ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅទីផ្សារវៀតណាម ធ្លាក់ចុះជិត១៤% នៅឆមាសទី១នេះ

ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅទីផ្សារវៀតណាម ធ្លាក់ចុះជិត១៤% នៅឆមាសទី១ ឆ្នាំ២០២៣នេះ


ប្រទេសវៀតណាម គឺទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីឆៅដ៏ធំបំផុតរបស់កម្ពុជា ខណៈកន្លងមក កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសក្បែរខាងមួយនេះ ក្នុងបរិមាណរាប់ម៉ឺនតោន និងទទួលបានចំណូលរាប់លានដុល្លារ ក្នុងមួយឆ្នាំៗ។ ក៏ប៉ុន្តែ សម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាទៅវៀតណាមនៅឆមាសទី១ឆ្នាំ២០២៣នេះ សម្រេចបានត្រឹមតែប្រមាណ ៥៧ម៉ឺន៤ពាន់តោនប៉ុណ្ណោះ ធ្លាក់ចុះជិត ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។
ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅទីផ្សារវៀតណាម ធ្លាក់ចុះជិត១៤% នៅឆមាសទី១នេះ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅតែអះអាងថា ប្រទេសវៀតណាម គឺជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំមួយរបស់កម្ពុជា ក៏ប៉ុន្តែ ដោយសារបញ្ហាប្រឈមក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីនៅកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ក្រៅពីទីផ្សារវៀតណាម ទីផ្សារផ្សេងៗទៀត គឺនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជាដែលបានកែច្នៃរួចតែប៉ុណ្ណោះ ហើយចំនួននេះមានតិចតួចណាស់ បើធៀបនឹងការនាំចេញគ្រាប់ស្វាយចន្ទីឆៅ។ ជុំវិញបញ្ហានេះ លោក អួន ស៊ីឡុត ក៏បានគូសបញ្ជាក់ដែរថា សមាគមស្វាយចន្ទីកម្ពុជា បាននិងកំពុងស្វិតស្វាញ ក្នុងការទាក់ទាញវិនិយោគិនឲ្យចូលរួមវិនិយោគកែច្នៃក្នុងខ្សែចង្វាក់ផលិតកម្មស្វាយចន្ទីនេះ ដើម្បីលើកកម្ពស់ និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ។

ដោយឡែក ទាក់ទងនឹងស្ថានភាពវិស័យស្វាយចន្ទីនៅកម្ពុជា ប្រធានសមាគមរូបនេះ កត់សម្គាល់ឃើញថា ស្ថានភាពនៅក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីនៅកម្ពុជា នៅឆមាសទី១ឆ្នាំនេះ ហាក់មិនសូវមានការប្រែប្រួលប៉ុន្មានឡើយ បើធៀបនឹងឆមាសទី១ឆ្នាំ២០២២ ជាពិសេសទាក់ទងទៅនឹងតម្លៃនាំចេញគ្រាប់ស្វាយចន្ទីឆៅ។ បើតាមលោក អួន ស៊ីឡុត តម្លៃនាំចេញគ្រាប់ស្វាយចន្ទីឆៅ ហាក់កើនជាងឆ្នាំមុនតែបន្តិច ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ពោលនៅឆមាសទី១ឆ្នាំ២០២២ តម្លៃនាំចេញគ្រាប់ស្វាយចន្ទីឆៅ អាចលក់បានក្នុងតម្លៃ ១ ៦០០ដុល្លារ ក្នុង១តោន ខណៈនៅឆមាសទី១ឆ្នាំ២០២៣ តម្លៃគ្រាប់ស្វាយចន្ទីឆៅអាចលក់បានតម្លៃ ១ ៦៥៨ដុល្លារ ក្នុង១តោន។

លោកអួន ស៊ីឡុតបន្ថែមថា បញ្ហាប្រឈមមួយចំនួនក្នុងស្វាយចន្ទី នៅមិនទាន់អាចដោះស្រាយបាននៅឡើយ ដូចជា ការថយចុះនៃបរិមាណដាំដុះដំណាំស្វាយចន្ទី ដែលត្រូវបានកសិករកាប់ចោលអស់ប្រមាណជាង ១០ម៉ឺនហិកតា នៅរយៈពេល ២ឆ្នាំចុងក្រោយនេះ ប៉ុន្តែក្នុងឆ្នាំ ២០២៣ កូនចន្ទីចំនួន៦លានកូនត្រូវបានដាំលើដីចម្ការចន្ទីចាស់ ដែលប៉ានប្រមាណថាមានរហូតដល់ជិត៤ម៉ឺនហិកតាត្រូវបានស្តារឡើងវិញ គួបផ្សំបញ្ហាផ្សេងៗ មួយចំនួនទៀត ជាពិសេសបញ្ហានៃការប្រមូលទិន្នន័យនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា រវាងសមាគមស្វាយចន្ទី ជាមួយស្ថាប័នពាក់ព័ន្ធ ដែលបញ្ហានេះអាចក្លាយជាឧបសគ្គក្នុងការទាក់ទាញអ្នកវិនិយោគ។

បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា វៀតណាមជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទី ដ៏ធំមួយ ហើយជាទូទៅវៀតណាម មានតម្រូវការគ្រាប់ស្វាយចន្ទីឆៅ ប្រមាណ ២លានតោន សម្រាប់កែច្នៃដើម្បីនាំចេញ។ យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៣ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុប ៦១ម៉ឺនតោន។ ក្នុងនោះ គ្រាប់ស្វាយចន្ទីឆៅភាគច្រើនបាននាំទៅប្រទេសវៀតណាម ក្នុងបរិមាណសរុប ៥៧ម៉ឺន៤ពាន់តោន ហើយក្រៅពីនោះ គ្រាប់ស្វាយចន្ទីឆៅមួយចំនួនបាននាំទៅកាន់ប្រទេសឥណ្ឌា៕




អត្ថបទបន្ទាប់


តើទីផ្សារលម៉ើក្នុងស្រុកនៅឆ្នាំនេះ មានការប្រែប្រួលយ៉ាងណាដែរ?

ព័ត៌មាន
ដំណាំលម៉ើ ជាដំណាំផ្លែឈើមួយប្រភេទ ដែលមានតម្លៃខ្ពស់គួរសមបើធៀបនឹងផ្លែឈើ ហូបផ្លែដទៃទៀត ប៉ុន្ដែការដាំដុះដំណាំនេះនៅកម្ពុជា ហាក់មិនសម្បូរច្រើ…

កំណើន GDP របស់ចិនសម្រេចបាន៦,២% នៅត្រីមាសទី២ ប៉ុន្ដែ នៅតែមានទាបជាងការព្យាករ

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ៦,៣%នៅក្នុងត្រីមាសទី២នៅឆ្នាំនេះបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយការកើនឡើងនេះ គឺដោយសារតែការស្ទុះងើប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ