សេដ្ឋកិច្ចកម្ពុជា

ធនាគារជាតិព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន៦% តែអាចប្រឈមនឹងហានិភ័យមួយចំនួន


ធនាគារជាតិនៃកម្ពុជា ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងរង្វង់៦% នៅឆ្នាំនេះ ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តស្ថិតក្នុងភាពមិនប្រាកដប្រជាក៏ដោយ។ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងជួយគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ ទោះបីវិស័យកសិកម្មអាចបន្តកើនឡើងយឺត។
សេដ្ឋកិច្ចកម្ពុជា
ដោយ

ទោះជាយ៉ាងណា សេដ្ឋកិច្ចកម្ពុជា ក៏ប្រឈមនឹងហានិភ័យមួយចំនួនដូចជា ភាពតានតឹង និងការបែងចែកផ្នែកភូមិសាស្រ្តនយោបាយ ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រជាដើម។

នាពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២០ ឧសភា ឆ្នាំ២០២៤ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦% នៅឆ្នាំ២០២៤ នេះ ជាមួយការរក្សាបានកម្រិតអតិផរណាក្នុងរង្វង់២%។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២៤ ត្រូវបានរំពឹងជួយគាំទ្រ និងជំរុញជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ ខណៈវិស័យកសិកម្មអាចបន្តកើនឡើងយឺត។

ជាមួយគ្នានេះ ប្រធានធនាគារកណ្តាលកម្ពុជា រូបនេះ រំពឹងផងដែរថា ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA) នឹងរួមចំណែកទាក់ទាញលំហូរវិនិយោគ និងការនាំចេញទៅក្នុងតំបន់បន្ថែមទៀត ដែលនឹងជួយជំរុញផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ទោះជាយ៉ាងណាលោកជំទាវ ជា សិរី ជឿជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងប្រឈមនឹងហានិភ័យមួយចំនួនដូចជា ភាពតានតឹង និងការបែងចែកផ្នែកភូមិសាស្រ្តនយោបាយ ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រជាដើម។ សម្រាប់លោកជំទាវ ហានិភ័យទាំងអស់នេះ អាចបណ្តាលឱ្យសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកថយចុះ ដែលនឹងអាចប៉ះពាល់ផងដែរដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា។

ស្ថិតក្នុងស្ថានភាពបែបនេះថ្នាក់ដឹកនាំរូបនេះវាយតម្លៃថា ប្រព័ន្ធធនាគារកម្ពុជា ក៏ប្រឈមនឹងហានិភ័យផងដែរ ដូចជាហានិភ័យឥណទាន និងទីផ្សារជាដើម។ យ៉ាងណាក៏ដោយ ធនាគារជាតិនៃកម្ពុជាប្តេជ្ញានឹងបន្តពង្រឹងកិច្ចសហ-ប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានានូវភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ហើយនឹងដាក់ចេញវិធានការគាំទ្រតាមការចាំបាច់ សំដៅគាំទ្រកំណើនសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុជាតិ។

ទន្ទឹមនឹងនេះលោកជំទាវ ជា សិរី បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចតំបន់និងពិភពលោករួមទាំងកម្ពុជា ត្រូវបានវាយតម្លៃថា មានភាពធន់ បើទោះបីជាត្រូវប្រឈមនឹងការកើនឡើងនៃអត្រាការប្រាក់ និងកម្រិតខ្ពស់នៃអត្រាអតិផរណាសកលក៏ដោយ។ ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងអត្រា៥% ជាមួយនឹងកំណើនក្នុងល្បឿនខុសគ្នាតាមវិស័យ។ ជាមួយគ្នានេះ អត្រាអតិផរណាបានថយចុះមកត្រឹម២,១% ស្របតាមនិន្នាការអតិផរណាក្នុងតំបន់ និងការធ្លាក់ថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។

អ្នកជំនាញរូបនេះបានគូសបញ្ជាក់ផងដែរថា ការបង្កើនអត្រាការប្រាក់គោលនៅសហរដ្ឋអា​ម៉េរិក បានធ្វើឱ្យតម្លៃប្រាក់ដុល្លារអាម៉េ​រិកកើនថ្លៃធៀបនឹងរូបិយប័ណ្ណជាច្រើននៅលើទីផ្សារអន្តរជាតិ ប៉ុន្តែសម្ពាធមកលើប្រាក់រៀលត្រូវបានគ្រប់គ្រង ដែលធ្វើឱ្យអត្រាប្តូរប្រាក់មានស្ថិរភាព តាមរយៈការផ្គត់ផ្គង់រូបិយវត្ថុក្នុងកម្រិតសមស្រប, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងៗប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិ រក្សាបានក្នុងកម្រិតសមស្រប ដែលអាចធានាការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់បាន៧ខែ ខ្ពស់ជាងកម្រិតអប្បបរមា៣ខែដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។

ជាមួយគ្នានេះ ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ ទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅ ដោយទ្រព្យសកម្មនិងប្រាក់បញ្ញើរបស់ប្រព័ន្ធធនាគារបានបន្តកើនឡើង។ ប៉ុន្តែការងើបឡើងទន់ខ្សោយនៃវិស័យមួយចំនួន និងការកើនឡើងនៃអត្រាការប្រាក់បានបណ្តាលឱ្យតម្រូវការឥណទានថមថយ ទន្ទឹមនឹងការបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការផ្តល់ឥណទាន បានធ្វើឱ្យកំណើនឥណទានថយចុះមកនៅអត្រាមួយខ្ទង់ជាលើកដំបូងក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ។

ទោះយ៉ាងណា កំណើនអត្រាការប្រាក់ក៏បានធ្វើឱ្យប្រាក់បញ្ញើកើនឡើងខ្ពស់រហូតដល់១៣% ក្នុងឆ្នាំ២០២៣។ នៅក្នុងប្រព័ន្ធធនាគារបច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារពាណិជ្ជមានចំនួនជាង ៩១% នៃទ្រព្យសកម្មសរុប បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដ៏ធំមួយ បានរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានធនាគារមួយកាលពីឆ្នាំមុន ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារ។

ជាមួយគ្នានេះលោកជំទាវ ជា សិរី ជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវបន្តមានភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ។ ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងកាត់បន្ថយ និងចៀសវាងផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងបន្តចូលរួមតាមដាននិងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡានៃវិស័យអចលនទ្រព្យ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។អត្ថបទបន្ទាប់


តើតុលាការ ICC អាចនឹងចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស់ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមបានដែរ ឬយ៉ាងណា?

ព័ត៌មាន
រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃចន្ទ ទី២០ ខែឧសភា បានស្នើឲ្យសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Neta…

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន គ្រោងសាងសង់អគារខ្ពស់បំផុតរបស់ពិភពលោកនៅប្រទេសថៃ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានទម្លាយឱ្យដឹងថា វិនិយោគិនមួយក្រុមដឹកនាំដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយ ដែលមានមូលដ្ឋាននៅក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ