មេដឹកនាំប្រទេសទាំងពីរយល់ព្រមពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឡើងវិញ

ចិន និង អូស្ត្រាលី យល់ព្រមពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៅក្នុងជំនួបមេដឹកនាំប្រទេសទាំងពីរ


ក្រោយពីប្រេះឆារអស់មួយរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទីបំផុត ចិន និង អូស្ត្រាលី បានយល់ព្រមពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឡើងវិញហើយ បន្ទាប់ពីមេដឹកនាំកំពូលប្រទេសទាំងពីរបានជួបពិភាក្សាគ្នាថ្មីៗនេះ។ ប្រធានាធិបតីចិន លោកស៊ី ជិនពីង និង នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកអាន់តូនី អាល់បានេស បានព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនឹងគ្នាឡើងវិញហើយ នៅក្នុងជំនួបកំពូលកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមានភាពតានតឹងនឹងគ្នាកន្លងមក។
មេដឹកនាំប្រទេសទាំងពីរយល់ព្រមពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឡើងវិញ
ដោយ

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកអាន់តូនី អាល់បានេស បានជួបទល់មុខគ្នាជជែកពិភាក្សាការងារជាមួយលោកស៊ី ជិនពីង ប្រធានាធិបតីចិន នៅមហាសាលប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង។ លោក អាន់បានេស បានប្រាប់លោកស៊ី ជិនពីង ថា ទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរនឹងមានប្រយោជន៍ទៅថ្ងៃអនាគត។ នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីមកកាន់ទីក្រុងប៉េកាំងនេះ ត្រូវបានគេដឹងថា ពាណិជ្ជកម្ម និងស្ថិរភាពនៅច្រកសមុទ្រកោះតៃវ៉ាន់ គឺជាប្រធានបទសំខាន់ក្នុងជំនួបរវាងមេដឹកនាំកំពូលទាំងពីរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV លោកស៊ី ជិនពីង បានសង្កត់ធ្ងន់ប្រាប់លោកអាល់បានេស អំពីការពង្រីង និង ពង្រីកពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរបន្ថែមទៀត។ លោកស៊ី ជិនពីង អះអាងទៀតថា ទំនាក់ទំនងចិន-អូស្ត្រាលី បានចាប់ផ្តើមលើមាគ៌ាដ៏ត្រឹមត្រូវ នៃការកែលម្អ និងការអភិវឌ្ឍ។ នៅអំឡុងពេលនោះដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានយល់ស្របលើចំណុចនេះដែរ ក៏ប៉ុន្តែលោកអាល់បានេស ក៏បានលើកឡើងអំពីសារសំខាន់នៃការរក្សាស្ថានភាពដើមនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។ ក្រោយកិច្ចប្រជុំ លោកអាល់បានេស នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រាប់សន្និសីទកាសែតថា លោកស៊ីជិនពីង បានបង្ហាញពីចំណាប់អារម្មណ៍ចង់ឱ្យចិនចូលរួមកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅថា CP TPP។

គួររំលឹកបន្តិចថា ទំនាក់ទំនងរវាងចិន និងអូស្ត្រាលី មានភាពតានតឹងនឹងគ្នាខ្លាំង បន្ទាប់ពីទីក្រុងកង់បេរ៉ាក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោក Scott Morrison កាលពីខែមេសា ឆ្នាំ២០២០ អំពាវនាវឱ្យមានការស៊ើបអង្កេតលើប្រភពដើមនៃជំងឺកូវីដ-១៩ នៅប្រទេសចិន។ តាំងតែពីពេលនោះមក ទំនាក់ទំនងប្រទេសទាំងពីរបានស្គាល់តែភាពប្រេះស្រាំ ដោយទីក្រុងប៉េកាំង បានបង្កើនពន្ធគយលើផលិតផលនាំចូលសំខាន់ៗរបស់អូស្ត្រាលី ដូចជាស្រូវសាលី និងស្រាក្រហមជាដើម។ ទោះយ៉ាងណា ប្រទេសចិន កាលពីដើមឆ្នាំនេះបានដក រនាំងពន្ធគយលើការនាំចូលលើធ្យូងថ្ម ស្រូវបាឡេ និង ឈើរបស់អូស្ត្រាលីវិញហើយ ដែលខ្លួនបានដាក់ពន្ធរហូតដល់ទៅ ២១៨%។ ។

មែនទែនទៅ ទំនាក់ទំនងចិន និងអូស្ត្រាលី បានវិលមករកភាពល្អប្រសើរឡើងវិញ គឺដោយសារតែទីក្រុងកង់បេរ៉ា ក្រោយរដ្ឋបាលលោក អាល់បានេស ដែលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅក្នុងខែឧសភា ឆ្នាំមុន។ លោក អាល់បានេស បានផ្តល់អាទិភាពដល់កិច្ចសន្ទនាជាមួយប្រទេសចិន និង បានក្លាយជានាយករដ្ឋមន្ត្រីអូស្ត្រាលីដំបូងគេ ក្នុងរយៈពេល ៦ឆ្នាំមកនេះ ដែលបានជួបទល់មុខគ្នាជាមួយលោកស៊ី ជិនពីង។

គួរជម្រាបថា ទិន្នន័យគយចិនបង្ហាញថា ការនាំចូលរបស់ប្រទេសចិនពីអូស្ត្រាលី ពីខែមករាដល់ខែកញ្ញាឆ្នាំ ២០២៣ បានកើនឡើងជាង៨% ធៀបនឹងឆ្នាំមុនធ្លាក់ចុះប្រមាណជាង១២%៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាម៉េរិក WeWork ដាក់ពាក្យការពារការក្ស័យធន ខណៈបំណុលមានដល់ ៥០ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនផ្ដល់សេវាជួលការិយាល័យធ្វើការរួម ឬហៅថា Co-working Space ដ៏ធំរបស់សហរដ្ឋអាម៉េរិកឈ្មោះ WeWork ដែលធ្លាប់ជាក្រុមហ៊ុនមានតម្លៃដល់ទៅ…

ចូលរួមជាមួយ អេ អឹម ខេ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបុគ្គលិក ដែលធ្វើឲ្យគ្រឹះស្ថានទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ