វិស័យសេដ្ឋកិច្ច

តើចិនត្រូវកំណត់គោលដៅ GDP នៅឆ្នាំ២០២៤ យ៉ាងដូចម្តេច ដើម្បីបង្កើនសេដ្ឋកិច្ចទ្វេដងត្រឹមឆ្នាំ២០៣៥?


មេដឹកនាំកំពូលរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅឯសន្និសីទការងារសេដ្ឋកិច្ច កណ្តាលនៅទីក្រុងប៉េកាំង ក្នុងខែនេះ ដើម្បីដាក់ចេញនូវគោលដៅសេដ្ឋកិច្ចសម្រាប់ឆ្នាំក្រោយ។
វិស័យសេដ្ឋកិច្ច
ដោយ

យោងតាមអ្នកឃ្លាំមើល និងអ្នកវិភាគសេដ្ឋកិច្ច ប្រសិនបើចិនសង្ឃឹមឈានដល់គោលដៅមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនផលិតផលក្នុងស្រុកសរុបជាតិ (GDP) ទ្វេដងនៅឆ្នាំ២០៣៥ មេដឹកនាំចិនគួរតែកំណត់គោលដៅកំណើនអប្បបរមាសម្រាប់ឆ្នាំក្រោយយ៉ាងហោចណាស់៥%។

ប៉ុន្តែទន្ទឹមនឹងសម្រេចបានគោលដៅនេះ ទីក្រុងប៉េកាំងត្រូវបង្ហាញឆន្ទៈក្នុងការបញ្ចេញនូវវិធានការជំរុញ និងធ្វើកំណែទម្រង់សេដ្ឋកិច្ចសម្រាប់កំណើនឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

មេដឹកនាំកំពូលចិន ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់គោលដៅកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំក្នុងខែនេះ បើទោះបីជាវាមិនត្រូវបានប្រកាសជាសាធារណៈរហូតដល់កិច្ចប្រជុំសភាប្រចាំឆ្នាំ ដែលនឹងរៀបចំធ្វើឡើងនៅក្នុងខែមីនា ឆ្នាំក្រោយក៏ដោយ។ លោក លីអាវ ស៊ីង (Liao Qun) នាយកម្នាក់នៃវេទិកាសេដ្ឋវិទូចិន ដែលជាវិទ្យាស្ថានស្រាវជ្រាវនៅទីក្រុងសៀងហៃ បានឱ្យដឹងកាលពីខែមុនថា ប្រទេសចិនសម្រេចបានគោលដៅកំណើនប្រហែល៥% នៅឆ្នាំនេះ ហើយគោលដៅឆ្នាំ២០២៤ ចាំបាច់ត្រូវពិចារណាយ៉ាងប្រុងប្រយ័ត្ន។

លោកបានបន្តថា ដើម្បីបង្កើនសេដ្ឋកិច្ចទ្វេដងរបស់ខ្លួននៅឆ្នាំ២០៣៥ ដូចឆ្នាំ២០២០ អត្រាកំណើនប្រចាំឆ្នាំជាមធ្យមរបស់ប្រទេសចិន ក្នុង រយៈពេល១៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ ត្រូវមានយ៉ាងហោចណាស់៤,៧៣%។ អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា វាមិនពិបាកទេក្នុងការសម្រេចកំណើន៤,៧៣% ក្នុងមួយឆ្នាំ ប៉ុន្តែវាពិបាកណាស់ក្នុងការរក្សាកំណើននេះឱ្យនៅថេរសម្រាប់រយៈពេល១៥ឆ្នាំ។

កាលពីខែតុលា ប្រទេសចិនបានបង្ហាញផែនការក្នុងការបញ្ចេញមូលបត្របំណុលរដ្ឋ១៤១ពាន់លានដុល្លារ នៅចុងឆ្នាំនេះ ដែលនឹងបង្កើនគោលដៅឱនភាពថវិកាឆ្នាំ២០២៣ ដល់៣,៨% នៃផលិតផលក្នុងស្រុកសរុបពីគោលដៅដើម៣%។

ការកែប្រែថវិកាសារពើពន្ធដ៏កម្រនេះ ត្រូវបានអ្នកវិភាគបកស្រាយយ៉ាងទូលំទូលាយថា ជាសញ្ញាដ៏ច្បាស់លាស់មួយ ដែលថា រដ្ឋាភិបាលកណ្តាលចិន មានឆន្ទៈក្នុងការទទួលខុសត្រូវកាន់តែខ្លាំងក្នុងការចំណាយថវិកាសាធារណៈនោះ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។ ទិន្នន័យសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងស្ថិតនៅក្រោមការព្រមានអំពីស្ថិតិក្លែងក្លាយ ដែលអ្នកវិភាគមានការព្រួយបារម្ភជាយូរមកហើយលើភាពត្រឹមត្រូវ និងសុក្រឹតភាពនៃទិន្នន័យរបស់ប្រទេសចិន ខណៈទីក្រុងប៉េកាំងត្រូវការតួលេខដែលអាចទុកចិត្តបាន ដើម្បីដឹកនាំទិសដៅគោលនយោបាយកំណើន។ អ្នកវិភាគរំពឹងថា កំណើនសេដ្ឋកិច្ចពិតប្រាកដរបស់ចិន អាចថយចុះមកនៅត្រឹមប្រហែល៤,៤%ទៅ៤,៥%នៅឆ្នាំក្រោយ។

យ៉ាងណាមិញ បើតាមលោក កៅ រូដុង (Gao Ruidong) ប្រធានម៉ាក្រូសេដ្ឋកិច្ចនៅក្រុមហ៊ុន Everbright Securities រំពឹងថា ប្រទេសចិននឹងកំណត់ទិសដៅកំណើនប្រហែល៥% នៅក្នុងឆ្នាំ២០២៤ ដូចគ្នាទៅនឹងគោលដៅក្នុងឆ្នាំនេះ។ លោកថា គោលដៅនេះ គឺជាតម្រូវការខាងក្នុងសម្រាប់ការសម្រេចបាននូវផែនការរយៈពេលវែងឆ្នាំ២០៣៥ និងស្ថិរភាពការងាររយៈពេលខ្លី។

ទោះជាយ៉ាងណាក៏ដោយ និន្នាការនៃការស្ទុះងើបឡើងវិញ នៃទីផ្សារអចលនទ្រព្យនៅមានភាពទន់ខ្សោយ ហើយនិន្នាការនៃការវិនិយោគនិងលក់អចលនទ្រព្យនឹងក្លាយជាភាពមិនប្រាកដប្រជាដ៏ធំបំផុតនៅក្នុងសេដ្ឋកិច្ចចិននៅឆ្នាំក្រោយ ស្របពេលដែលភាពអត់ការងារធ្វើកំពុងបន្ត និងថ្លៃរស់នៅខ្ពស់របស់ប្រទេសចិន។

ជុំវិញបញ្ហាទាំងអស់នេះ លោក Gao Ruidong បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវអត្រាកំណើនប្រហែល៥% នៅឆ្នាំក្រោយ រដ្ឋាភិបាលចិនត្រូវមានវិធានការជំរុញរូបិយវត្ថុ និងសារពើពន្ធបន្ថែមទៀតជំនួសមកវិញដោយពឹងផ្អែកជាចម្បងលើរដ្ឋាភិបាលមូលដ្ឋាន សាជីវកម្ម និងធនាគារ។

យោងតាមទីភ្នាក់ងារវាយតម្លៃឥណទានអាម៉េរិក S&P Global Ratings បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីសប្តាហ៍មុនថា គេរំពឹងរដ្ឋាភិបាលចិនក្នុងស្រុក និងតំបន់នឹងផ្តោតលើការសន្សំសំចៃ និងការគ្រប់គ្រងហានិភ័យសម្រាប់រយៈពេលពីរឆ្នាំខាងមុខ។ ជារួមទីប្រឹក្សាគោលនយោបាយ និងអ្នកសេដ្ឋកិច្ចមួយចំនួននៅក្នុងប្រទេសចិន រួមទាំងលោក លូ សាងស៊ី (Liu Shangxi) ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រសារពើពន្ធចិន កំពុងជំរុញឱ្យរដ្ឋាភិបាលកណ្តាលចិន ត្រូវផ្តល់នូវការជំរុញសារពើពន្ធកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពកំណើនក្នុងរយៈពេលវែង ជាពិសេសគោលដៅឆ្នាំ២០៣៥៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារប្រាក់ដុល្លារចាប់ផ្ដើមរង្គោះរង្គើ ខណៈទស្សនវិស័យអត្រាការប្រាក់នៅអាម៉េរិកមិនមានភាពច្បាស់លាស់

ព័ត៌មាន
ទីផ្សារប្រាក់ដុល្លារបានចាប់ផ្តើមសប្តាហ៍ដ៏រង្គោះរង្គើមួយនៅថ្ងៃចន្ទនេះ ខណៈដែលអ្នកចូលរួមទីផ្សារប្រាក់ដុល្លារមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុន្ទរកថ…

ចិននៅមានជម្រើសច្រើនក្នុងការកាត់បន្ថយសមាមាត្រទុនបម្រុង ជំនួសឱ្យការតម្លើងអាត្រាការប្រាក់

ព័ត៌មាន
អតីតមន្ត្រីសេដ្ឋកិច្ចចិន បាននិយាយថា ចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីរលើពិភពលោកនៅមានច្រកបន្ថែមទៀត ដើម្បីកាត់បន្ថយសមាមាត្រទុនបម្រុងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ