ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងកើនជាង ១១% នៅ៩ខែឆ្នាំ២០២១


នៅ៩ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំទឹកប្រាក់ជិត ៦០០លានដុល្លារកើនឡើងជាង ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែបើមើលទៅលើជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានការខុសគ្នាជិត ៣ដង ក្នុងនោះកម្ពុជានាំចេញទំនិញទៅកូរ៉េខាងត្បូងសម្រេចបានជាង ១៤៣លានដុល្លារកើនឡើងជាង៣% ខណៈកម្ពុជានាំចូលទំនិញពីកូរ៉េខាងត្បូងមានទំហំជាង៤០០លានដុល្លារកើនឡើងជាង១៤%។ នេះបើតាមតួលេខពីក្រួងពាណិជ្ជកម្មកម្ពុជាដែលបានផ្ដល់ឲ្យ ខេមបូណូមីស។
ទង់ជាតិកម្ពុជា-កូរ៉េខាងត្បូង

ទោះបីមានការរំខានអុកឡុកពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្ដែ ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយកូរ៉េខាងត្បូងនៅតែបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់។ ជាក់ស្តែងទំហំពា​ណិ​ជ្ជកម្មរវាងប្រទេសទាំងពីរនៅរយៈពេល៩ខែក្នុងឆ្នាំ២០២១ សម្រេចបានជាង ៥៧៨លានដុល្លារ កើនឡើងជាង១១% បើធៀបនឹង៩ខែកាលពីឆ្នាំ២០២០ ដែលមានត្រឹមតែជាង៥២០លានដុល្លារ។

កម្ពុជា គឺជាគោលដៅនាំចេញទី៦០របស់កូរ៉េខាងត្បូង ដែលមានទំនិញសំខាន់ៗដូចជា ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ ឧបករណ៍ផ្ទះបាយ និងរថយន្តដឹកទំនិញ។ ចំណែកឯកម្ពុជាបាននាំចេញទំនិញទៅកូរ៉េខាងត្បូង ភាគច្រើនផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកសិកម្ម។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ភាគីទាំងពីរកម្ពុជា-កូរ៉េ ក៏ទើបតែបាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលរំពឹងថា នឹងចូលជាធរមាននៅដើមឆ្នាំ២០២២ ខាងមុខ។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរំពឹងថា ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមានវានឹងជួយជំរុញកំណើននាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េខាងត្បូងឲ្យកាន់តែមានភាពល្អប្រសើរ ក៏ដូចជាទាក់ទាញវិនិយោគិនកូរ៉េឲ្យមកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។ 

បើតាមឯកឧត្តម ប៉ែន សុវិជាតិ ក្រោមកិច្ចព្រមព្រៀងនេះ កម្ពុជាអាចនាំចេញទំនិញជាង១ម៉ឺនបន្ទាត់ពន្ធគយ​ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដោយមិនចាំបាច់បង់ពន្ធ ហើយទំនិញមួយចំនួននាំចូលពីកូរ៉េមកកម្ពុជា ក៏ទទួលបានការលើកលែងពន្ធដូចគ្នាផងដែរ។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា និងកូរ៉េ និងកិច្ចព្រមព្រៀង RCEP កម្ពុជានឹងលើកលែងពន្ធប្រមាណជិត ៩៤% នៃផលិតផលនាំចូលពីកូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូងនឹងលើកលែងពន្ធប្រមាណជិត​៩៦%លើផលិផលរបស់កម្ពុជា។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-កូរ៉េ កាលពីឆ្នាំ២០២០ សម្រេចបានជាង៨៨៥លានដុល្លារ ពោលគឺមានការថយចុះប្រមាណ១៨% ​បើធៀប​នឹងរយៈពេលដូចគ្នាកាលពី​ឆ្នាំ​២០១៩ ដែលមានទំហំប្រមាណ១ពាន់លានដុល្លារ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យចាប់ពីថ្ងៃទី០១វិច្ឆិកាតទៅ

ព័ត៌មាន
នៅទីបំផុត កម្ពុជាសម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យ និង ការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា នេះតទៅ បន្ទាប់…

ប្រេងសាំងធម្មតាហក់ឡើងថ្លៃដល់ ៤.៥៥០រៀលក្នុងមួយលីត្រ ខណៈតម្លៃប្រេងឆៅសាកលនៅតែមានខ្ពស់

ព័ត៌មាន
បញ្ហាតម្លៃប្រេងឥនន្ធនៈលើទីផ្សារអន្តរជាតិ រួមទាំង កម្ពុជា ក៏បន្តកើនឡើងជាបន្តជាបន្ទាប់ នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្ដែង ចាប់ពីថ្ងៃទី១ ខែវិច្ឆិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ