អូស្ត្រាលី-ប្រទេសចិន

ការនាំចេញស្រារបស់អូស្ត្រាលីទៅប្រទេសចិនធ្លាក់ចុះ ៩២% ដោយសារការដាក់ពន្ធ និងការរំខានពីជំងឺកូវីដ១៩


តម្លៃនៃការនាំចេញផលិតផលស្រារបស់អូស្ត្រាលីទៅកាន់តំបន់អាស៊ីភាគឦសានបានធ្លាក់ចុះជិតពាក់កណ្តាល គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២២ ដោយសារមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការដឹកជញ្ជូនទៅកាន់ប្រទេសចិនដីគោក បន្ទាប់ពីទីក្រុងប៉េកាំងបានដំឡើងពន្ធខ្ពស់កប់ពពកទៅលើផលិតផលស្រារបស់ប្រទេសនេះ ដោយសារតែជម្លោះការទូត។ នេះបើតាមតួលេខថ្មីចុងក្រោយមួយពីក្រុមហ៊ុនសាជីវកម្មអូស្ត្រាលី Wine Australia ដែលត្រូវបានផ្សាយដោយសារព័ត៌មាន SCMP ។
ការនាំចេញស្រារបស់អូស្ត្រាលីទៅប្រទេសចិនធ្លាក់ចុះ ៩២%

តម្លៃនៃការនាំចេញស្រារបស់​ប្រទេស​អូស្ត្រាលី​​ទៅកាន់តំបន់អាស៊ី​​ភាគ​ឦសាន​​បានធ្លាក់ចុះ ៤៦%​ មកនៅមានត្រឹមតែប្រហែល​ ២០៣ លានដុល្លារអាមេរិក​ និង​ធ្លាក់​ចុះគិត​ជា​បរិមាណ​​ ៣១%​ ​មកនៅត្រឹម ៣៥ លានលីត្រ​ ដោយសារតែ​ការដឹកជញ្ជូនទៅកាន់ប្រទេសចិនធ្លាក់ចុះ ៩២% ពោលគឺមានតម្លៃទឹកប្រាក់ត្រឹមតែ ១៣ លានដុល្លារ​អាមេរិក​​ប៉ុណ្ណោះ។

ការនាំចេញស្រា​ទៅកាន់ទីក្រុងហុងកុងបានធ្លាក់ចុះ ២១%​ មកនៅត្រឹមជាង ១០២ លានដុល្លារ​បើទោះបីជាការ​នាំ​ចេញ​​ស្រា​របស់​អូស្ត្រាលី​កំពុងត្រឡប់ទៅរកកម្រិតធម្មតា​បន្ថែមទៀត ​បន្ទាប់ពី​មានការកើនឡើងនៃការនាំចេញ​ទៅកាន់ទីផ្សារ​នៅ​ក្នុងឆ្នាំ​២០២១​ក៏ដោយ។​

លោក​ ព្យែរ ថេម (Pierre Tam)​ ប្រធាន និងជាសហស្ថាបនិកនៃសមាគមឧស្សាហកម្មស្រា​ហុងកុង​បាននិយាយថា​ ទីផ្សារហុងកុង​ គឺជាការឆ្លុះបញ្ចាំងដោយផ្ទាល់​នៃស្ថានភាពរបស់​ប្រទេសចិន​ដីគោក។

លោក ព្យែរ​ បាននិយាយថា ពន្ធលើ​ការ​នាំចូលស្រា​ពី​​ប្រទេស​អូស្ត្រាលី​ដែលកំណត់​ដោយ​រដ្ឋាភិបាលចិន ​ដែល​បាន​​បិទព្រំដែនដោយសារជំងឺ​កូវីដ​១៩​ និងថ្លៃដឹកជញ្ជូនខ្ពស់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បាន​បង្អាក់ក្រុមពាណិជ្ជករ​ក្រុង​ហុងកុង​មិន​ឱ្យ​ចូល​នាំចូលស្រា​របស់​​អូស្ត្រាលី​ក្នុង​តម្លៃ​​ពិសេស​សម្រាប់អតិថិជនចិនដីគោកឡើយ។

លោក ព្យែរ បានបន្ថែមថា ស្រារបស់​អូស្ត្រាលី​លំដាប់ខ្ពស់មានតម្លៃចន្លោះពី ២៥៥ ដុល្លារ​អាមេរិក​ដល់​ជាង ៣៨២​ ដុល្លារ​ក្នុងមួយដប ​ហើយអតិថិជន​នៅប្រទេសចិន​កាល​ពីមុន គឺបានទិញ​ស្រា​​នេះ​ ៩០​%​ ពី​​ពាណិជ្ជករ​ក្រុង​ហុងកុងមួយចំនួន​។

លោក​​បាន​បន្ត​ថា​ បច្ចុប្បន្ន​អ្នក​ទិញ​ស្រា​អូស្ត្រាលី​សំខាន់ៗ​នៅ​ហុងកុង​ គឺជា​ភោជនីយដ្ឋាន​​ដែល​ភាគច្រើន​​ប្រើប្រាស់​ស្រា​អូស្ត្រាលី​​ក្នុងកម្រិត​ទាប​​ទៅ​មធ្យម ​ដែល​មាន​តម្លៃ​ចន្លោះ​ពីជាង​ ១២ ដុល្លារ​ទៅ​ជាង ៣៨ ដុល្លារ។​

ប្រទេសចិនបានអនុវត្តយកពន្ធ​រវាងជាង ១១៦%​ ទៅជាង ២១៨% ​លើការ​នាំ​ចូល​ស្រា​អូស្ត្រាលី​នៅ​ក្នុងដបចំណុះ​​​រហូតដល់ ២ លីត្រកាល​ពី​ខែមីនាឆ្នាំមុន ដោយ​អនុវត្ត​រហូតដល់ឆ្នាំ២០២៦ ក្រោយពេលដែល​ជម្លោះការទូតរវាង​ប្រទេសទាំងពីរ​ផ្ទុះឡើង។

សកម្មភាពពាណិជ្ជកម្មនេះ​បានរារាំងការនាំចេញស្រារបស់អូស្ត្រាលីទៅកាន់ប្រទេសចិនដែលពីមុនជាទីផ្សារដ៏ធំបំផុតរបស់ខ្លួន​ ហើយ​បានបើកទ្វារទៅកាន់​ប្រទេស​ផលិត​ស្រាផ្សេង​​ទៀតដូច​ជា​អាហ្វ្រិក​ខាងត្បូង និងឈីលី​ជាដើម​។

ក្រុម​ហ៊ុន​ Wine Australia បាននិយាយថា ដើម្បី​ទប់​ទល់​​នឹង​ការ​ធ្លាក់​ចុះ​​ការនាំ​ចេញ​ស្រា​ទៅ​កាន់​តំបន់​អាស៊ី​ភាគ​ឦសាន​នេះ​ ស្រា​អូស្ត្រាលី​​បាននាំចេញ​​​ទៅ​កាន់ប្រទេសជប៉ុន និង​កោះតៃវ៉ាន់​ ដែលមក​ដល់​ពេល​នេះ​បានកើនឡើង ១៨​%​ ទៅ​ប្រទេស​​ជប៉ុន​ និង ១៣%​នៅកាន់​​តៃវ៉ាន់។​​

ក្រុម​ហ៊ុន​នេះ​បាន​បន្ថែម​ទៀត​ថា អូស្ត្រាលី​ក៏​បាន​នាំចេញស្រា​​ទៅ​កាន់​បណ្ដា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ដូច​ជា​ប្រទេស​ម៉ាឡេស៊ី និង​ថៃ​ដែល​បាន​ជួយ​រួម​ចំណែក​ដល់​កំណើន​នៃ​ការ​នាំ​ចេញ​នេះ​ផង​ដែរ​៕




អត្ថបទបន្ទាប់


ភាពអាប់អួនៅពីក្រោយដំណើរការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់រដ្ឋបាលលោកចូបៃឌិន

ព័ត៌មាន
ក្រុមមន្ត្រីរដ្ឋការរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបាននិយាយថា សេតវិមានបានបន្ទាបនូវសុទិដ្ឋិនិយមរបស់ខ្លួនកាលពីលើកមុនអំពីការបោះឆ្នោត…

ទីបំផុត ផ្លែមៀនស្រស់របស់កម្ពុជាត្រូវបានសម្ពោធនាំចេញជាផ្លូវការទៅកាន់ទីផ្សារចិនហើយ

ព័ត៌មាន
បន្ទាប់ពីចរចាអស់រយៈពេលជាង៣ឆ្នាំ និងបានអនុវត្តការផលិតវេខ្ចប់ស្របតាមស្ដង់ដារតម្រូវរបស់រដ្ឋបាលគយចិនរួចមក នៅទីបំផុត ផ្លែមៀនស្រស់របស់កម្ពុជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ