មេដឹកនាំចិន និងរុស្ស៊ី

លោក ពូទីន និងលោក ស៊ី ជិនពីង សន្យាបង្កើតយុគសម័យថ្មីនៃទំនាក់ទំនងចិន-រុស្ស៊ី


លោក ស៊ី ជិនពីង មេដឹកនាំមហាអំណាចសេដ្ឋកិច្ចទី២ និងលោក វ្លាឌីមៀ ពូទីន មេដឹកនាំមហាអំណាចយោធាទី២លើពិភពលោក បានប្រកាសរួមដៃគ្នាបង្កើតសករាជថ្មីមួយ ដើម្បីទប់ទល់នឹងសហរដ្ឋអាម៉េរិក ដែលជាកំពូលមហាអំណាចពិភពលោកទាំងយោធា និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ មេដឹកនាំទាំងពីរ ក៏បានប្រកាសនូវជំហររួមគ្នាប្រឆាំងនឹងសង្គ្រាមត្រជាក់ថ្មី ដែលកំពុងបញ្ហេះឡើយដោយសហរដ្ឋអាម៉េរិក និងត្រៀមខ្លួនទប់ទល់នឹងការឈ្លានពានដែលកំពុងសាបព្រួសភាពវឹកវរជាសកលផងដែរ។
មេដឹកនាំចិន និងរុស្ស៊ី
ដោយ

សារព័ត៌មានធំៗនៅលើពិភពលោក បានចុះផ្សាយថា លោក ស៊ី ជិនពីង មេដឹកនាំចិន ដែលមានវ័យ៧០ឆ្នាំ និងលោក វ្លាឌីមៀ ពូទីន មេដឹកនាំរុស្ស៊ី ដែលមានវ័យ៧១ឆ្នាំ កាលពីពេលថ្មីៗ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពី ការបង្កើតយុគសម័យថ្មី ដែលមានជំហរប្រឆាំងនឹងសហរដ្ឋអាម៉េរិក លើបញ្ហាសន្តិសុខពិភពលោក ដូចជាបញ្ហានៅកោះតៃវ៉ាន់ អ៊ុយក្រែន កូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការលើបញ្ហាថ្មីពាក់ព័ន្ធនឹងបច្ចេកវិទ្យានុយក្លេអ៊ែសន្តិភាព និងហិរញ្ញវត្ថុ។

បើយោងតាមសេចក្តីប្រកាសដែលចុះហត្ថលេខាដោយមេដឹកនំាទាំងពីរ ជំនួបរវាងលោកស៊ី និងលោក ពូទីន ជាថ្មីនៅសប្តាហ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ទំនាក់ទំនងចិន-រុស្ស៊ី បានក្លាយទៅជាគំរូដ៏សំខាន់មួយ នៃទម្រង់ទំនាក់ទំនងអន្តរជាតិថ្មី ក៏ដូចជាទំនាក់ទំនងអ្នកជិតខាងដ៏ល្អរវាងប្រទេសមហាអំណាចទាំងពីរ។

វឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនងចិន-រុស្ស៊ី គឺការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះគោលការណ៍យុទ្ធសាស្ត្រសំខាន់ៗចំនួនប្រាំ។ ទី១, ចិន-រុស្ស៊ី ប្តេជ្ញាគោរពគ្នាទៅវិញទៅមកនូវគោលការណ៍គ្រឹះនៃទំនាក់ទំនង និងផ្តល់ការគាំទ្រសម្រាប់ផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ។ ទី២, ប្រទេសទាំងពីរប្តេជ្ញាចិត្តអនុវត្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលជាកម្លាំងជំរុញនៃទំនាក់ទំនង និងបង្កើតឱ្យមានគំរូថ្មីនៃផលប្រយោជន៍រវាងប្រទេសទាំងពីរ ខណៈដែលកាលពីឆ្នាំ២០២៣ ពាណិជ្ជកម្មទ្វេភាគីមានទំហំលើសពី២៤០ពាន់លានដុល្លារ ពោលគឺកើនឡើងជិត៣ដងនៅក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។

ទី៣, ចិន និងរុស្ស៊ីប្តេជ្ញារក្សាមិត្តភាពយូរអង្វែងជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនង ដោយផ្តោតលើការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី ស្តីពីប្រជាជននិងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌មុនឆ្នាំ២០៣០។ ទី៤, មហាអំណាចទាំងពីរបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារប្រព័ន្ធអន្តរជាតិ ដែលផ្តោតលើអង្គការសហប្រជាជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិ តាមរយៈការជួយសម្របសម្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគីដូចជានៅអង្គការសហប្រជាជាតិ, អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីនិងប៉ាស៊ីហ្វិក ក្រុមប្រទេស G20 ដើម្បីលើកកម្ពស់ និងជំរុញយន្តការពហុភាគី និងសកលភាវូបនីយកម្មសេដ្ឋកិច្ច និងទី៥, ប្តេជ្ញាប្រឆាំងនឹងសង្រ្គាមត្រជាក់ និងគោលនយោបាយអនុត្តរភាព ដែលនៅពេលនេះមេដឹកនាំទាំងពីរបានអះអាងថា នៅតែបន្តកើតមាន និងកំពុងគំរាមកំហែងដល់សន្តិភាពពិភពលោក និងសន្តិសុខនៃប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍នេះ អ្នកវិភាគបានអះអាងថា តាមស្មារតីនៃសេចក្តីប្រកាសរួម សេចក្តីថ្លែងការណ៍នេះត្រូវបានពិពណ៌នាថា ជាការធ្វើឱ្យទំនាក់ទំនងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ហើយក៏បានលើកឡើងពីផែនការបង្កើនទំនាក់ទំនងយោធា និងរបៀបដែលចិន ក៏ដូចជារុស្ស៊ីនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរក្រោមលេសសន្តិសុខក្នុងតំបន់ និងពិភពលោកផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF ព្រមានថា ការដំឡើងពន្ធរបស់អាម៉េរិក លើទំនិញចិន នឹងបង្កហានិភ័យដល់សហរដ្ឋអាម៉េរិក និងកំណើនសេដ្ឋកិច្ចពិភពលោក

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរិះគន់សេចក្ដីសម្រេចរបស់រដ្ឋបាលលោក ចូ បៃឌិន ក្នុងការដំឡើងពន្ធលើទំនិញមួយចំនួនធំរបស់មហាយក្សចិន ហើយប…

អង្គការសហប្រជាជាតិបានព្យាករថា សេដ្ឋកិច្ចសកលនឹងសម្រេចបានកំណើនជិត៣%នៅឆ្នាំ២០២៤នេះ

ព័ត៌មាន
អង្គការសហប្រជាជាតិ បានរាយការណ៍ពីចក្ខុវិស័យល្អប្រសើរសម្រាប់សេដ្ឋកិច្ចសកលដោយបានព្យាករថានឹងសម្រចបានកំណើនជិត៣% នៅឆ្នាំ២០២៤នេះ។ ការរំពឹងបែបន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ