សហគ្រិនខ្មែរ

សហគ្រិនខ្មែរប្រកាសជ័យលាភីនៃការប្រកួតពានរង្វាន់ ឆ្នាំ២០២៣


សហគ្រិនខ្មែរបានប្រកាសជ័យលាភីដែលជាក្រុម និងក្រុមហ៊ុនដែលបានឈ្មះការប្រកួតពានរង្វាន់សហគ្រិនខ្មែរទាំង៣ប្រភេទប្រចាំឆ្នាំ២០២៣ គឺ៖ ពានរង្វាន់កម្រិតវិទ្យាល័យ ពានរង្វាន់ធុរកិច្ចបង្កើតថ្មី និងពានរង្វាន់សហគ្រាសធុនតូច និងមធ្យម។
សហគ្រិនខ្មែរ
ដោយ

កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរនេះត្រូវបានធ្វើឡើង​ក្រោម​​អធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុម​ប្រឹក្សាបរធន​បាល នៃសហគ្រិនខ្មែរ​ និងបានប្រកាសជ័យលាភីចំនួន១១ក្រុម/ក្រុមហ៊ុន ក្នុងចំណោមអ្នកដាក់ពាក្យចំនួន ៤០៣ ​ដែលជាវឌ្ឍនភាពដ៏សំខាន់មួយទៀតនៅក្នុងវិស័យសហគ្រិនភាពរបស់កម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ «សហគ្រិនខ្មែរ ដែលជាកត្តាលីករ​ជំរុញសហគ្រិនភាព​នៅ​កម្ពុជា បានអនុវត្តកម្មវិធីជាច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់សិស្សនិស្សិត ធុរកិច្ចបង្កើតថ្មី និង​សហគ្រាស​​ធុនតូច និងមធ្យម។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ សហគ្រិនខ្មែរ បានអនុវត្តតួនាទីដ៏សំខាន់​របស់ខ្លួន​ដោយ​បានកំណត់ចំណុចកែលម្អ បង្កើនទំនុកចិត្តក្នុងចំណោមភាគីពាក់ព័ន្ធ សហការបង្កើតកម្មវិធីជាមួយ​ដៃគូ និងពង្រឹងយន្តការសហហិរញ្ញប្បទាន។ ខណៈពេលដែលយើងអបអរសាទរជ័យលាភីទាំង១១ នៅ​ថ្ងៃនេះ ខ្ញុំសូមលើកទឹកចិត្តដល់សហគ្រិនទាំងអស់ឱ្យខិតខំចាប់យកស្តង់ដារ បច្ចេកវិទ្យាទំនើប និងបង្កើន​ប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៃប្រទេសជាតិរបស់យើង» ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ​នាយកប្រតិបត្តិសហគ្រិនខ្មែរបានមាន ប្រសាសន៏​ថា៖ «​ក្រោយការអនុវត្តកម្មវិធីនេះអស់រយៈពេលច្រើនឆ្នាំកន្លងមក សហគ្រិនខ្មែរ បានសង្កេត ឃើញថាកម្មវិធីនេះបានចូលរួមលើកស្ទួយដល់វិស័យសហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង និង ចូលរួមកសាងបណ្ដាញក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងរឹងមាំ​ តាម​រយៈការបង្កើតបរិយាកាសអំណោយផលដល់សហគ្រិនឱ្យបានចូលរួមសិក្សារៀនសូត្រ, សាកល្បង សមត្ថ​ភាព, ឱកាសទទួលបានការវិនិយោគ, និងបន្តពង្រីកអាជីវកម្ម»។

គួរបញ្ជាក់ថា នេះគឺជាឆ្នាំទី៣ហើយដែលកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរត្រូវបានរៀបចំឡើង ដែល មុន​នឹងឈានមកដល់ការប្រកាសទទួលពានរង្វាន់ បេក្ខជនចូលរួមទាំងអស់ត្រូវឆ្លងកាត់វគ្គជម្រុះ​ តាម​ដំណាក់​កាលដូចជា៖ ការជម្រុះតាមលក្ខខណ្ឌ ការប្រកួតធ្វើបទបង្ហាញអាជីវកម្មពាក់កណ្តាលផ្តាច់ព្រ័ត្រ ការចូលរួមវគ្គត្រៀមខ្លួនក្នុងការប្រកួត និងចុងក្រោយ ការប្រកួតធ្វើបទបង្ហាញអាជីវកម្មវគ្គផ្តាច់ព្រ័ត្រ។

ជ័យលាភីទាំង១១ សម្រាប់ការប្រកួតទាំង៣ប្រភេទរួមមាន៖

ជ័យលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ​​សហគ្រាសធុនតូច​ និងមធ្យម ទាំង៤ក្រុមហ៊ុនរួមមាន៖

១. ជ័យលាភីលេខ១៖ គ្រួសារលតឆានំគូឆាយ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២៨,​០០០,០០០ រៀល​ (៧,០០០ ដុ​​ល្លារ)

២. ជ័យលាភីលេខ២៖ ស្វាយអង្គរ អុិនធើប្រាយ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២៤,​០០០,០០០ រៀល (៦,០០០ ដុ​​ល្លារ)

៣. ជ័យលាភីលេខ៣៖ ​ម៉ាច់ ម៉ូបាល ហ៊ែលឃែរ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២០,​០០០,០០០ រៀល (៥,០០០ ដុ​​ល្លារ)

៤. ជ័យលាភីលេខ៤៖ ដាំដុះ អាល់វីន ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៦,​០០០,០០០ រៀល (៤,០០០ ដុ​​ល្លារ)

ជ័យលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី ៤ ក្រុមហ៊ុនរួមមាន៖

១. ជ័យលាភីលេខ១៖ កសិដ្ឋានកូនចៀមធម្មជាតិ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២០,​០០០,០០០ រៀល​ (៥,០០០ ដុ​​ល្លារ)

២. ជ័យលាភីលេខ២៖ វ៉នឌើរផាស ថេកណឡជី ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៦,​០០០,០០០​ រៀល (៤,០០០ ដុ​​ល្លារ)

៣. ជ័យលាភីលេខ៣៖ ចបប៊ីហ្វាយ (ខេមបូឌា)​ ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់ ​១២,​០០០,០០០ រៀល (៣,០០០ ដុ​​ល្លារ)

៤. ជ័យលាភីលេខ៤៖ សាបារា បេស ហ្វូដ ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់​​​ ៨,​០០០,០០០​ រៀល (២,០០០ ដុ​​ល្លារ)

ជ័យលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ​៣ក្រុមរួមមាន៖

១. ជ័យលាភីលេខ១៖ Kon-Nichiwa ទទួលបានពានរង្វាន់ និងទឹកប្រាក់​ ៨,​០០០,០០០​​ រៀល (២,០០០ ដុ​​ល្លារ)

២. ជ័យលាភីលេខ២៖ The 3R-Youths ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៦,​០០០,០០០​ រៀល​ (១,៥០០ ដុ​​ល្លារ)

៣. ជ័យលាភីលេខ៣៖ Bubblegum ទទួលបានពានរង្វាន់ និងទឹកប្រាក់​ ៤,​០០០,០០០ រៀល (១,០០០ ដុ​​ល្លារ)

កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរត្រូវបានរៀបចំឡើង ស្របតាមចក្ខុវិស័យនៃការផ្តល់ជាវេទិកា​ជាតិ ដើម្បីលើកកម្ពស់រាល់សកម្មភាពក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅប្រទេសកម្ពុជា ផ្តល់ឱកាសដល់​ការ​កសាងបណ្តាញ ទទួលបានប្រាក់រង្វាន់ និងការបណ្តុះបណ្តាល ចូលរួមការប្រកួតប្រជែងថ្នាក់ជាតិ និង​អន្តរ​ជាតិ និងកម្មវិធីគាំទ្រផ្សេងៗទៀត ដើម្បីជំរុញការរីកលូតលាស់ និងភាពជោគជ័យរបស់​សហគ្រិន​កម្ពុជា។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តួកគីសន្សំប្រាក់បាន២ពាន់លានដុល្លារពីការទិញប្រេងរុស្ស៊ី ខណៈការនាំចូលកើនឡើង ទោះបីរងទណ្ឌកម្ម

ព័ត៌មាន
ការគណនាមួយដោយផ្អែកលើទិន្នន័យ LSEG និងការប៉ាន់ប្រមាណរបស់ពាណិជ្ជករបានបង្ហាញថា ប្រទេស និងក្រុមហ៊ុនតួកគីមួយចំនួនសន្សំប្រាក់បានប្រហែល២ពាន់ល…

សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យធនាគារទាំងអស់បង្កើនការផ្តល់កម្ចីដល់វិស័យ SME និងកសិកម្ម

ព័ត៌មាន
ដើម្បីធានាបាននូវស្ថិរភាព និងភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ស្របពេលសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ សម្តេចធិបត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ