រថយន្តអគ្គីសនី

សង្រ្គាមតម្លៃរថយន្តនៅចិនកំពុងកើនឡើង ខណៈក្រុមហ៊ុន BYD បញ្ចុះតម្លៃ១០%


ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយរបស់ចិន បានប្រកាសបញ្ចុះតម្លៃរហូតដល់១០ភាគរយ ចំពោះរថយន្តអគ្គីសនីជាច្រើនប្រភេទ ខណៈដែលសង្រ្គាមតម្លៃនៅក្នុងទីផ្សារថយន្តមួយចំនួនកំពុងតែកើនឡើង។ តើការបញ្ចុះតម្លៃ១០ភាគរយរបស់ក្រុមហ៊ុន BYD អាចធ្វើពិភពពាណិជ្ជកម្មរថយន្តនៅប្រទេសចិន និងលើពិភពលោកមានការរង្គោះរង្គើយ៉ាងណាដែរ?
រថយន្តអគ្គីសនី
ដោយ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដ៏ល្បីល្បាញ BYD កំពុងអនុវត្តកម្មវិធីបញ្ចុះតម្លៃក្នុងស្រុកជាបណ្ដោះអាសន្នលើម៉ូដែលមួយចំនួនរហូតដល់១០ភាគរយ ចំពេលដែលមានការកើនឡើងការប្រកួតប្រជែងនៅតាមទីផ្សារសំខាន់ៗ។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei កម្មវិធីបញ្ចុះតម្លៃរបស់ក្រុមហ៊ុននេះ បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១ វិច្ឆិកា ហើយគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំនេះ។

ក្រុមហ៊ុន BYD បានប្រកាសបញ្ចុះតម្លៃរថយន្តម៉ូដែល Frigate 07 plug-in hybrid ដល់ទៅ១ម៉ឺន៨ពាន់យ័ន ឫប្រមាណជា២,៤៦០ដុល្លារ ខណៈដែលរថយន្តស្ព័រ Song Plus ដ៏ពេញនិយមកំពុងតែអនុវត្តការបញ្ចុះតម្លៃ៥ពាន់យ័ន ឫប្រមាណជា៧០០ដុល្លារ។ ក្រុមហ៊ុន BYD បាននិយាយថា ខ្លួនកំពុងផ្តល់ការបញ្ចុះតម្លៃ ដើម្បីរំលឹកដល់ការលក់រថយន្តទី ១លានក្រោមស៊េរីម៉ូដែល Ocean របស់ខ្លួន។

ពាក់ព័ន្ធនឹងស្ថានភាពទីផ្សារ លោក វ៉ាង ឈួនហ្វូ (Wang Chuanfu) ប្រធានក្រុមហ៊ុនផលិតរថយន្តចិនមួយនេះ បាននិយាយកាលពីខែមីនា ថា ក្រុមហ៊ុនផលិតរថយន្តនេះមានគោលបំណងលក់រថយន្តយ៉ាងហោចណាស់៣លានគ្រឿងនៅឆ្នាំ២០២៣។

តាមស្ថិតិនៃការលក់នៅក្នុងខែតុលា ក្រុមហ៊ុននេះបានអះអាងថា ទំហំទីផ្សារបានកើនឡើងដល់ទៅ៣សែនគ្រឿងនៅទូទាំងពិភពលោក ដែលនាំឱ្យក្រុមហ៊ុននេះ អាចសម្រេចផែនការទីផ្សាររបស់ខ្លួននៅក្នុង រយៈពេល១០ខែដំបូងនៃឆ្នាំនេះ ដោយកើនឡើងដល់ជិត២លាន៤សែន គ្រឿង។

ក្រុមហ៊ុន BYD ទំនងជាមានបំណងបង្កើនការលក់បន្ថែមទៀតនៅក្នុងខែវិច្ឆិកា និងខែធ្នូ ដើម្បីបំពេញតាមគោលដៅពេញមួយឆ្នាំរបស់ខ្លួន។ ក្រៅពីក្រុមហ៊ុន BYD ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ក៏កំពុងបញ្ចុះតម្លៃក្នុងប្រទេសចិនផងដែរ។

ក្រុមហ៊ុន Great Wall Motor បានចាប់ផ្តើមកម្មវិធីលក់បញ្ចុះតម្លៃរថយន្តថ្មីនៅក្នុងប្រទេសចិនក្រោមម៉ាកយីហោ Ora EV របស់ខ្លួននៅចុងខែតុលា ចំនួនដល់ទៅ៣ម៉ឺនយ័ន ឫប្រមាណជា ៤ពាន់ដុល្លាររហូតដល់ចុងខែវិច្ឆិកានេះ។ ក្រៅពីនេះ ក្រុមហ៊ុន Geely Holding Group ក៏កំពុងបញ្ចុះតម្លៃរថយន្តអគ្គីសនី ប្រណីតម៉ូដែល Zeekr 001 ប្រហែល១០ភាគរយដែរ ដោយកម្មវិធីនេះអនុវត្តរហូតដល់ចុងខែធ្នូ។

នៅលើទីផ្សារពិភពលោកឯណោះវិញ ក្រុមហ៊ុនផលិតរថយន្ត BYD កំពុងតែដណ្តើមភាពនាំមុខគេ ដោយនៅក្នុងអំឡុងពីខែកក្កដា ដល់ខែកញ្ញា ក្រុមហ៊ុននេះអាចមានសមត្ថភាពលក់រថយន្តអគ្គីសនីសរុបដល់ទៅជាង៨សែនគ្រឿង ពោលគឺនៅក្រោមក្រុមហ៊ុន នីសាន់ តែបន្តិចប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ច្បាប់ថ្មីរបស់សហភាពអឺរ៉ុប កំពុងគំរាមកំហែងដល់ដំណាំកសិឧស្សាហកម្មនៅអាស៊ាន

ព័ត៌មាន
ច្បាប់របស់សហភាពអឺរ៉ុប ដែលមានគោលបំណងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើកំពុងគំរាមកំហែងដល់ដំណាំកសិឧស្សាហកម្មផ្សេងៗ ជាពិសេសដំណាំកៅស៊ូនៅអាស៊ីអាគ្…

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិកថា សម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិកមិនគួរត្រូវជ្រើសរើសរវាងអាម៉េរិក និងចិននោះទេ

ព័ត៌មាន
លោកស្រី ជេណិត យេឡេន រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍បានធានាជាថ្មីចំពោះបណ្ដាប្រទេសនៅតំបន់អាស៊ីថា វិធីសាស្រ្តរបស់សហរដ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ