ទីផ្សាររថយន្តវៀតណាម

ទីផ្សាររថយន្តនៅវៀតណាមកំពុងជាប់គាំង បើទោះបីជាមានការបញ្ចុះតម្លៃខ្លាំងក៏ដោយ


សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម បាននិយាយថា សមាជិករបស់ខ្លួនបានលក់រថយន្តបានចំនួនប្រមាណជាង២ម៉ឺន៥ពាន់គ្រឿង នៅក្នុងខែតុលា ដោយប្រហាក់ប្រហែលនឹងចំនួនលក់កាលពីខែកញ្ញា។ ប៉ុន្តែជារួមការលក់នៅវៀតណាម នៅ១០ខែកន្លងមកនេះ គឺបានធ្លាក់ចុះដល់ទៅ២៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅពេលនេះ ក្រុមអ្នកលក់ឡានកំពុងតែធ្វើកម្មវិធីបញ្ចុះតម្លៃជាច្រើន ប៉ុន្តែស្ថានភាពហាក់មិនទាន់ប្រសើរនៅឡើយទេ។
ទីផ្សាររថយន្តវៀតណាម
ដោយ

សារព័ត៌មាន Vietnam News បានរាយការណ៍ថា បន្ទាប់ពីការលក់រថយន្តនៅវៀតណាម បានកើនឡើង១៣ភាគរយ កាលពីខែកញ្ញា ទីផ្សាររថយន្តនៅវៀតណាម នៅពេលនេះហាក់នៅទ្រឹងនៅក្នុងខែតុលា បើទោះបីជាអ្នកផលិតផ្តល់ការបញ្ចុះតម្លៃ និងបង្កើនការផ្សព្វផ្សាយ ដើម្បីជំរុញការលក់ក៏ដោយ។

សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម បាននិយាយថា សមាជិករបស់ខ្លួនបានលក់រថយន្តបានចំនួនត្រឹមតែជាង២ម៉ឺន៥ពាន់គ្រឿងតែប៉ុណ្ណោះក្នុងខែតុលា ដែលស្មើនឹងការលក់កាលពីខែមុន។ ប៉ុន្តែចំនួននេះមានការធ្លាក់ចុះ៣១ភាគរយធៀបបើនឹងចំនួនលក់កាលពីខែតុលា កាលពីឆ្នាំមុន។

ប្រភពដដែលបានអះអាងថា ការលក់រថយន្តដឹកអ្នកដំណើរ គឺបានជិត២ម៉ឺនគ្រឿង ធ្លាក់ចុះ ០,២ភាគរយក្នុងមួយខែ ខណៈការលក់រថយន្តពាណិជ្ជកម្មមានការកើនឡើង១ភាគរយដល់ ជាង៥ពាន់៦រយគ្រឿង។

ប្រភពដដែលបានអះអាងថា ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៣ សមាជិករបស់ខ្លួនបានចែកចាយរថយន្តសរុបបានជាង២៣ម៉ឺន៥ពាន់គ្រឿងទៅឱ្យអ្នកទិញ ធ្លាក់ចុះ២៩ភាគរយ ក្នុងនោះ រថយន្តដឹកអ្នកដំណើរធ្លាក់ចុះ៣២ភាគរយ ហើយរថយន្តពាណិជ្ជកម្មធ្លាក់ចុះ១៦ភាគរយ និងរថយន្តដែលមានមុខងារពិសេសធ្លាក់ចុះដល់ទៅ៦០ភាគរយឯណោះ។

នៅពេលនេះក្រៅពីរថយន្តដែលតម្លើងនៅក្នុងស្រុក វៀតណាមក៏មានរថយន្តប្រណីតៗជាច្រើនទៀតដូចជា Audi, Jaguar Land Rover, Mercedes-Benz, Nissan, Subaru, Volkswagen និង Volvo។ តែយ៉ាងណាក្រុមហ៊ុនទាំងនេះ មិនបានបង្ហាញពីលទ្ធផលអាជីវកម្មរបស់ពួកគេនោះទេ ប៉ុន្តែស្ថានភាពក៏ទំនងជាមិនខុសគ្នាដែរ។

ពាក់ព័ន្ធនឹងការធ្លាក់ចុះនេះ អ្នកវិភាគបានអះអាងថា ពលរដ្ឋវៀតណាមហាក់ដូចជានៅតែស្ទាក់ស្ទើរក្នុងការទទួលការបញ្ចុះតម្លៃដោយសារតែហេតុផលសេដ្ឋកិច្ច។ ពួកគេបានកត់សម្គាល់ដោយព្យាករថា ទីផ្សាររថយន្តនៅវៀតណាមទំនងជាមិនឃើញមានការកើនឡើងភ្លាមៗនោះទេ។

កាលពីឆ្នាំ២០២២ នៅទូទាំងប្រទេសវៀតណាមទីផ្សារថយន្តគឺមានប្រមាណជាង៤០ម៉ឺន៤ពាន់គ្រឿង ប៉ុន្តែដោយសារតែស្ថានភាពសេដ្ឋកិច្ចមិនទាន់ទទួលបានភាពកក់ក្តៅពីប្រជាពលរដ្ឋនោះ គេសន្និដ្ឋានថា ទីផ្សាររថយន្តវៀតណាម នៅក្នុងឆ្នាំ២០២៣ នេះ គឺអាចបានត្រឹមតែ៧០ភាគរយ នៃឆ្នាំ២០២២ តែប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីអ្នកជំនាញសេដ្ឋកិច្ចជំរុញឱ្យរដ្ឋាភិបាលថៃកែលម្អយុទ្ធសាស្ត្រលើគម្រោងកាបូបឌីជីថល?

ព័ត៌មាន
នៅក្នុងរយៈពេល២ទៅ៣ខែកន្លងមកនេះ ចំណុចស្នូលរបស់រដ្ឋាភិបាលថៃ របស់លោក ស៊្រីថា ថាវេស៊ីន គឺជាគម្រោងកាបូបឌីជីថល ហើយគម្រោងនេះកំពុងតែត្រូវបានគ…

ប្រធានាធិបតីហ្វីលីពីនប្រាប់លោក ស៊ី ថា គ្មាននរណាម្នាក់ចង់មានសង្គ្រាមដោយសារតែសមុទ្រចិនខាងត្បូងនោះទេ

ព័ត៌មាន
ប្រធានាធិបតីហ្វីលីពីនលោក ហ្វើឌីណែន ម៉ាកូស នៅក្នុងជំនួបមួយកាលពីថ្ងៃសុក្រ ជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន នៅអំឡុងកិច្ចប្រជុំ APEC ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ