កម្ពុជា-តួកគី

កម្ពុជា-តួកគី ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មឱ្យដល់១ពាន់លានដុល្លារ និងបើកជើងហោះហើរត្រង់រវាងគ្នា


កម្ពុជា-តួកគី បានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឈានដល់១ពាន់លានដុល្លារនៅពេលខាងមុខ។ ជាមួយគ្នានេះ តួកគីក៏គ្រោងពង្រីកហោះហើរមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញនិងលើកម្ពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។ ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងឯកគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។
កម្ពុជា-តួកគី
ដោយ

នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា លោកជំទាវ ULKU KOCAEFE ឯកគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគីមានការរីកចម្រើនជាលំដាប់ ដោយក្នុងនោះ ក៏មានការបើកការិយាល័យពាណិជ្ជកម្មផងដែរ។ ទន្ទឹមនេះ លោកជំទាវឯកគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ថ្វីត្បិតតែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះឱ្យកើនដល់១ពាន់លានដុ​ល្លារផងដែរ នាពេលខាងមុខ។

លោកជំទាវ បានបន្ថែមទៀតថា ក្រុមហ៊ុនអាកាសចរណ៍តួកគី ក៏គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជា នាពេលខាងមុខផងដែរ និងសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងវិស័យទេសចរណ៍នៃប្រទេសទាំងពីរមានការកើនឡើងបន្ថែមទៀត។ ឯកគ្គរដ្ឋទូតតួកគីរូបនេះ បានឱ្យដឹងដែរថា ប្រទេសតួកគីនឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ហើយបានស្នើសុំឱ្យភាគីកម្ពុជា ជួយគាំទ្រតួកគី ក្នុងទំនាក់ទំនងជាមួយអាស៊ានផងដែរ។ មិនតែប៉ុណ្ណោះ​លោកជំទាវមានក្តីសង្ឃឹមទុកថា សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើននូវទំនាក់ទំនងជាមួយសភានៃប្រទេសតួកគី ឱ្យដល់កម្រិតខ្ពស់នាពេលខាងមុខផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៥នៃព្រឹទ្ធសភានេះ សម្តេចនឹងផ្ដោតអាទិភាពសំខាន់ទៅលើកិច្ចការងារបរទេស។ ហើយចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-តួកគីវិញ សម្ដេចតេជោ បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺនៅតូចនៅឡើយ ដែលពុំទាន់ស័ក្ដិសម​ទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាននោះទេ។

តែយ៉ាងណា សម្តេចតេជោជឿជាក់ថា គោលដៅ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងអាចសម្រេចបាននាពេលខាងមុខ។ ​ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជាវិញ សម្ដេចតេជោ អះអាងថា វានឹងអាចធ្វើឱ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសទួគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ បើតាមសម្តេចតេជោ ហ៊ុន សែន ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះសម្ដេចបានជំរុញឱ្យស្ថាប័នទាំងពីរគួរតែមានកម្មវិធីឱ្យច្រើនដើម្បីរំលឹកខួបទំនាក់ទំនងនេះផងដែរ។

សូមជម្រាបថា ក្រៅពីទំនាក់ទំនងទ្វេភាគី សម្ដេចតេជោ និងលោកជំទាវឯកគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ក៏បានពិគ្រោះពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសសភាពការណ៍នៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និងសភាពការណ៍នៅមជ្ឈិមបូព៌ា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រហិតចម្រុះគ្មានគុណភាពជាង៨តោន ត្រូវបានមន្រ្តីរឹបអូស និងយកទៅដុតបំផ្លាញចោល

ព័ត៌មាន
សាច់ប្រហិតចម្រុះគ្មានគុណភាពទម្ងន់ជាង៨តោន ត្រូវបានមន្រ្តីជំនាញរឹបអូស និងយកទៅដុតកម្ទេចចោល ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យ…

រំហូរផលិតផលពីបរទេសមានតម្លៃថោកៗ កំពុងបង្កជាក្តីបារម្ភដល់វិស័យ SME របស់កម្ពុជា

ព័ត៌មាន
យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះហាងលក់ទំនិញនាំចូលពីបរទេសក្នុងតម្លៃថោកៗនៅកម្ពុជា បានរីកដុះដាលគួរឱ្យកត់សម្គាល់។ ការហូរចូលទំនិញមានតម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ