ការក្ស័យធនរបស់Twitter

មហាសេដ្ឋី Elon Musk ព្រមាន ពីការ ក្ស័យធន របស់ Twitter ក្រោយប្រធានផ្នែកធំៗលាឈប់អស់


ទើបតែចូលកាន់តំណែង បានប៉ុន្មានថ្ងៃប៉ុណ្ណោះ ម្ចាស់ថ្មីរបស់ក្រុមហ៊ុន Twitter លោក Elon Musk បាន ព្រមាន ពីការដួលរលំ របស់ ក្រុមហ៊ុន បណ្តាញសង្គមយក្សមួយនេះ ដែលបណ្តាល មកពី ការចាកចេញ របស់ ប្រធាន ជាន់ខ្ពស់ និង ចំពេលដែល ក្រុមហ៊ុន កំពុងជួបវិបត្តិហិរញ្ញវត្ថុ ដែល កំពុងដាំក្បាលចុះ។
លោក Elon Musk ព្រមាន ពីការដួលរលំ របស់ Twitter

ជាមួយគ្នានេះ គេក៏បារម្ភថា Twitter ទំនង ជាលែងមានសុវត្ថិភាព សម្រាប់ ឯកជនភាព ដែលអាចឈានដល់ការបំពានច្បាប់របស់អាមេរិក ទៀតផង។ នេះបើតាមការចុះផ្សាយរបស់ Reuters និង Bloomberg នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២។

មហាសេដ្ឋី លោក Elon Musk បាន ប្រាប់ បុគ្គលិក ក្រុមហ៊ុន Twitter ថា លោក មិន អាចទប់ទល់ នឹង ការក្ស័យធន នេះបាន ឡើយ។ ក្នុង អំឡុងកិច្ចប្រជុំលើកដំបូងរវាង លោក Elon Musk និង បុគ្គលិកទាំងអស់របស់ Twitter កាលពីរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោកបាន ព្រមាន ថា ក្រុមហ៊ុន អាច នឹង ខាតបង់ ទឹកប្រាក់ រាប់ពាន់លានដុល្លារនៅឆ្នាំ ក្រោយ។

បើតាម ម្ចាស់ Twitter ថ្មី រូបនេះ ក្រុមហ៊ុនបាន បាន ខាតបង់ជាង ៤លានដុល្លារ ក្នុងមួយថ្ងៃ ដោយសារតែការផ្សព្វផ្សាយ បានធ្លាក់ចុះជាលំដាប់ ចាប់តាំងពី លោកបាន ចូល កាន់តំណែង នេះកាលពីចុងខែតុលាមក។ សូម ជម្រាប ថា ប្រធាន ប្រតិបត្តិ ពីររូប គឺលោក Yoel Roth និងលោក Robin Wheeler បាន សម្រេចលាឈប់ ពីការងារ ក្នុងក្រុមហ៊ុននេះហើយ។

កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះដែរ លោកស្រី Lea Kissner ប្រធានមន្រ្តី សន្តិសុខ របស់ Twitter ក៏បានបង្ហោះសារបញ្ជាក់ថា លោកស្រីក៏ បាន លាឈប់ផងដែរ។ ក្រៅពីនេះ នៅមានលោក Damien Kieran ប្រធាន មន្រ្តីឯកជនភាព និងលោកស្រី Marianne Fogarty ប្រធាន មន្រ្តីផ្នែកអនុលោម ក៏សុទ្ធតែសម្រេចចិត្តចាកចេញដូចគ្នា។ ការដើរចេញព្រមគ្នាបែបនេះ ដោយសារតែពួកគេ បាត់បង់ទំនុកចិត្ត បន្ទាប់ពីលោក Elon Musk បាន សម្រេចកាត់ បន្ថយបុគ្គលិកប្រមាណ ៥០% ឯណោះ។ គណៈកម្មការ ពាណិជ្ជកម្ម សហព័ន្ធ អាមេរិក បាន ឱ្យដឹងថា ខ្លួន កំពុងតាមដាន មើល Twitter ជាមួយ ក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពី ប្រធានផ្នែក ឯកជនភាព និង អនុលោមទាំងនេះ បាន លាឈប់ ពោលគឺ បារម្ភខ្លាច ថា Twitter នឹង មានហានិភ័យ ក្នុងការបំពានច្បាប់។

សូមបញ្ជាក់ ដែរថា ក្នុងកិច្ចព្រមព្រៀងទិញ Twitter តម្លៃ ៤៤ពាន់លានដុល្លារនេះ គឺ លោក Elon Musk នៅជាប់ បំណុលប្រមាណ ១៣ពាន់លានដុល្លារទៀត ដែលត្រូវបង់សងការប្រាក់ដល់ជិត ១,២ពាន់លានដុល្លារ ក្នុងរយៈពេល ១២ខែក្រោយ ខណៈលំហូរសាច់ប្រាក់ របស់ Twitter ទំនង ជាមិនគ្រប់ សម្រាប់ការបង់ សងនេះទេ។

ក្នុងពេល ដែល ទ្រព្យសម្បត្តិរបស់ មហាសេដ្ឋីពិភពលោករូបនេះកំពុងរអិលធ្លាក់ចុះ លោក Elon Musk ក៏កំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Twitter ដែលបរាជ័យក្នុងការរកប្រាក់ចំណេញប្រចាំឆ្នាំ ក្នុងប៉ុន្មានឆ្នាំក្រោយចុងក្រោយនេះ។ ប្រាក់ចំណូល ៩០% របស់ Twitter គឺបានមកពីការផ្សាយពាណិជ្ជកម្ម ដែលវាសុទ្ធតែបានធ្លាក់ចុះផងដែរនៅតាមបណ្តាញសង្គមផ្សេងៗ។

ថ្មីៗនេះ មហាសេដ្ឋី លោក Elon Musk ក៏បានណែនាំផ្ទាល់ទៅក្រុមការងារ ឱ្យព្យាយាមសន្សំសំចៃការចំណាយឲ្យបាល់ដល់ ១ពាន់លានដុល្លារ ពោលគឺធ្វើយ៉ាងណាត្រូវរឹតត្បិតការចំណាយប្រចាំឆ្នាំលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនដែលមិនចាំបាច់។ ក្នុងនោះ លោកក៏ បានលើកឡើងពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការសន្សំសំចៃពី ១ លាន ៥សែនដុល្លារ ទៅ ៣លានដុល្លារក្នុងមួយថ្ងៃ ពី ប្រព័ន្ធផ្ទុក Servers និង សេវា Cloud ផងដែរ៕




អត្ថបទបន្ទាប់


វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៃពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២

ព័ត៌មាន
ពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ គឺជាកម្មវិធីពិព័រណ៍បច្ចេកវិទ្យាដំបូង និងធំជាងគេបំផុតក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវបានរៀបចំឡើងនាថ្ងៃទ…

កូរ៉េខាងត្បូងនិយាយថា ខ្លួនកំពុងចរចាលក់គ្រាប់កាំភ្លើងធំទៅឲ្យអាមេរិកវិញ ក្រោយពីមានការបែកធ្លាយដំណឹងថាចង់លក់ទៅអាវុធឱ្យអ៊ុយក្រែន

ព័ត៌មាន
ក្រសួងការពារជាតិកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ ទី ១១ វិច្ឆិកា បានចេញមុខអះអាងថា ខ្លួនកំពុងចរចាដើម្បីលក់គ្រាប់កាំភ្លើងធំទៅឱ្យសម្ព័ន្ធមិត្តសហរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ