រូបិយប័ណ្ណ

ធនាគារកណ្តាលមីយ៉ាន់ម៉ានឹងបញ្ឈប់ការកំណត់អត្រាប្តូរប្រាក់បរទេស ដោយទុកឱ្យ ធនាគារឯកជន និងឈ្មួញប្ដូរប្រាក់សម្រេចខ្លួនឯង


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធទី៦ ខែធ្នូថា ធនាគារកណ្តាលប្រទេសមីយ៉ាន់ម៉ានឹងលែងកំណត់អត្រាប្តូរប្រាក់សម្រាប់រូបិយប័ណ្ណបរទេសទៀតហើយ ហើយនឹងអនុញ្ញាតឱ្យធនាគារ និងឈ្មួញរកស៊ីចាយបន្តធ្វើការម្រេចចិត្តពីអត្រាការប្រាក់ដោយខ្លួនពួកគេផ្ទាល់ នៅក្នុងការបន្ធូរបន្ថយដ៏កម្រនៃការគ្រប់គ្រងការដ៏តឹងតែងរបស់ខ្លួនចំពោះទីផ្សារប្ដូរប្រាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រូបិយប័ណ្ណ
ដោយ

ដោយសារសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា​ ស្ថិតក្នុងសភាពទ្រុឌទ្រោមបន្ទាប់ពីរបបយោធាបានកាន់កាប់នៅឆ្នាំ២០២១ និងទុនបម្រុងបរទេសកំពុងតែរងសម្ពាធនោះ អាជ្ញាធរបានដាក់វិធានការមួយចំនួន ដើម្បីទប់ស្កាត់តម្រូវការរូបិយប័ណ្ណបរទេស ដោយមានទាំងការបង្ក្រាបការជួញដូរទីផ្សារងងឹត និងដកហូតអាជ្ញាបណ្ណប្តូរប្រាក់ជាង១៤០កន្លែងផងដែរនៅឆ្នាំនេះ។

របាយការណ៍នេះមិនបានបញ្ជាក់ពីហេតុផលសម្រាប់ការសម្រេចចិត្តកាលពីថ្ងៃអង្គារ ទី៥ ខែធ្នូទេ ដោយសារធនាគារកណ្តាលមិនបានប្រកាសពីការផ្លាស់ប្តូរគោលនយោបាយនៅលើគេហទំព័ររបស់ខ្លួន និងមិនបានឆ្លើយតបចំពោះអ្នកសារព័ត៌មានដែលព្យាយាមស្នើសុំការបំភ្លឺនោះឡើយ។

នៅក្រោមការគ្រប់គ្រងរបស់របបយោធា ធនាគារកណ្តាលមីយ៉ាន់ម៉ាបានផ្លាស់ប្តូរពីប្រព័ន្ធអត្រាប្តូរប្រាក់ដែលមានការឡើងចុះស្របទៅតាមតម្រូវការ និងការផ្គត់ផ្គង់ជាក់ស្ដែង មកជាការគ្រប់គ្រងតាមបែបរដ្ឋបាលវិញ រួមទាំងការទាមទារឱ្យក្រុមហ៊ុនបញ្ឈប់ប្រព័ន្ធប្ដូរប្រាក់បរទេស និងឈប់ចេញរបាយការណ៍អំពីការជួញដូររូបិយប័ណ្ណផងដែរ។

ក្រុមហ៊ុននាំចេញមួយចំនួននាពេលកន្លងមកត្រូវបានតម្រូវឱ្យប្ដូរប្រាក់ចំណូលរបស់ពួកគេពីប្រាក់ដុល្លារទៅជាប្រាក់ក្យាតមីយ៉ាន់ម៉ា​ក្នុងអត្រាផ្លូវការ ដែលកំណត់ដោយធនាគារកណ្តាល។ តួយ៉ាងដូចជាកាលពីខែសីហា ធនាគារនេះបានបញ្ជាឱ្យក្រសួង និងរដ្ឋាភិបាលក្នុងស្រុកមិនឱ្យប្រើរូបិយប័ណ្ណបរទេសសម្រាប់ប្រតិបត្តិការក្នុងស្រុក ដើម្បីបន្ធូរបន្ថយសម្ពាធលើប្រាក់ក្យាត។

លោក សៀន ធឺណែល (Sean Turnell) សេដ្ឋវិទូអូស្ត្រាលី ដែលជាទីប្រឹក្សារដ្ឋាភិបាលមុនរបស់មីយ៉ាន់ម៉ា និងដែលត្រូវបានចាប់ដាក់ពន្ធនាគារជាមួយនឹងថ្នាក់ដឹកនាំកំពូលមួយចំនួនទៀតនោះ បាននិយាយថា ការផ្លាស់ប្តូររបស់ធនាគារកណ្តាលនេះ គឺជាសញ្ញាមួយបង្ហាញថា របបយោធាកំពុងមានបញ្ហាមែនទែនហើយ។

លោក ធឺណែល បានបង្ហោះនៅលើ Facebook របស់លោកថា របបយោធាមីយ៉ាន់ម៉ាភ្លាមៗនេះបានបញ្ឈប់អត្រាប្តូរប្រាក់ថេរ ដែលពួកគេបានខំប្រឹងរក្សាវាតាំងពីរដ្ឋប្រហារមកម្ល៉េះ ហើយតាមការយល់ឃើញរបស់លោកគឺថា របបយោធានេះមិនអាចផ្គត់ផ្គង់រូបិយប័ណ្ណបរទេសបានទៀតទេ សូម្បីតែផ្គត់ផ្គង់ទៅឲ្យអ្នកផ្គត់ផ្គង់ផ្ទាល់របស់ពួកគេដូចជាទូទាត់ថ្លៃប្រេងឥន្ធនៈជាដើម។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ទៀតថា នេះគឺជាការដើរទៅកាន់ស្ថានភាពដ៏អាក្រក់របស់របបយោធាហើយ។

អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា គឺលោក ហ្សាវ មីន ទុន (Zaw Min Tun) មិនបានឆ្លើយតបជាមួយអ្នកសារព័ត៌មានជុំវិញរឿងនេះទេ ប៉ុន្តែកាលពីខែកក្កដាឆ្នាំនេះ លោកបាននិយាយថា មីយ៉ាន់ម៉ាមាន«ទុនបម្រុងរូបិយប័ណ្ណបរទេសគ្រប់គ្រាន់»។

ធនាគារពិភពលោកបាននិយាយក្នុងរបាយការណ៍មួយកាលពីខែមិថុនាថា សេដ្ឋកិច្ច និងរូបិយប័ណ្ណរបស់មីយ៉ាន់ម៉ាកំពុងបង្ហាញពីសញ្ញាមានស្ថិរភាព ប៉ុន្តែការវិនិយោគនៅតែធ្លាក់ចុះ ហើយអាជីវកម្មកំពុងជួបបញ្ហាជាមួយនឹងការកើនឡើងចំណាយ និងការលំបាកក្នុងការទទួលបានរូបិយប័ណ្ណបរទេសដែលត្រូវការដើម្បីនាំចូលសម្ភារ។

លោក ទីន ទុន ណាំង (Tin Tun Naing) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលរួបរួមជាតិ ឬរដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ា បាននិយាយក្នុងបទសម្ភាស​ថ្មីៗនេះជាមួយសារព័ត៌មានរ៉យទ័រថា ឧត្តមសេនីយ៍យោធាជាច្រើនកំពុងខំប្រឹងតស៊ូសោះស្រាយបញ្ហាហិរញ្ញវត្ថុ និងខ្សែច្រវាក់ផ្គត់ផ្គង់សំខាន់ៗរបស់ពួកគេ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញផ្លែមៀនស្រស់ទៅចិនបានជាង ១,៣ ម៉ឺនតោន នៅ១១ខែឆ្នាំនេះ និងកំពុងពិនិត្យលទ្ធភាពនាំចេញទៅទីផ្សារអឺរ៉ុបបន្ថែមទៀត

ព័ត៌មាន
របាយការណ៍របស់អគ្គនាយដ្ឋានកសិកម្ម បានបង្ហាញថា នៅរយៈពេល១១ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារចិន ចំនួនជាង ១ម៉ឺន៣ពាន់ត…

ភ្នាក់ងារ Moody's កាត់បន្ថយទស្សនវិស័យកំណើនមកអវិជ្ជមានចំពោះធនាគារចិន ហុងកុង និងម៉ាកាវ ខណៈរដ្ឋាភិបាលចិនថាគ្មានអីត្រូវបារម្ភ

ព័ត៌មាន
ទីភ្នាក់ងារសេវាកម្មវិនិយោគរបស់ក្រុមហ៊ុន Moody's កាលពីថ្ងៃពុធ បានបង្ហាញពីការទម្លាក់ចំណាត់ឥណទានអង្គភាពជាច្រើន ដែលគាំទ្រដោយរដ្ឋាភិបាលចិន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ