ។ សេចក្តីថ្លែងការណ៍មិនបានដាក់ឈ្មោះប្រទេសចិនចំៗនោះទេ។

បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងសេចក្តីប្រកាសដែលបានព្រាងទុក លើកឡើងថា ពួកគេសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃការប្រណាំងប្រជែងសព្វាវុធ និងការបង្កើនអំណាចកងទ័ពជើងទឹកនៅក្នុងតំបន់ ដែលអាចនាំឱ្យមានការគិតខុសនិងមានកំណើនភាពតានតឹង និងអាចបំផ្លាញសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ សេចក្តីថ្លែងការណ៍ព្រាងនោះបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវលំហដែនសមុទ្រដែលមានស្ថិរភាពនិងអាចព្យាករណ៍បានក្នុងតំបន់ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងអភិបាលកិច្ចដែនសមុទ្ររវាងប្រទេសនៅក្នុងតំបន់៕




អត្ថបទបន្ទាប់


លោក ស៊ី ជីនពីង ថា រុស្ស៊ីនិងចិនគួរតែ«ដឹកនាំកំណែទម្រង់អភិបាលកិច្ចពិភពលោក»

ព័ត៌មាន
ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកហាក់ដូចជាបានឈានមកដល់ដំណាក់កាលមួយមិនស្រួលខ្លាំងហើយ នៅពេលដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយ…

ថៃទាក់ទាញគម្រោងវិនិយោគជិត ៩០០ គម្រោង ក្នុងតម្លៃសរុបជាង ១០ ពាន់លានដុល្លារ ឆមាសទី១ដើមឆ្នាំ

ព័ត៌មាន
ក្រុមប្រឹក្សាវិនិយោគថៃបានអះអាងថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ ប្រទេសនេះបានទាក់ទាញគម្រោងវិនិយោគសរុបចំនួន ៨៩១ គម្រោង ដែលមានទឹកប្រាក់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ