វិស័យធនាគារ

ហេតុអ្វីធនាគារធំៗនៅថៃមានប្រាក់ចំណេញហក់ឡើងខ្លាំង ទោះបីស្ថានភាពសេដ្ឋកិច្ចបន្ដថមថយចុះ?


ឆ្នាំ ២០២៣ ត្រូវបានបិទបញ្ចប់ទៅហើយ ប៉ុន្ដែ សេដ្ឋកិច្ចពិភពលោកហាក់នៅមិនទាន់អាចវិលទៅរកកម្រិតមុនជំងឺរាតត្បាតកូវីដ១៩នៅឡើយ ហើយបន្ដប្រឈមមុខនឹងហានិភ័យកាន់តែច្រើនជាងមុន។ ភាពអាប់អួនៃសេដ្ឋកិច្ចសកល កាលពីឆ្នាំមុននេះទៀតសោត ក៏បានធ្វើឲ្យធនាគារធំៗនៅអាមេរិកមួយចំនួន បានប្រកាសក្ស័យធនជាបន្ដបន្ទាប់ផងដែរ។
ហេតុអ្វីធនាគារធំៗនៅថៃមានប្រាក់ចំណេញហក់ឡើងខ្លាំង ទោះបីស្ថានភាពសេដ្ឋកិច្ចបន្ដថមថយចុះ?
ដោយ

ទោះយ៉ាងណា បើយើងក្រឡេកមើលនៅក្នុងប្រទេសថៃឯណោះវិញ វិស័យធនាគារថៃ នៅតែរឹងមាំ ខណៈធនាគារធំៗជាច្រើនបានប្រកាសពីកំណើនប្រាក់ចំណេញខ្ពស់ បើទោះបីជា ស្ថានភាពសេដ្ឋកិច្ចថៃ ហាក់មានការស្ទុះងើបឡើងយឺតក្ដី។

តាមសេចក្ដីរាយការណ៍មួយដោយ កាសែតបាងកកប៉ុស្ដិ៍បង្ហាញថា ធនាគារពាណិជ្ជធំៗ ដែលបានចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រថៃជិត ១០ធនាគារ បានបង្ហាញពីអត្រាប្រាក់ចំណេញសុទ្ធរបស់ខ្លួននៅក្នុងឆ្នាំ២០២៣ សរុបដល់ទៅជាង ៦,៥ពាន់លានដុល្លារអាមេរិក កើនឡើងដល់ទៅប្រមាណ ១៥,៦% ធៀបនឹងឆ្នាំ២០២២។

កំណើនប្រាក់ចំណេញរបស់ធនាគារធំៗនៅក្នុងប្រទេសថៃនេះ ត្រូវបានរួមចំណែកដ៏ចម្បងពីការកើនឡើងនៃប្រាក់ចំណូលដែលបានមកពីកំណើនអត្រាកាប្រាក់ ជាលទ្ធផលនៃគោលនយោបាយដំឡើងអត្រាប្រាក់របស់ធនាគារកណ្ដាលថៃ ក្នុងគោលដៅទប់ទល់ស្ថានភាពអតិផរណា។

ជាមួយនឹងអត្រាការប្រាក់កើនឡើងនេះ បានធ្វើឲ្យវិស័យធនាគារនៅក្នុងប្រទេសថៃ សម្រេចបានចំណូលសុទ្ធពីអត្រាការប្រាក់ (NII) ដល់ទៅជាង ២០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ កើនឡើងជិត១៨% បើធៀបនឹងឆ្នាំ២០២២។

គេនៅចាំបានថា ធនាគារកណ្ដាលថៃ បានដំឡើងអត្រាការប្រាក់គោលដល់ទៅ ៨ដងឯណោះ បើគិតតាំងពីខែសីហា ឆ្នាំ២០២២មក ពោលគឺដំឡើងពីអត្រា ០,៥% មកដល់ ២,៥% នាពេលបច្ចុប្បន្ន ដោយកម្រិតអត្រាប្រាក់ ២,៥%នេះ គឺជាអត្រាខ្ពស់បំផុតមិនធ្លាប់មានឡើយនៅក្នុងរយៈពេល ១ទសវត្សរ៍មកនេះ។

យ៉ាងណាក៏ដោយចុះ នៅក្នុងពេលជាមួយគ្នានេះ ឧស្សាហកម្មធនាគារជារួម ក៏នៅតែបន្ដកំណត់ទំហំ នៃការរំពឹងទុកការខាតបង់ឥណទាន (ECL) កាន់តែខ្ពស់ ស្របទៅតាមវិធានការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន នៅចំពេលដែលសេដ្ឋកិច្ចពិភពលោក រួមទាំងប្រទេសថៃកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។

ធនាគារ បាងកក ដែលត្រូវបានគេស្គាល់ថា ជាធនាគារផ្ដល់កម្ចីធំជាងគេបំផុតគិតក្នុងទំហំទ្រព្យសកម្ម បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ខ្លួននៅឆ្នាំ២០២៣ មានជាង ១ពាន់លានដុល្លារ កើនជាង ៤២% ។ ធនាគារកសិកន ដែលជាធនាគារធំបំផុតទី២របស់ថៃ រួមជាមួយនឹងស្ថាប័នបុត្រសម្ព័ន្ធ ទទួលបានប្រាក់ចំណេញសុទ្ធជិត ១,២ពាន់លានដុល្លារ កើនជាង ១៨% ធៀបនឹងឆ្នាំ២០២២។

ធនាគារ ក្រុងថៃ (KTB) វិញ មានកំណើនប្រាក់ចំណេញសុទ្ធកើនដល់ជាង ១ពាន់លានដុល្លារ កើនជិត៩% ។

រីឯក្រុមហ៊ុន SCB X ដែលជាក្រុមហ៊ុនមេរបស់ធនាគារ SCB បានប្រកាសពីប្រាក់ចំណេញសុទ្ធកើនឡើងដល់ ជាង ១,២ពាន់លានដុល្លារ កើនប្រហែល ១៦% ខណៈដែលធនាគារក្រុងស្រ៊ី ដែលជាធនាគារធំបំផុតទី៥របស់ប្រទេសថៃ មានប្រាក់ចំណញសុទ្ធកើនឡើងដល់ ជាង ៩២០លានដុល្លារ កើនជាង៣,៤% បើធៀបនឹងឆ្នាំ២០២២។

ទន្ទឹមគ្នានឹង ប្រាក់ចំណេញរបស់ធនាគារធំៗនៅក្នុងប្រទេសថៃកើនឡើង បើមើលទៅលើស្ថានភាពបំណុលគ្រួសារនៅក្នុងប្រទេសថៃនាពេលនេះ ក៏កំពុងកើនឡើងកាន់តែខ្ពស់ទៅៗគួរឲ្យបារម្ភផងដែរ ។ របាយការណ៍ពីរាជរដ្ឋាភិបាលថៃបង្ហាញថា គិតត្រឹមត្រីមាសទី២នៅឆ្នាំ២០២៣ បំណុលគ្រួសាររបស់ប្រទេសថៃមានដល់ទៅជាង ៤៥០ ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ ៩០,៧% នៃទំហំ GDP ។ តួលេខនេះ បានធ្វើឲ្យប្រទេសថៃ កំពុងក្លាយជាប្រទេសមួយ ដែលមានអត្រាបំណុលគ្រួសារខ្ពស់ជាងគេលំដាប់ទី ៣ នៅអាស៊ី តាមពីក្រោយកូរ៉េខាងត្បូង និងទីក្រុងហុងកុង និងមានចំណាត់ថ្នាក់ទី១២ នៅទូទាំងសកលលោក។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ម៉ាឡេស៊ី និងសិង្ហបុរី រំពឹងថា ការលើកលែងទិដ្ឋាការនឹងជួយស្រូបទាញភ្ញៀវទេសចរចិនបានច្រើន

ព័ត៌មាន
ប្រទេសចំនួន៣នៅតំបន់អាស៊ានគឺ ថៃ សិង្ហបុរី និងម៉ាឡេស៊ីកំពុងសង្ឃឹមថា ពួកគេនឹងអាចទាក់ទាញភ្ញៀវទេសចរចិនបានច្រើន តាមរយៈគោលនយោបាយលើកលែងទិ…

ថៃកំពុងជំរុញគម្រោងស្ពានអាកាសតម្លៃ ២៨ពាន់លានដុល្លារ ដ៏ពោរពេញដោយមហិច្ឆតារបស់ខ្លួនឲ្យចេញជារូបរាង

ព័ត៌មាន
តើថៃអាចនឹងប្រជែងយកបានលេខ១ លើការដឹកជញ្ជូនតាមច្រកកំពង់ផែសមុទ្រ ក្នុងតំបន់ពីសិង្ហបុរីដែរឬទេ? ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ