ដំណាំកៅស៊ូ និងដូងប្រេងកម្ពុជា

ឧកញ៉ា ម៉ុង ឬទ្ធី ៖ ដំណាំកៅស៊ូ និងដូងប្រេងកម្ពុជា ពុំទាន់រងគ្រោះដោយបាតុភូតអែលនីណូនៅឡើយទេ


ឧកញ៉ា ម៉ុង ឫទ្ធី ដែលគេស្គាល់ថា ជាមហាសេដ្ឋីកសិកម្មនៅកម្ពុជា មានវិនិយោគលើ ដំណាំចម្ការកៅស៊ូ និងដូងប្រេង បានបង្ហាញពីការព្រួយបារម្ភអំពីបាតុភូត អែលនីណូ ដែលកំពុងគំរាមកំហែងនៅក្នុងតំបន់។ តួយ៉ាង នៅបណ្ដាប្រទេសតំបន់អាស៊ីអាគ្នេយ៍ មួយចំនួន ដូចជា ថៃ និងឥណ្ឌូនេស៊ី ត្រូវបានសារព័ត៌មាន CAN រាយការណ៍ថ្មីៗនេះថា កំពុងជួបប្រទះនឹងបញ្ហាធ្លាក់ចុះទិន្នផល កសិកម្ម ពិសេសដូងប្រេងជាបណ្ដើរៗហើយ។ ទោះយ៉ាងណា សម្រាប់កម្ពុជាវិញ ឧកញ៉ា ម៉ុង ឫទ្ធី អះអាងថា ដំណាំដូងប្រេងរបស់លោក នៅមិនទាន់មានជួបបញ្ហាធ្លាក់ចុះទិន្នផលគួរឲ្យកត់សម្គាល់នៅឡើយទេ។
ឧកញ៉ា ម៉ុង ឬទ្ធី ៖ ដំណាំកៅស៊ូ និងដូងប្រេងកម្ពុជា ពុំទាន់រងគ្រោះដោយបាតុភូតអែលនីណូនៅឡើយទេ
ដោយ

ដំណាំកៅស៊ូ និងដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី នៅបន្តច្រវ៉ាក់ផលិតកម្មជាធម្មតា និងពុំទាន់រងផលប៉ះពាល់ជាដុំកំភួនណាមួយ ដោយសារបាតុភូត អែលនីណូ នៅឡើយទេ ប៉ុន្តែទិន្នផល អាចកើនឡើង ឬថយចុះតិចតួច ទៅតាមស្ថានភាពទឹកភ្លៀង ខណៈនៅតាមបណ្ដាប្រទេសមួយចំនួនកំពុងរងផលប៉ះពាល់ដល់ទិន្នផលកសិកម្ម។
ឧកញ៉ា ម៉ុង ឬទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានប្រាប់សារព័ត៌មាន ឌីជីថល ខេមបូណូមីស នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះថា លោកមានការព្រួយបារម្ភខ្លះដែរពីបាតុភូត អែលនីណូ ត្បិតអ្នកធ្វើកសិកម្មពឹងផ្អែកលើអាកាសធាតុ ប៉ុន្តែលោកលើកឡើងថា មកទល់ពេលនេះ ដំណាំកៅស៊ូ និងដូងប្រេងរបស់លោក ពុំទាន់រងផលប៉ះពាល់ណាមួយពីបាតុភូត អែលនីណូនេះនៅឡើយទេ។
គួសបញ្ជាក់ថា បាតុភូត អែលនីណូ បានគំរាមកំហែងដល់ទិន្នផលកសិកម្ម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏បានបង្កផលប៉ះពាល់ដល់ផ្នែកខ្លះនៅប្រទេសអូស្រ្តាលី និងប្រទេស ឥណ្ឌា ខណៈអ្នកសេដ្ឋកិច្ចបានបង្ហាញនូវក្តីព្រួយបារម្ភថា ឥទ្ធិពលអែលនីណូ អាចប៉ះពាល់ដល់ស្ថិរភាពនៃតម្លៃស្បៀងអាហារ នៅលើពិភពលោក។ ក្នុងនោះ ប្រទេសថៃ និងឥណ្ឌូនេស៊ី ក៏ត្រូវបានរាយការណ៍ថា អាចនឹងមានការថយចុះទិន្នផលដូងប្រេងរបស់ពួកគេនៅឆ្នាំនេះផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានសិង្ហបុរី CNA។
យ៉ាងណាមិញ សម្រាប់ទីផ្សារកម្ពុជា ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានមានប្រសាសន៍ឱ្យថា តម្លៃដូងប្រេងបានឡើងចុះតាមស្ថានភាពទីផ្សារពិភពលោក។ តួយ៉ាង នៅដំណាក់កាលជំងឺកូវីដ-១៩ ដូងប្រេងរបស់លោកអាចលក់ចេញទៅអឺរ៉ុប បានក្នុងតម្លៃជាង ១០០០ដុល្លារ ក្នុង១តោន ប៉ុន្ដែបច្ចុប្បន្នអាចលក់បានត្រឹមក្រោម ១០០០ដុល្លារ ក្នុង១តោន។ អ្នកជំនួញចាស់វស្សាក្នុងវិស័យកសិកម្មរូបនេះ គូសបញ្ជាក់ថា តម្លៃនេះបានត្រឹមតែបើកប្រាក់ខែដល់កម្មករ ទិញជី និងទប់ទល់ប៉ុណ្ណោះ ប៉ុន្តែលោកសង្ឃឹមថា តម្លៃទិន្នផលកសិកម្មអាចនឹងល្អនាពេលអនាគត។
បច្ចុប្បន្នក្រុមហ៊ុន ម៉ុង ឫទ្ធី មានផ្ទៃដីដាំដុះដូងប្រេង ប្រមាណជាង ១៦០០០ ហិកតា ដោយក្នុងមួយហិកតា អាចប្រមូលផលបាន ១៦ទៅ ២០តោន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានបង្ហាញបាយការណ៍ថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញដូងប្រេងសម្រេច បានក្នុងបរិមាណ ជិត៣ម៉ឺន៤ពាន់តោន កើនឡើងជាង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕

អត្ថបទ ៖ បូ ដូឡា




អត្ថបទបន្ទាប់


កម្ពុជារកចំណូលបានជិត២៣០លានដុល្លារពីការនាំចេញជ័រកៅស៊ូនៅ៧ខែឆ្នាំនេះ ខណៈតម្លៃថយចុះជាងឆ្នាំមុន

ព័ត៌មាន
នៅរយៈពេល៧ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបានសរុបជិត២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ខណៈតម្លៃនាំចេញជ័រកៅស៊ូ មានការថយចុះជាង…

រដ្ឋកំពុងគិតគូដាក់ចេញគោលការណ៍បន្ធូរបន្ថយ ដើម្បីឲ្យអ្នកប្រកបរបរក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ

ព័ត៌មាន
ស្ថិតក្នុងបរិបទដែលពិភពលោកជួបនូវវិបត្តិសេដ្ឋកិច្ចសាកល ពោលនៅអំឡុងឆ្នាំ២០២២ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញសាច់ប្រាក់ឧបត្ថម្ភមួយចំនួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ