ក្រុមហ៊ុនចិន China Telecom

ក្រុមហ៊ុនចិន China Telecom ស្នើតុលាការឧទ្ធរណ៍អាមេរិកជួយរារាំងការសម្រេចរបស់ FCC បញ្ឈប់ប្រតិបត្តិការខ្លួន


ក្រុមហ៊ុនទូរគមនាគមន៍ចិន China Telecom នៅដើមសប្តាហ៍នេះបានដាក់សំណើទៅតុលាការឧទ្ធរណ៍អាមេរិក ឲ្យរារាំងការសម្រេចចិត្តរបស់គណៈកម្មការទូរគមនាគមន៍រដ្ឋសហព័ន្ធ ហៅកាត់ថា FCC ដែលបានសម្រេចដកហូតសិទ្ធិធ្វើប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនចិនមួយនេះនៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនចិន ChinaTelecom

ក្រុមហ៊ុន China Telecom Americas ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន China Telecom Corp Ltd  កាលពីថ្ងៃទី២៦តុលា ត្រូវបានគណៈកម្មការទូរគមនាគមន៍រដ្ឋសហព័ន្ធរបស់អាមេរិក ហៅកាត់ថា FCC បញ្ជាឲ្យបញ្ឈប់ការផ្តល់សេវាកម្មនៅក្នុងទឹកដីសហរដ្ឋអាមេរិកតទៅទៀត ឲ្យបានមុនខែមករាឆ្នាំ២០២២។ ការបញ្ជាឲ្យឈប់ដូចនេះ ត្រូវបានគណៈកម្មការទូរគមនាគមន៍រដ្ឋសហព័ន្ធ FCC អះអាងថា ក្រុមហ៊ុនចិនខាងលើបានបង្កក្តីបារម្ភដល់សន្តិសុខជាតិអាមេរិក។

ប្រការនេះហើយបានធ្វើឲ្យ ក្រុមហ៊ុនទូរគមនាគមន៍ចិនដ៏ធំរបស់ចិនដដែល បានប្រាប់ទៅតុលាការឧទ្ធរណ៍ប្រចាំនៅតំបន់របស់ខ្លួន ក្នុងសង្កត់កូឡំប៊ី ថាបញ្ហានេះ បង្កគ្រោះថ្នាក់ធំណាស់ដល់ក្រុមហ៊ុនរបស់ខ្លួន។ គ្រោះថ្នាក់ក៏ដោយសារតែ ខ្លួនមិនមានពេលវេលារៀបចំគ្រប់គ្រាន់នោះទេ។

ក្រុមហ៊ុន China Telecom អះអាងថា ខ្លួនត្រូវជូនដំណឹងដល់អតិថិជនឲ្យបានមុនថ្ងៃទី០៤ ធ្នូ ហើយដែលវាជារឿងពិបាកធ្វើទៅបាន។ ក្រុមហ៊ុនត្រូវបង្ខំចិត្តបិទខ្ទប់បណ្តាញភ្លាមៗ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការរកស៊ី របស់អតិថិជនខ្លួន ហើយធ្វើឲ្យខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនផងដែរ។

គួរជម្រាបថា គណៈកម្មការទូរគមនាគមន៍រដ្ឋសហព័ន្ធរបស់អាមេរិក (FCC) បានរកឃើញថាក្រុមហ៊ុនទូរគមនាគមន៍ចិនខាងលើនេះ រកស៊ីដោយកេងប្រវ័ញ្ច, គ្រប់គ្រងនិងទទួលរងឥទ្ធិពលពីរដ្ឋាភិបាលចិន ហើយទំនងជាត្រូវបានបង្ខំឱ្យអនុវត្តតាមសំណើរបស់រដ្ឋាភិបាលក្រុងប៉េកាំងថែមទៀត។

ប៉ុន្តែក្រុមហ៊ុនទូរគមនាគមន៍ចិន បានបដិសេធថា គណៈកម្មការទូរគមនាគមន៍រដ្ឋសហព័ន្ធរបស់អាមេរិក FCC គួរតែបើកសវនាការរដ្ឋបាល ដើម្បីសួរដេញដោលសិន មុននឹងធ្វើការចោទប្រកាន់ ហើយដាក់បទបញ្ជាបែបនេះ។ ក្រុមហ៊ុន China Telecom ចោទប្រកាន់ថាFCC មិនបានផ្តល់ភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ឡើយ។

សូមជម្រាបថា មិនមែនមានតែក្រុមហ៊ុន China Telecom មួយទេដែលត្រូវបានចោទប្រកាន់ពី FCC កាលពីខែមីនា ក្រុមហ៊ុនចិនសរុបចំនួន៥ ត្រូវបានអាមេរិកចោទប្រកាន់ដូចគ្នា ដោយចាត់ទុកជាការគម្រាមកំហែងសន្តិសុខអាមេរិក ក្នុងរួមមានទាំងក្រុមហ៊ុនយក្យ Huawei និង ZTEផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកថានឹងមិនចូល CPTPP វិញទេប៉ុន្តែនឹងបង្កើតកិច្ចព្រមព្រៀងថ្មី១ទៀតដែលល្អជាងនេះទៅទៀត

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រីជីណា រ៉ៃមុនដូ បានបញ្ជាក់អះអាងថា សហរដ្ឋអាមេរិកនឹងមិនត្រឡប់ចូលរួមជាមួយ កិច្ចព្រមព្រៀងវឌ្ឍនភាពគ្រប់…

ផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេសរបស់អឺរ៉ុប មានចំណុចខ្លាំងអ្វីខ្លះ ដើម្បីប្រជែងនឹងគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន?

ព័ត៌មាន
សហភាពអឺរ៉ុប នៅសប្ដាហ៍នេះ នឹងប្រកាសឡើងអំពី គ្របខណ្ឌវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេស ថ្មីមួយរបស់ខ្លួន ដើម្បីប្រជែងនឹងគម្រោងគំនិតផ្ដួចផ្ដើមខ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ