ឧស្សាហកម្មកាត់ដេរ

កម្ពុជា រកចំណូលបានជិត៨៤៥លានដុល្លារ ពីការនាំចេញផលិតផលក្នុងឧស្សាហកម្មកាត់ដេរ


ការនាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ និងវាយនភណ្ឌរបស់កម្ពុជា ហាក់បង្ហាញសញ្ញាវិជ្ជមានឡើងវិញនៅដើមឆ្នាំ២០២៤នេះ បន្ទាប់ពីបានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅអំឡុងឆ្នាំ២០២៣ កន្លងទៅ។
ឧស្សាហកម្មកាត់ដេរ
ដោយ

ជាក់ស្ដែង នៅក្នុងរយៈពេល១ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលពីការនាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ និងវាយនភណ្ឌសរុបជិត៨៤៥លានដុល្លារ កើនឡើងជាង១០០លានដុល្លារបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានជាង៦៧៧លានដុល្លារ។

ទោះបីការនាំចេញផលិតផលឧស្សាហកម្មកាត់ដេរមានការកើនឡើង តែវិបត្តិសកល​នៅតែក្លាយជាបញ្ហាប្រឈមសម្រាប់វិស័យនេះ ពិសេសបញ្ហាជម្លោះដែនទឹកនៅសមុទ្រក្រហម ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនពីតំបន់អាស៊ីទៅអឺរ៉ុបមានការកើនឡើងទ្វេដង។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា ការនាំចេញផលិតផលសំខាន់ៗ របស់កម្ពុជា ភាគច្រើនសុទ្ធតែមានការកើនឡើងនៅក្នុងខែមករា ឆ្នាំ២០២៤ ជាពិសេសការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេរតែម្ដង។ ជាក់ស្ដែងនៅពេញមួយ១ខែមករា កម្ពុជាទទួលបានចំណូលសរុបជិត៨៤៥លានដុល្លារ ពីការនាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ និងវាយនភណ្ឌទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជាង១០០លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានជាង៦៧៧លានដុល្លារ។ ដោយឡែក ការនាំចេញផលិតផលស្បែកជើងសម្រេចបានជាង១២២លានដុល្លារ កើនឡើងជាង១១% ខណៈការនាំចេញវត្ថុវាយនភណ្ឌវិញ មានជាង១៨លានដុល្លារ កើនជាង៤៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កត់សម្គាល់ឃើញថា នៅដើមឆ្នាំ២០២៤នេះ ស្ថានភាពវិនិយោគរបស់កម្ពុជា នៅតែរក្សាបានសញ្ញាណវិជ្ជមាន ជាពិសេសគម្រោងវិនិយោគក្នុងវិស័យកាត់ដេរតែម្ដង ខណៈកម្ពុជានៅតែមានសក្តានុពលទាក់ទាញវិនិយោគិនសម្រាប់វិនិយោគក្នុងវិស័យកាត់ដេរ ជាពិសេសរោងចក្រកាបូប សម្លៀកបំពាក់ និងស្បែកជើង និងសម្ភារធ្វើដំណើរ។

អ្នកជំនាញរូបនេះមានជំនឿយ៉ាងមុតមាំថា វិស័យឧស្សាហកម្មរបស់កម្ពុជា នៅឆ្នាំនេះ នឹងកាន់តែមានភាពល្អប្រសើរ ដ្បិតកម្ពុជា បានអនុវត្តច្បាប់វិនិយោគថ្មី ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេង ជាពិសេសការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការដើរកៀគរវិនិយោគិនពីខាងក្រៅប្រទេសឲ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាដើម ដែលសកម្មភាពទាំងអស់នេះ គឺសុទ្ធតែជាឱកាសសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនឲ្យចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

​បើទោះបីការនាំចេញផលិតផលឧស្សាហកម្មកាត់ដេរមានការកើនឡើងក៏ពិតមែន ប៉ុន្តែវិបត្តិសាកលលោកនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យនេះ ពិសេសបញ្ហាជម្លោះដែនទឹកនៅសមុទ្រក្រហម ដែលជំរុញឱ្យតម្លៃដឹកជញ្ជូនពីតំបន់អាស៊ីទៅកាន់តំបន់អឺរ៉ុប និងសហរដ្ឋអាម៉េរិកហក់ឡើងខ្ពស់។ នេះបើតាមការអះអាងរបស់លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា ដែលបានបន្ថែមថា តម្លៃដឹកជញ្ជូននៅកាន់តំបន់អឺរ៉ុប គឺមានការកើនឡើងរហូតដល់ទៅប្រមាណ២ទៅ៣ដងឯណោះ ដោយសារបញ្ហានៅសមុទ្រក្រហម បានធ្វើឱ្យកាប៉ាល់ដឹកទំនិញពីអាស៊ីទៅកាន់អឺរ៉ុប ត្រូវប្រើប្រាស់ផ្លូវវាងដោយបន្ថែមចម្ងាយផ្លូវរាប់ពាន់គីឡូម៉ែត្រ។

​សូមបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជិត២ពាន់លានដុល្លារកើនឡើង២៧% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ការនាំចេញផលិតផលសម្លៀកបំពាក់ បានក្លាយជាទំនិញនាំមុខគេដែលជាប់ចំណាត់ថ្នាក់លេខ១ ដែលទទួលបានចំណូលច្រើនជាងគេក្នុងចំណោមផលិតផលសំខាន់ៗរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

ចំណែកឯ ការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី បែជាមានការធ្លាក់ចុះទៅវិញ នៅខែមករា ឆ្នាំ២០២៤នេះ ពោលគឺមានទំហំទឹកប្រាក់ជាង១៣៤លានដុល្លារប៉ុណ្ណោះ ថយចុះជាង៤២% ខណៈកាលពីខែមករា ឆ្នាំ២០២៣ កម្ពុជារកចំណូលបានរហូតជាង២៣២លានដុល្លារឯណោះ ពីការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យការនាំចេញរបស់កម្ពុជាទៅចិនកើនឡើង៥០% នៅខែមករា ឆ្នាំនេះ?

ព័ត៌មាន
ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារចិន បានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់នៅដើមឆ្នាំ២០២៤នេះ តួយ៉ាងបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិ…

រថយន្តអគ្គិសនីរបស់ចិននឹងបង្កើនការវាយលុកកាន់តែខ្លាំងនៅតំបន់អឺរ៉ុបឆ្នាំនេះ

ព័ត៌មាន
យានយន្តអគ្គិសនីរបស់ចិន គ្រោងនឹងបង្ហាញខ្លួនកាន់តែច្រើននៅក្នុងឆ្នាំ២០២៤ នេះ ដែលអាចក្លាយជាឆ្នាំនិមិត្តរូបមួយសម្រាប់កន្លែងកំណើតនៃយានយន្តអគ្គិសន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ