ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន

ទោះកូវីដ-១៩កំពុងអុកឡុក ប៉ុន្ដែពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុននៅតែបង្ហាញភាពរឹងមាំ


ទោះបីប្រទេសកម្ពុជា និង ជប៉ុនកំពុងជាប់ដៃប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែរក្សាបាននូវភាពរឹងមាំនៅឆ្នាំ២០២១នេះ។ ជាក់ស្តែងនៅឆមាសទី១ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង១ពាន់ដុល្លារអាមេរិកមានការកើនឡើងជិត១០% បើធៀបនឹងឆមាសទី១កាលពីឆ្នាំ២០២០។
ទង់ជាតិ​កម្ពុជា និងជប៉ុន (រូបតំណាង)

អ្នកជំនាញចាត់ទុកការកើនឡើងនេះ វាជាការបង្ហាញពីចំណុចវិជ្ជមានក្នុងការពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ នាពេលអនាគត។ អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា វិនិយោគិនជប៉ុននឹងបន្តមកបោះទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនក្រោយស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាសង្កេតឃើញថា ទោះបីកម្ពុជា និងជប៉ុនទទួលរងនូវការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តែការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានស្ថិរភាពនិងរក្សាកំណើនល្អប្រសើរនៅប៉ុន្មានខែកន្លងមកនេះ។ ការរក្សាបាននូវស្ថិរភាព និងកំណើននេះ វាបានបង្ហាញពីសុខមាលភាពពាណិជ្ជកម្មល្អ រវាងប្រទេសទាំងពីរនាពេលអនាគត។ កត្តានេះ បានបង្កើនភាពទាក់ទាញសម្រាប់កម្ពុជា ក្នុងការស្រូបទាញវិនិយោគិនជប៉ុនឲ្យមកបោះទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនផងដែរ។

ស្រដៀងគ្នានេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមើលឃើញថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុននៅឆមាសទី១ ឆ្នាំ២០២១ នៅតែបង្ហាញសញ្ញាវិជ្ជមាន ទោះបីមានការរំខានអុកឡុកពីជំងឺកូវីដ-១៩។ អ្នកជំនួញរូបនេះ បានចាត់ទុកចំណុចវិជ្ជមាននេះថា វាបានបង្ហាញពីភាពល្អប្រសើរក្នុងការពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។ ឧកញ៉ា លឹម ហេង រំពឹងថា កម្ពុជានឹងឈានដល់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុននាពេលខាងមុខផងដែរ។ 

ដោយឡែក បើយើងប្រៀបធៀបទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន ជាមួយទំហំពាណិជ្ជកម្មកម្ពុជា-ចិន គឺនៅមានទំហំខុសគ្នាឆ្ងាយមែនទែន ពោលគឺទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុននៅមានចំនួនតិចតួចនៅឡើយទេ។ ប៉ុន្តែបើយើងមើលទៅលើទំហំនាំចេញវិញ គឺការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុនមានទំហំធំជាងការនាំចូល ប៉ុន្តែការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិនមានទំហំតួចជាងការនាំចូលពីចិនមកវិញ។ ជុំវិញបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនចូលជាធរមាន កម្ពុជានឹងសម្រេចបានតុល្យភាពពាណិជ្ជកម្មជាមួយចិននៅថ្ងៃណាមួយនាពេលអនាគត។

បើតាមរបាយការណ៍របស់អង្គការពាណិជ្ជកម្មក្រៅប្រទេស Jetro របស់ជប៉ុន ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុននៅឆមាសទី១ឆ្នាំ២០២១ សម្រេចបានជាង១ពាន់១រយលានដុល្លារអាមេរិក កើនឡើងជិត១០% បើធៀបនឹងឆមាសទី១កាលពីឆ្នាំ២០២០ ដែលសម្រេចបានប្រមាណ១ពាន់លានដុល្លារអាមេរិក។ ការនាំចេញទំនិញរបស់កម្ពុជាទៅជប៉ុននៅឆមាសទី១សម្រេចបានជាង៨រយលានដុល្លារ កើនឡើងជិត៣% បើធៀបនឹងឆ្នាំមុខមានតែជិត៨រយលានដុល្លារ។ ចំណែកការនាំចូលពីជប៉ុនមកកម្ពុជាមានទឹកប្រាក់ជិត៣រយលានដុល្លារ កើនឡើង៣៥% បើធៀបនឹងឆមាសទី១កាលពីឆ្នាំមុន ដែលមានជាង២រយលានដុល្លារប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហាកូវីដ-១៩រាតត្បាត និងស្ថានភាពនៅអាហ្វហ្កានីស្ថានរុញឲ្យតម្លៃភាគហ៊ុននៅអាស៊ីដាំក្បាលចុះ

ព័ត៌មាន
តម្លៃភាគហ៊ុននៅក្នុងតំបន់អាស៊ីដាំក្បាលចុះ ក្រោយវិនិយោគិនមើលឃើញពីការរាតត្បាតកូវីដ-១៩ បន្តកើនឡើងខ្ពស់ និង វិបត្តិសង្គ្រោមហែកហួរនៅអាហ្វហ្កាន…

បេក្ខភាពនាយករដ្ឋមន្ត្រី៤រូប កំពុងស្ថិតក្រោមការជ្រើសរើសពីព្រះមហាក្សត្រម៉ាឡេស៊ី

ព័ត៌មាន
ព្រះមហាក្សត្រម៉ាឡេស៊ី អាល់ស៊ុលតង់ អាប់ឌុលឡា បានចាប់ផ្តើមស្វែងរកនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក ម៉ូយីឌីន យ៉ាស៊ីន បានសុំលាលែងពីតំណែងកាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ