គម្រោងនាំចេញដំឡូងមី

ប្រធានសមាគមដំឡូងមីខ្មែរ ប្រាប់ពីហេតុផល ដែលគម្រោងនាំចេញដំឡូងមី ១០ម៉ឺនតោន ទៅចិន និងឥណ្ឌា ត្រូវបានខកខាន


គម្រោងនាំចេញដំឡូងមីដោយផ្ទាល់រវាងក្រុមហ៊ុនមកពីប្រទេសចិន និងឥណ្ឌាជាមួយសមាគមដំឡូងមីខ្មែរ មិនអាចដំណើរការទៅមុខរួចឡើយ ដោយសារតែកសិករមិនអាចអនុវត្តតាមលក្ខខណ្ឌនៃការបញ្ជាទិញរបស់ក្រុមហ៊ុនទាំងនោះ ដូចជាកង្វះកន្លែងសម្រាប់ស្តុកទុកតាមស្តង់ដា និងមិនមានថវិកាសម្រាប់បង្វិលប្រមូលទិញដំឡូងពីកសិករ។ នេះបើតាមការឱ្យដឹងពីលោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ។
គម្រោងនាំចេញដំឡូងមី
ដោយ

លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ការចរចានាំចេញ​ដំឡូងមីសាកល្បងចំនួន១០ម៉ឺនតោនរវាងឈ្មួញចិន និងឥណ្ឌា ជាមួយសមាគមនាពេលកន្លងមក ពុំទទួលបានជោគជ័យឡើយ ដោយសារតែកសិករ និងសមាគមមិនមានលទ្ធភាពគ្រប់គ្រាន់​ដើម្បីបំពេញតាមលក្ខខណ្ឌនៃការបញ្ជាទិញ។ លក្ខខណ្ឌដែលមិនអាចបំពេញបាន ត្រូវបានអ្នកជំនាញកសិកម្មរូបនេះលើកឡើងថា គឺដោយសារតែមិនមានទីតាំងសម្រាប់ស្តុកដំឡូងឱ្យស្រប​តាមស្តង់ដា និងមិនមានថវិកាគ្រប់គ្រាន់សម្រាប់បង្វិលដើម្បីប្រមូលទិញដំឡូងមីពីកសិករ ខណៈដែលកសិករភាគច្រើនតែងត្រូវការថវិកាភ្លាមៗពេលលក់ដំឡូងមីម្តងៗ។

បើតាមប្រធានសមាគមដំឡូងមីខ្មែរ បច្ចុប្បន្ននៅកម្ពុជាពុំទាន់មានកន្លែងស្តុក និងកែច្នៃដំឡូងមីស្របតាមស្តង់ដានៅឡើយទេ ខណៈទីផ្សារ គឺពឹងផ្អែកទៅលើប្រទេសជិតខាង។ ការណ៍នេះ គឺទាមទារឱ្យមានអ្នកវិនិយោគច្រើនបន្ថែមទៀត ទើបអាចមានដំណើរការទៅមុខបានប្រសើរ។

ពាក់ព័ន្ធនឹងដំណាំដំឡូងមីនេះដែរ បើគ្មានការប្រែប្រួលទេ សហព័ន្ធដំឡូងមីកម្ពុជា ដែលមានកំណត់នៅក្នុងគោលនយោបាយជាតិស្ដីពីដំឡូងមី នឹងត្រូវបង្កើតឡើងនៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ក្រោយគម្រោងនេះ ត្រូវបានអាក់ខានអស់រយៈពេលជាច្រើនឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ជឿជាក់ថា ក្រោយសហព័ន្ធនេះត្រូវបានបង្កើតឡើង វានឹងក្លាយជាផ្នែកមួយជួយដល់កសិករ និងជួយលើកកម្ពស់ដំណាំដំឡូងមីនៅកម្ពុជា ខណៈដំណាំនេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកជាដំណាំយុទ្ធសាស្រ្តធំទីពីរបន្ទាប់ពីដំណាំស្រូវ។

សូមបញ្ជាក់ថា នៅក្នុងគោលនយោបាយដំឡូងមីឆ្នាំ២០១៨-២០២២ របស់រាជរដ្ឋាភិបាលកម្ពុជាបានចងក្រងថា ផលិតកម្មដំឡូងមីនឹងរួមចំណែករវាង៣% ទៅ ៤% នៃផលិតផលក្នុងស្រុកសរុប។ ជារៀងរាល់ឆ្នាំថវិកាស្ទើរតែ៣០០លានដុល្លារអាម៉េរិក ត្រូវបានគេវិនិយោគ ដើម្បីដាំដុះដំឡូងមី ខណៈដែលការនាំចេញភាគច្រើននៅក្នុងទម្រង់ជាផលិតផលមិនទាន់កែច្នៃ និងជាចំណិតដំឡូងមីក្រៀម ដែលមានទំហំប្រមាណ៧២៨លានដុល្លារក្នុងមួយឆ្នាំ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


និយ័តករមូលបត្រអះអាងថា ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC ត្រូវបានប្រមូលមកវិញបាន៩០%

ព័ត៌មាន
និយ័តករមូលបត្រកម្ពុជាថ្មីៗនេះបានចេញមកអះអាងថា ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC ដែលកំពុងស្ថិតនៅក្នុងរឿងដ៏ចម្រូងចម្រាស់នោះ ត្រូវបានប្រមូលមកវិញបា…

តុលាការអាម៉េរិកសម្រេចថា មន្ត្រីកម្ពុជាគ្មានទោសពាក់ព័ន្ធនឹងការរត់ពន្ធសត្វស្វាក្តាមនោះទេ ក្រោយចាប់ខ្លួនជាង ១ឆ្នាំ

ព័ត៌មាន
ក្រោយការចាប់ខ្លួនដោយអយុត្តិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក អស់រយៈពេលជាង១ឆ្នាំ ៤ខែ លោក គ្រី ម៉ះផល ប្រធានន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ