ស្វាយចន្ទីកម្ពុជា

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេនៅកម្ពុជាតម្លៃ២លានដុល្លារ នឹងលេចរូបរាងឆាប់ៗនេះ


ការបញ្ចុះបឋមសិលាសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំជាងគេមួយនៅកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នឹងចាប់ផ្ដើមនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ រោងចក្រនេះអភិវឌ្ឍន៍លើផ្ទៃដី១២ហិកតា ជាមួយទុនវិនិយោគ២លានដុល្លារអាម៉េរិក និងមានទុនបម្រុងប្រមាណ១២លានដុល្លារអាម៉េរិក ដោយមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានរហូតដល់៤០តោនក្នុង១ថ្ងៃ និងជាង១ម៉ឺន៤ពាន់តោនក្នុង១ឆ្នាំ។
ស្វាយចន្ទីកម្ពុជា
ដោយ

បើគ្មានការប្រែប្រួលទេរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេនៅកម្ពុជា តម្លៃ២លានដុល្លារនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ដែលវានឹងជួយធ្វើឱ្យទីផ្សារស្វាយចន្ទីកម្ពុជាកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត។ រោងចក្រ ដែលអភិវឌ្ឍន៍លើផ្ទៃដី១២ហិកតានេះ មានសមត្ថភាពអាចកែច្នៃគ្រាប់ស្វាយចន្ទីរហូតដល់៤០តោនក្នុងមួយថៃ និងជាង១ម៉ឺន៤ពាន់តោនក្នុងមួយឆ្នាំ។ នេះបើតាមការគូសបញ្ជាក់របស់លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។

ប្រធានសមាគមរូបនេះអះអាងថា បច្ចុប្បន្នគ្រាប់ស្វាយចន្ទីកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីទីផ្សារក្រៅប្រទេស ប៉ុន្តែអ្វីដែលសំខាន់ គឺកម្ពុជាពុំទាន់មានសមត្ថភាពបង្រ្គប់ការបញ្ជាទិញពីទីផ្សាររបស់ប្រទេសចិន អាម៉េរិក និងអារ៉ាប់បាននៅឡើយទេ​ បើទោះបីបច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃតូច​ៗនៅក្នុងស្រុករហូតដល់៣៨សហគ្រាសក៏ដោយ។ ការមិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារខាងក្រៅនេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារតែសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានៅមានកម្រិត គួបផ្សំអ្នកកែច្នៃមួយចំនួនពុំមានថវិកាបង្វិលគ្រប់គ្រាន់សម្រាប់ទិញគ្រាប់ស្វាយចន្ទីពីកសិករមកស្តុកទុកសម្រាប់កែច្នៃ។ បើតាមអ្នកជំនាញរូបនេះ កម្ពុជាត្រូវការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ចំនួន៣០បន្ថែមទៀតដែរ ដើម្បីស្រូបទិញគ្រាប់ស្វាយចន្ទីឆៅពីកសិករយកមកកែច្នៃ។

ពាក់ព័ន្ធនឹងគ្រាប់ស្វាយចន្ទីនេះដែរ អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់គូសបញ្ជាក់ថា កម្ពុជាកំពុងជំរុញឲ្យមានការវិនិយោគលើឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើមដែលមានក្នុងស្រុកស្រាប់ឲ្យបានកាន់តែច្រើនថែមទៀត ពីព្រោះកម្ពុជាមានធនធានជាច្រើនសម្រាប់កែច្នៃ ដូចជាគ្រាប់ស្វាយចន្ទី ស្រូវអង្ក កៅស៊ូ និងដំឡូងមីជាដើម ប៉ុន្ដែកម្ពុជានៅខ្វះមូលដ្ឋានបច្ចេកទេសសម្រាប់កែច្នៃលើផលិតផលទាំងនោះ។

យ៉ាងណាមិញ សម្តេចតេជោ បានអះអាងដែរថា នៅពេលខាងមុខបើកម្ពុជាមានលទ្ធភាព កម្ពុជាអាចនឹងក្លាយទៅជាប្រទេសដែលចែកចាយផលិតផលគ្រាប់ស្វាយចន្ទីដ៏ខ្លាំងមួយផងដែរ នៅចំណោមប្រទេសខ្លាំងៗដទៃទៀត ពីព្រោះថា ក្នុង១ឆ្នាំៗកម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទី ដែលមិនទាន់កែច្នៃបានប្រមាណ១លានតោន ប៉ុន្ដែគ្រាប់ស្វាយចន្ទីដែលកែច្នៃរួច គឺមានចំនួនតិចតួចប៉ុណ្ណោះ។

យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង៦៥ម៉ឺនតោន និងបាននាំចេញទៅប្រទេសវៀតណាមចំនួន៦១ម៉ឺនតោន ដែលស្មើទឹកប្រាក់៨៣១លានដុល្លារ មានការថយចុះ១៦,៧% បើធៀបនឹងរយៈកាលដូចគ្នាកាលពីឆ្នាំ២០២២។ ការធ្លាក់ចុះផលគ្រាប់ស្វាយចន្ទីនេះ ត្រូវបានសមាគមគូសបញ្ជាក់ថា ដោយសារតែកសិករមួយចំនួនបានកាប់ដើមស្វាយចន្ទីចោល និងការប្រជែងទិញគ្រាប់ស្វាយចន្ទីពីសហគ្រាសក្នុងស្រុក ដោយសារគោលនយោបាយជាតិស្វាយចន្ទី មានការលើកទឹកចិត្តពីរដ្ឋាភិបាល ហើយធនាគារបានបញ្ចេញទុនបង្វិលដល់សហគ្រាសកែច្នៃ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Thai Airways ភ្ជាប់ជើងហោះហើរពីទីក្រុងបាងកកមកព្រលានយន្តហោះសៀមរាបជាលើកដំបូង

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ជាលើកដំបូងហើយដែលក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានតភ្ជាប់ជើងហោះ…

វៀតណាមបន្តរឹតបន្តឹងការត្រួតពិនិត្យធនាគារ និងមូលបត្រ ក្រោយផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់

ព័ត៌មាន
រដ្ឋាភិបាលវៀតណាមកំពុងតែពង្រឹងការចាត់វិធានការជាបន្តទៀត ដើម្បីបង្កើនការត្រួតពិនិត្យលើវិស័យធនាគារ និងមូលបត្រ ដើម្បីឆ្លើយតបទៅនឹងរឿងអាស្រូវថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ