សេដ្ឋកិច្ចកម្ពុជា

សេដ្ឋកិច្ចកម្ពុជា មានការកើនឡើង តែពលរដ្ឋមួយចំនួននៅតែត្អូញត្អែរពិបាករកស៊ី តើមកពីមូលហេតុអ្វី?


សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានស្ថាប័នជាតិ និងអន្តរជាតិ ព្យាករថា សម្រេចបានកំណើនក្នុងរង្វង់៥%នៅឆ្នាំ២០២៣ ហើយនឹងបន្តកើនឡើងបន្ថែមទៀតដល់ក្នុង៦% នៅឆ្នាំ២០២៤ នេះ។ ទន្ទឹមនឹងការកើនឡើងល្អប្រសើរនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ ក៏មានការរអ៊ូរទាំពីពលរដ្ឋមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ផងដែរ ដោយពួកគេត្អូញត្អែរថា ការប្រកបអាជីវកម្មរបស់ពួកគេបច្ចុប្បន្នហាក់មានការធ្លាក់ចុះ និងលក់មិនសូវដាច់ជាដើម។ ហេតុអ្វីសេដ្ឋកិច្ចកម្ពុជាមានការកើនឡើង តែពលរដ្ឋមួយចំនួននៅតែត្អូញត្អែរពិបាករកស៊ី តើមកពីមូលហេតុអ្វី?
សេដ្ឋកិច្ចកម្ពុជា
ដោយ

ទោះបីសេដ្ឋកិច្ចរបស់កម្ពុជាបច្ចុប្បន្នមានភាពល្អប្រសើរឡើងវិញគួរឱ្យកត់សម្គាល់ក៏ដោយ តែលោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាម្ចាស់អាជីវកម្មក្រុមហ៊ុន នំស្រួយ លីលី សង្កេតឃើញថា អ្នករកស៊ីមួយចំនួននៅតែជួបបញ្ហាប្រឈមក្នុង​ដំណើរការអាជីវកម្មរបស់ពួកគេ ដោយសារការលក់មានការធ្លាក់ចុះ និងលក់មិនសូវដាច់ជាដើម។ យ៉ាងណាក៏ដោយ អ្នកជំនួញរូបនេះលើកទឹកចិត្តឱ្យអ្នកវិនិយោគ និងរកស៊ីទាំងអស់ត្រូវចេះអភិវឌ្ឍន៍ផលិតផល និងបត់បែនអាជីវកម្មឱ្យទាន់សម័យកាល។ តែយ៉ាងណាអ្នកជំនាញរូបនេះរំពឹងថា សកម្មភាពអាជីវកម្មនានានឹងមានការរីកចម្រើននាពេលខាងមុខ ព្រោះបច្ចុប្បន្នមានអ្នកវិនិយោគបរទេសជាច្រើនកំពុងចាប់អារម្មណ៍ចំពោះសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជា។​

ជុំវិញការត្អូញត្អែររបស់ប្រជាពលរដ្ឋមួយចំនួនចំពោះស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានេះ លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា វាយតម្លៃថា បញ្ហានេះអាចបណ្តាលមកពីការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាឥរិយាបថនៃការចំណាយរបស់ប្រជាពលរដ្ឋ។ សម្រាប់អ្នកជំនាញរូបនេះការប្រែប្រួលនៃសេដ្ឋកិច្ចរបស់កម្ពុជា មានទម្រង់ផ្សេងៗពីគ្នា ក្នុងនោះអាចមានការកើនឡើងក្នុងវិស័យឧស្សាហកម្មសម្រាប់នាំចេញ ប៉ុន្តែមានការធ្លាក់ចុះសម្រាប់វិស័យសេវាកម្មលក់រាយ និងលក់ដុំ ហើយការធ្លាក់ចុះក្នុងវិស័យសេវាកម្មលក់រាយ និងលក់ដុំបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាអ្នកប្រកបអាជីវកម្មខ្នាតតូច មធ្យម និងមុខរបរក្រៅប្រព័ន្ធជាច្រើន។ ​

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានវាយតម្លៃថា កម្ពុជាអាចត្រូវការពេលវេលាច្រើនបន្ថែមទៀត ដើម្បីឱ្យវិស័យសេវាកម្មលក់រាយ និងលក់ដុំមានដំណើរការល្អឡើងវិញ។ ការធ្លាក់ចុះវិស័យលក់រាយ និងដុំនៅកម្ពុជានេះត្រូវបានលោកបណ្ឌិតវាយតម្លៃថា អាចបណ្តាលមកពីកត្តារួមផ្សំមួយចំនួនដូចជា ការធ្លាក់ចុះអត្រាការប្រាក់ជាសកល និងការងើបឡើងយឹតនៃវិស័យទេសចរ។ តែយ៉ាងណាលោករំពឹងថា វិស័យនេះអាចនឹងមានភាពប្រសើរឡើងវិញនៅចុងឆ្នាំ២០២៤ ឬនៅដើមឆ្នាំ២០២៥ ខាងមុខ។

​ធនាគារជាតិនៃកម្ពុជា បានព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦% នៅឆ្នាំ២០២៤ នេះ ដោយរំពឹងជួយគាំទ្រ និងជំរុញជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ ទោះបីវិស័យកសិកម្មអាចបន្តកើនឡើងយឺតក៏ដោយ។ តែយ៉ាងណាសេដ្ឋកិច្ចកម្ពុជាអាចនឹងប្រឈមនឹងហានិភ័យមួយចំនួនដូចជា ភាពតានតឹង និងការបែងចែកផ្នែកភូមិសាស្រ្តនយោបាយ ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រជាដើម។ ហានិភ័យទាំងនេះ អាចធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកថយចុះ ដែលនឹងអាចប៉ះពាល់ផងដែរដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា។

ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO)​ បានព្យាករកាលពីពេលថ្មីៗថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច៥,៦% នៅឆ្នាំ២០២៤ មុនកើនឡើងដល់៥,៩% នៅឆ្នាំ២០២៥៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់ភាគហ៊ុនធំរបស់ព្រលានយន្តហោះសៀមរាបអង្គរ ចង់វិនិយោគបន្ថែមលើវិស័យធំៗ៣នៅខេត្តសៀមរាប

ព័ត៌មាន
ក្រុមហ៊ុន YIG ដែលជាម្ចាស់ភាគហ៊ុនធំនៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានបង្ហាញបំណងចង់វិនិយោគបន្ថែមនៅកម្ពុជា លើការអភិវឌ្ឍតំបន់សេដ្ឋកិ…

ហេតុអ្វីកំពូលមហាសេដ្ឋីអាម៉េរិក Elon Musk ជំទាស់នឹងការយកពន្ធរបស់សហរដ្ឋអាម៉េរិក លើរថយន្តអគ្គិសនីចិន?

ព័ត៌មាន
កំពូលមហាសេដ្ឋីអាម៉េរិក លោក Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុនរថយន្តអគ្គិសនីយក្ស Tesla បានប្រកាសប្រាប់ក្រុមវិនិយោគិនក្នុងវិស័យបច្ចេកវិទ្យាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ