ប្រទេសចិន

ប្រមុខការទូតចិនទស្សនកិច្ចតំបន់អាស៊ីគ្នេយ៍ ដើម្បីខំពង្រឹងជំហរបស់ទីក្រុងប៉េកាំងក្នុងតំបន់ ប្រជែងនឹងទីក្រុងវ៉ាស៊ិនតោន


រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក Wang Yi បានចាប់ផ្តើមដំណើរទស្សនកិច្ចមកកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ ចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី ១៤ខែកក្កដា ដោយធ្វើឡើងជាដំបូងនៅក្នុងប្រទេសមីយ៉ាន់មា និងបន្ដទៅកាន់ប្រទេស ថៃ ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
ប្រមុខការទូតចិនទស្សនកិច្ចតំបន់អាស៊ីគ្នេយ៍
ដោយ

ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិនរូបនេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិមើលឃើញថា គឺធ្វើឡើង ដើម្បីបង្ហាញពីគោលជំហខំប្រឹងប្រែងចុងក្រោយបង្អស់មួយរបស់ទីក្រុងប៉េកាំង ក្នុងការចែចូវប្រទេសអាស៊ីអាគ្នេយ៍ទាំងនេះ សម្រាប់ការប្រឆាំងនឹងការផ្សព្វផ្សាយផ្នែកការទូត និងសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់។

ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានចាប់ផ្តើមនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៣ខែកក្កដា ដោយលោកបានចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃយន្តការសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ (Lancang-Mekong) ។ វត្តមានរបស់លោក វ៉ាង យីនេះ ក៏ជាវត្តមានរបស់មន្ត្រីជាន់ខ្ពស់ចិន ដែលបានបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាលើកដំបូង ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំមុនមក។

រដ្ឋមន្ត្រីការបរទេសមកពីបណ្ដាប្រទេសជាប់ដងមេគង្គក្រោមចំនួន៥រួមមានវៀតណាម ថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជាផងដែរ ក៏នឹងត្រូវចូលរួមកិច្ចប្រជុំនេះដែរ នៅចំពេលមានភាពតានតឹងដែលកំពុងបន្តមានដោយសារការគ្រប់គ្រងធនធានទឹក និងការសាងសង់ទំនប់ទឹក។

ក្រោយពីបញ្ចប់ទស្សនកិច្ចនៅមីយ៉ាន់ម៉ា លោក វ៉ាង យី នឹងបន្តដំណើររបស់លោកទៅប្រទេសថៃ ដែលទីក្រុងបាងកកនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC នៅក្នុងខែវិច្ឆិកាខាងមុខ រួចនឹងបន្តដំណើរទៅប្រទេសហ្វីលីពីន បន្ទាប់មកទៀតនឹងទៅប្រទេសម៉ាឡេស៊ី មុនពេលចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីការបរទេសសម្រាប់កិច្ចប្រជុំជី២០នៅប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការឱ្យដឹងរបស់ក្រសួងការបរទេសចិន។

លោក ចូវ លីជាំង (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិនបានរៀបរាប់ប្រទេសមីយ៉ាន់ម៉ាថាជា«ដៃគូសំខាន់ដែលចែករំលែកផលប្រយោជន៍រួមគ្នាដ៏ច្រើន និងស្វែងរកការអភិវឌ្ឍរួមគ្នា»ជាមួយប្រទេសចិនដោយបន្ថែមថា ដំណើររបស់លោក វ៉ាង យី នេះបានធ្វើឡើងចំពេលដែលពិភពលោក «ពោរពេញទៅដោយភាពចលាចល និងការផ្លាស់ប្តូរ»។

មន្ត្រីនាំពាក្យរូបនេះបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងសង្ឃឹមថា នឹងបង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រ ធ្វើការសម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវដែលមានគុណភាពខ្ពស់ ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច និងលើកកម្ពស់សន្តិភាពនិងភាពស្ងប់ស្ងាត់។

ក្នុងរយៈពេលពីរបីសប្តាហ៍មកនេះលោក Wang មមាញឹកក្នុងការធ្វើដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងត្បូង និងអាស៊ីកណ្តាលដើម្បីកៀងគរការគាំទ្រសម្រាប់ទីក្រុងប៉េកាំងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា គោលនយោបាយវាយលុកដ៏ទាក់ទាញរបស់រដ្ឋការលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅក្នុងតំបន់នេះ កំពុងនាំឲ្យឥទ្ធិពលចិនក្នុងតំបន់ថមថយចុះ។

លោក ចាង មីងលាំង (Zhang Mingliang) អ្នកឯកទេសកិច្ចការអាស៊ីអាគ្នេយ៍មកពីសកលវិទ្យាល័យ Jinan ក្នុងទីក្រុងហ្ក័ងស៊ូ (Guangzhou) បាននិយាយថា ដំណើររបស់លោកវ៉ាង យី គឺជា«ចលនាដែលគេបានគិតគូរយ៉ាងទូលំទូលាយ»ដើម្បីព្យាយាមសុំការគាំទ្រពីប្រទេសទាំងអស់នៅក្នុងតំបន់៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហជីពក្រុមហ៊ុនផលិតរថយន្ត Hyundai Motor បោះឆ្នោតគាំទ្រដើម្បីធ្វើកូដកម្ម ក្រោយការជជែកគ្នាជាប់គាំង

ព័ត៌មាន
ក្រុមកម្មករនៃសហជីពក្រុមហ៊ុនផលិតរថយន្ត Hyundai Motor នៅប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោតគាំទ្រពីលទ្ធភាព ដែលអាចឈាដល់ការធ្វើកូដកម្មជាលើកដំបូង…

សមាជិកសភាហុងកុងមួយរូបធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្រោយពីបានថតរូបជាមួយលោកស៊ី ជីនពីង

ព័ត៌មាន
យោងទៅប្រភពចច្បាស់ការមួយចេញថ្ងៃអាទិត្យ ទី៣ ខែកក្កដានេះ សមាជិកសភាហុងកុងម្នាក់ដែលបានជួប និងថតរូបជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីន ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ