រូបិយប័ណ្ណឌីជីថល

តើមានកត្តាធំៗអ្វីខ្លះធ្វើឱ្យតម្លៃ Bitcoin ហក់ឡើងថ្លៃខ្ពស់ដល់៦ម៉ឺន៨ពាន់ដុល្លារ ជិតឈានដល់ការបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន?


Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតរបស់ពិភពលោក បានហក់ឡើងថ្លៃខ្ពស់រហូតដល់ទៅ៦ម៉ឺន ៨ពាន់៦រយដុល្លារ ក្នុងមួយកាក់ កាលពីថ្ងៃចន្ទ ទី៤ ខែមីនា ដែលជិតឈានដល់ការបំបែកកំណត់ត្រាចាស់ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលបានហក់ឡើងថ្លៃរហូតដល់៦ម៉ឺន ៩ពាន់ដុល្លារ ក្នុងមួយកាក់ Bitcoin កាលពីខែវិច្ឆកា ឆ្នាំ២០២១។ តើមានកត្តាធំៗអ្វីខ្លះធ្វើឱ្យតម្លៃ Bitcoin ហក់ឡើងថ្លៃខ្ពស់ជិតឈានដល់កាបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនបែបនេះ?
រូបិយប័ណ្ណឌីជីថល
ដោយ

រូបិយប័ណ្ណឌីជីថល Bitcoin បានហក់ឡើងថ្លៃរហូតដល់ទៅ៥០% នៅក្នុងឆ្នាំ២០២៤ នេះ ហើយកត្តាសំខាន់បំផុតដែលនាំឱ្យវាហក់ឡើងថ្លៃខ្លាំងបែបនេះ គឺដោយសារសន្ទុះកំណើននៃរំហូរវិនិយោគលើមូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin ETF ដែលបានចុះបញ្ជីនៅសហរដ្ឋអាម៉េរិក។ និយ័តករមូលបត្រអាម៉េរិក បានអនុម័តទទួលស្គាល់មូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin ETF អំឡុងខែមករា ដើមឆ្នាំ២០២៤ នេះ ហើយការអនុម័តនេះហើយជាកត្តាសំខាន់បំផុត ដែលបានបើកផ្លូវសម្រាប់អ្នកវិនិយោគធំៗថ្មីៗចាប់ផ្ដើមសម្រុកវិនិយោគ​លើ Bitcoin ដែលជំរុញឱ្យវាហក់ឡើងថ្លៃស្រឺតៗជិតឈានដល់កម្រិតកំណត់ត្រាចាស់ជាប្រវត្តិសាស្ត្រក្នុងឆ្នាំ២០២១ របស់ខ្លួនបែបនេះ។

លោក ម៉ាឃើស ធីលែន (Markus Thielen) ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនវិភាគរូបិយប័ណ្ណគ្រីបតូមួយមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បាននិយាយថា រំហូរវិនិយោគលើ Bitcoin គឺមិនរីងស្ងួតទេ ខណៈដែលអ្នកវិនិយោគមានទំនុកចិត្តកាន់តែខ្លាំងថា តម្លៃរបស់ Bitcoin នឹងបន្តហ​ក់ឡើងកាន់តែខ្ពស់។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុនមូលបត្រ និងហិញ្ញវត្ថុរបស់អង់គ្លេស London Stock Exchange Group (LSEG) បានបង្ហាញថា រំហូរវិនិយោគសុទ្ធលើមូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin ETF ធំបំផុតចំនួន១០ នៅសហរដ្ឋអាម៉េរិក បានឈានដល់ជាង២ពាន់លានដុល្លារ ក្នុងសប្ដាហ៍គិតត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News កាលពីថ្ងៃចន្ទ ទី៤ ខែមីនា ឱ្យដឹងថា មូលធនទីផ្សាររបស់រូបិយប័ណ្ណឌីជីថល ឬគ្រីបតូទាំងមូលបានកើនឡើងឈានដល់ជាង២,៤ទ្រីលានដុល្លារ។ ការហក់ឡើងថ្លៃស្រឺតៗនៃរូបិយប័ណ្ណឌីជីថល Bitcoin នេះ កើតមានឡើងស្របពេលសន្ទស្សន៍ផ្សារហ៊ុននានាដាំក្បាលចុះរាប់ចាប់ពីសន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុន រហូតដល់សន្ទស្សន៍ផ្សារហ៊ុនធំៗរបស់សហរដ្ឋអាម៉េរិក រួមមានផ្សារហ៊ុន S&P 500 និងផ្សារហ៊ុន Nasdaq ជាដើម៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុននឹងបង្កើនការជ្រើសរើសពលករជំនាញពីបរទេស ដើម្បីបំពេញតម្រូវដែលកំពុងខ្វះខាត

ព័ត៌មាន
ប្រទេសជប៉ុន ដែលទើបជ្រុះបាត់តំណែងជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកកាលពីពេលថ្មីៗ នឹងបង្កើនការបើកចំហរទ្វារទទួលពលករជំនាញបរទេសរ…

មហាយក្សចិនកំណត់គោលដៅកំណើន GDP ស្ថិតក្នុងរង្វង់៥% នៅឆ្នាំ២០២៤ នេះ

ព័ត៌មាន
មហាយក្សចិន បានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរង្វង់ប្រមាណ៥% សម្រាប់ឆ្នាំ២០២៤ នេះ ដែលប្រហាក់ប្រហែលគ្នានឹងគោលដៅកំណើន GDP …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ