វិស័យធនាគារ

វៀតណាមបន្តរឹតបន្តឹងការត្រួតពិនិត្យធនាគារ និងមូលបត្រ ក្រោយផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់


រដ្ឋាភិបាលវៀតណាមកំពុងតែពង្រឹងការចាត់វិធានការជាបន្តទៀត ដើម្បីបង្កើនការត្រួតពិនិត្យលើវិស័យធនាគារ និងមូលបត្រ ដើម្បីឆ្លើយតបទៅនឹងរឿងអាស្រូវថ្មីៗ រួមទាំងនៅធនាគារ Saigon Joint Stock Commercial Bank (SCB)។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មានវៀតណាម គណៈកម្មាធិការដឹកនាំមជ្ឈិមបក្ស នឹងបន្តត្រួតពិនិត្យ និងដឹកនាំការដោះស្រាយអំពើពុករលួយចំនួន៦៨ករណី និងឧប្បត្តិហេតុចំនួន៤៥ ដែលរកឃើញជាបន្តបន្ទាប់នៅចុងឆ្នាំ២០២៣នេះ។
វិស័យធនាគារ
ដោយ

សាព័ត៌មាន Vietnam News បានរាយការណ៍ថា រដ្ឋាភិបាលវៀតណាមកំពុងចាត់វិធានការ ដើម្បីបង្កើនការត្រួតពិនិត្យលើវិស័យធនាគារ និងមូលបត្រ ដើម្បីឆ្លើយតបទៅនឹងរឿងអាស្រូវថ្មីៗ រួមទាំងករណីដែលពាក់ព័ន្ធនឹងធនាគារពាណិជ្ជដែលមានឈ្មោះថា Saigon Joint Stock Commercial Bank ឫ SCB ផងដែរ។

បញ្ហានេះត្រូវបានលើកឡើងនៅរដ្ឋសភា ហើយអ្នកតាក់តែងច្បាប់នៅប្រទេសនេះ ក៏បានអំពាវនាវឱ្យមានការពិនិត្យ​លើផ្នែកផ្សេងទៀតដូចជាការគ្រប់គ្រងដីធ្លី ការប្រើប្រាស់ធនធាន ទ្រព្យសម្បត្តិរដ្ឋ ការដេញថ្លៃ និងលទ្ធកម្មទ្រព្យសម្បត្តិសាធារណៈ ហិរញ្ញវត្ថុ ទីផ្សារមូលបត្រ ក្រុមហ៊ុនសំណង់ និងបុគ្គលិកអង្គការស្ថាប័នពាក់ព័ន្ធផងដែរ។

រដ្ឋាភិបាលត្រូវបានជំរុញឱ្យកំណត់យ៉ាងឆាប់រហ័ស និងទប់ស្កាត់អំពើពុករលួយ និងសកម្មភាពអវិជ្ជមាន ដែលប៉ះពាល់ដល់សាធារណជន និងអាជីវកម្ម ព្រមទាំងចាត់វិធានការតឹងរ៉ឹងដល់ថ្នាក់ដឹកនាំឱ្យទទួលខុសត្រូវចំពោះអំពើពុករលួយ ឬសកម្មភាពអវិជ្ជមាន។

អ្នកជំនាញបានអះអាងថា ការរិតបន្តឹងនេះ គឺក្រោយផ្ទុះករណីរឿងអាស្រូវថ្មីៗពាក់ព័ន្ធនឹងការរំលោភលើមូលបត្របំណុលរបស់ធនាគារ និងសាជីវកម្ម ដូចជានៅក្រុមហ៊ុន Tân Hoàng Minh Group, ក្រុមហ៊ុន Vạn Thịnh Phat Group និង ធនាគារ SCB។ ដោយនៅក្នុងនោះករណីដែលធ្ងន់ធ្ងរបំផុត គឺពាក់ព័ន្ធនឹងការកេងបន្លំទឹកប្រាក់ជាង១២ពាន់លានដុល្លារ ពីធនាគារ SCB ដែលនាំឱ្យមានការចោទប្រកាន់លើលោកស្រី ជុង មីឡាន (Truong Mỹ Lan) ប្រធានក្រុមហ៊ុន Vạn Thịnh Phát Group ពីបទកេងបន្លំ ការរំលោភលើប្រតិបត្តិការធនាគារ និងសំណូក។

ទន្ទឹមនឹងនេះ លោកស្រី ឌូ ធី ញ៉ាន់ (Đỗ Thi Nhàn) ប្រធានគណៈអធិការកិច្ចអន្តរភ្នាក់ងារធនាគារ ក៏ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកចំនួនជាង៥លានដុល្លារ ដែលជាចំនួនសំណូកដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសវៀតណាមរហូតមកដល់បច្ចុប្បន្ន ដើម្បីលាក់បាំងកំហុសធ្ងន់ធ្ងរនៅធនាគារ SCB។

អ្នកជំនាញបានគូសបញ្ជាក់ពីរឿងអាស្រូវនៅ SCB ដែលជារឿងអាស្រូវដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តធនាគាររបស់វៀតណាម ហើយនៅក្នុងសំណុំរឿងនេះ លោក ឌូ អញ ដុង ( Đỗ Anh Dũng ) ប្រធានក្រុមហ៊ុន Tân Hoàng Minh Group ត្រូវបានចោទប្រកាន់ពីបទកេងបន្លំប្រាក់វៀតណាមរាប់ពាន់លានដុល្លារពីម្ចាស់បំណុលផងដែរ។ គណៈកម្មាធិការដឹកនាំមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នឹងបន្តត្រួតពិនិត្យ និងដឹកនាំការដោះស្រាយអំពើពុករលួយចំនួន ៦៨ករណី និងឧប្បត្តិហេតុចំនួន៤៥ ដែលរកឃើញជាបន្តបន្ទាប់នៅចុងឆ្នាំ២០២៣នេះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេនៅកម្ពុជាតម្លៃ២លានដុល្លារ នឹងលេចរូបរាងឆាប់ៗនេះ

ព័ត៌មាន
ការបញ្ចុះបឋមសិលាសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំជាងគេមួយនៅកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី ស្ថិតនៅក្នុងក្រុងស្ទឹងស…

សេដ្ឋកិច្ចឡាវត្រូវបានគេមើលឃើញមានសន្ទុះងើបឡើងវិញ ប៉ុន្តែនៅតែជួបបញ្ហាប្រឈម

ព័ត៌មាន
សេដ្ឋកិច្ចប្រទេសឡាវកំពុងត្រូវបានអ្នកជំនាញការសេដ្ឋកិច្ចមើលឃើញពីការស្ទុះងើបឡើងវិញបន្តិច ម្តងៗពីជំងឺរាតត្បាតកូវីដ-១៩ ជាមួយនឹងការព្យាករកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ